ភ្នំពេញៈ មន្ត្រីជំនាញនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនស៊ីម៉ាក់ ចំនួន ៦០០ នាក់ រួម នឹងសុនខហិតមីនចំនួន ១៣ ក្រុម ចាប់ផ្តើមបើកប្រតិបត្តិការបោសសម្អាតមីនក្នុងខេត្តចំនួន ៥ ដើម្បីឈានដល់គោលដៅសម្រេចឱ្យបាននូវផ្ទៃដីកម្ពុជាគ្មានមីនត្រឹមឆ្នាំ ២០២៥។
អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា នៅព្រឹកថ្ងៃទី ១ ខែកុម្ភៈនេះ បានចូលរួមធ្វើជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រី និងកម្លាំងប្រតិបត្តិការក្នុងគម្រោងមូលនិធិកម្ពុជាគ្មានមីនឆ្នាំ ២០២៥ និងប្រកាសបើកប្រតិបត្តិការបោសម្អាតមីនក្នុងគម្រោង “មូលនិធិកម្ពុជាគ្មានមីនឆ្នាំ ២០២៥”។ ពិធីសំណេះសំណាលនេះរៀបចំឡើង នៅសារមន្ទីរសន្តិភាពសកម្មភាពមីន ខេត្តសៀមរាប។
លោក ហេង រតនា ឱ្យដឹងថា៖«ប្រតិបត្តិការនេះនឹងអនុវត្តក្នុងខេត្តកំពង់ធំ ប៉ៃលិន ព្រះវិហារ ពោធិ៍សាត់ និងខេត្តសៀមរាប ជាមួយនឹងផែនការរំដោះផ្ទៃដីចំនួន ១០ ៦០០ ហិកតាហើយ និងមានកម្លាំងជំនាញនានារបស់អង្គភាពស៊ីម៉ាក់ចំនួនជិត ៦០០ នាក់ ក្នុងនោះមានសុនខហិតមីនចំនួន១៣ក្រុម កងអនុសេនាតូចគ្រឿងចក្រចំនួន២១កង និងក្រុមស្រាវជ្រាវ និងបោសសម្អាតមីនចំនួន៣៦ក្រុម»។
លោកឱ្យដឹងថា បច្ចុប្បន្នស៊ីម៉ាក់ទទួលបានថែមទៀតនូវគម្រោងមូលនិធិកម្ពុជាគ្មានមីនសម្រាប់បោសសម្អាតមីនក្នុងខេត្តចំនួន ៥ក្នុងនោះការបោសសម្អាតនៅខេត្តសៀមរាប មាននៅស្រុកអង្គរជុំ ស្រុកស្វាយលើ និងស្រុកវ៉ារិន ដែលមានផ្ទៃដីសុរប ២ ៥១៨ ហិកតា ខេត្តកំពង់ធំ មាននៅស្រុកស្វាយ ស្រុកប្រាសាទបាល័ង្ក ស្រុកសន្ទុក និងស្រុកស្ទោងមានផ្ទៃដីសរុប ៣៨៦០ ហិកតាខេត្តព្រះវិហារ មាននៅស្រុកជ័យសែន ស្រុកគូលេន ព្រះវិហារ ស្រុករវៀង ស្រុកសង្គមថ្មី និងស្រុកត្បែងមានជ័យ មានផ្ទៃដីសរុប ១ ១៣៧ ហិកតា។ ខេត្តប៉ៃលិន មាននៅស្រុកសាលាក្រៅ និងស្រុកប៉ៃលិន ផ្ទៃដី ១ ៧៦០ ហិកតា និងខេត្តពោធិ៍សាត់ មាននៅស្រុកកណ្តៀង ស្រុកភ្នំក្រវាញ និងស្រុកវាលវែង ដែលមានផ្ទៃដីសរុប ១ ៤៥៥ ហិកតា។
លោក ហេង រតនា បានឱ្យដឹងទៀតថាដោយឡែកចម្ការមីនក្នុងខេត្តកំពង់ស្ពឺនៅសល់ចំនួន ៨កន្លែងទៀត ស្មើនឹង ៥០ហិកតា កំពុងបន្តបោសសម្អាត បើតាមផែនការគ្រោងទុកនឹងបញ្ចប់ចម្ការមីនក្នុងខេត្តនេះត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។
កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៣ អាជ្ញាធរមីន បានចុះហត្ថលេខាជាមួយនឹងបញ្ជាការដ្ឋានកងទ័ពជើងគោកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ក្នុងគោលបំណងដើម្បីធ្វើការបោសសម្អាតមីនក្នុងទំហំផ្ទៃដីសរុបប្រមាណ ១៨០ ២៧៨ ៨១៧ ម៉ែត្រក្រឡា ដោយប្រើប្រាស់ថវិកាសរុបចំនួន ៣០លានដុល្លារសហអាមេរិក តាមរយៈ “មូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥” និងគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ថវិកានេះ នឹងត្រូវបានបែងចែកទៅដល់ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដើម្បីធ្វើការបោសសម្អាតលើផ្ទៃដីប្រមាណ ៤៦ ៨៤៣ ៧៤០ ម៉ែត្រក្រឡា នៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងក្រុងសំរោង ខេត្តឧត្តរមានជ័យ។ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ដើម្បីធ្វើការបោសសម្អាតមីនលើផ្ទៃដីប្រមាណ ២៧ ១១០ ៦៩៧ ម៉ែត្រក្រឡា នៅក្នុងស្រុកស្នួល ខេត្តក្រចេះ ស្រុកគិរីសាគរ និងស្រុកកោះកុង ខេត្តកោះកុង និងខេត្តមណ្ឌលគិរី។ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដើម្បីធ្វើការបោសសម្អាតលើផ្ទៃដីប្រមាណ ១០៦ ៣២៤ ៣៨០ ម៉ែត្រក្រឡា នៅក្នុងខេត្តកំពង់ធំ ខេត្តប៉ៃលិន ខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ និងខេត្តសៀមរាប៕