លោកនាយករដ្ឋមន្ត្រីអំពាវនាវឱ្យយុវជនគោរពច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍ក្លាយជាឧបសគ្គថ្មីសម្រាប់សិស្ស

ភ្នំពេញៈ ដោយបានបង្ហាញក្តីបារម្ភពីករណីគ្រោះថ្នាក់ចរាចរណ៍ថា ជាមូលហេតុចម្បងមួយនៃការបាត់បង់ជីវិតនិងរងរបួសនៅកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវឱ្យយុវជនទាំងអស់ឱ្យគោរពច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍បាននិងកំពុងក្លាយជាឧបសគ្គដ៏ធំសម្រាប់សិស្សានុសិស្សនាពេលបច្ចុប្បន្ន។
ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេសAនិងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ ឆ្នាំ ២០២២ នាព្រឹកថ្ងៃទី ២ ខែកុម្ភៈ នៅសាល OCIC ជ្រោយចង្វារ លោក ហ៊ុន សែន បានលើកឡើងថា៖ «ចៅកើតនៅក្នុងកាលៈទេសៈនេ គឺចៅៗសំណាងណាស់»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ឧបសគ្គដំធំសម្រាប់សិស្សានុសិស្សនាពេលនេះគឺកត្តាគ្រោះថ្នាក់ចរាចរណ៍ដែលខុសពីឧបសគ្គរបស់យុវជនជំនាន់មុនគឺសង្គ្រាម ព្រោះភ្លើងសង្គ្រាមបានធ្វើឱ្យយុវជនសម័យមុនបាត់បង់ឱកាសសិក្សារៀនសូត្រ។
ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់សិស្សានុសិស្សទាំងអស់គោរពច្បាប់ចរាចរណ៍ និងមានការប្រយ័ត្នខ្ពស់ជាប់ជានិច្ច ព្រោះគ្រោះថ្នាក់ចរាចរណ៍ គឺជាមូលហេតុនៃការស្លាប់នាំមុខគេនៅកម្ពុជាដែលមិនត្រឹមតែបានបំផ្លាញអាយុជីរិតមនុស្សប៉ុណ្ណោះទេ តែវាក៏បានប៉ះពាល់ដល់ការអភិវឌ្ឍរបស់កម្ពុជាថែមទៀត។
លោកហ៊ុន សែន បានបន្តយ៉ាងដូច្នេះថា៖«ចៅៗ សំណាងរបស់ចៅៗនៅត្រង់ថា ចៅៗអត់ត្រូវការរត់លូន បញ្ហាចៅៗ គឺនៅសេសសល់ តែមិនមែនជាបញ្ហាធ្ងន់ធ្ងរដូចយុវជនសម័យមុនទេ ប៉ុន្តែនាពេលប្ចុប្បន្នបញ្ហាដែលចៅៗត្រូវប្រុងប្រយ័ត្នរឿងគ្រោះថ្នាក់ចរាចរណ៍ ព្រោះភាគច្រើនសិស្សរបស់យើងមានទាំងអ្នកជិះកង់ ជិះម៉ូតូ ដែលទាមទារឱ្យចៅៗគោរពច្បាប់ចរាចរណ៍ បើកបរត្រឹមត្រូវដែលចាំបាច់ត្រូវចាប់ផ្តើមពីខ្លួនឯងផ្ទាល់ ព្រោះចរាចរណ៍គឺជាឧបសគ្គសម័យថ្មីសម្រាប់ការសិក្សារបស់សិស្ស គឺស្ថិតនៅលើខ្លួនយើងដែលជាអ្នកបញ្ចៀសគ្រោះថ្នាក់នេះ»។
ជាងនេះទៅទៀត លោកនាយករដ្ឋមន្ត្រីក៏បានថ្លែងដែរថា ដើម្បីរួមចំណែកធានាសុវត្ថិភាពចរាចរណ៍ លោកក៏បានជំរុញឱ្យគ្រប់អង្គភាព គ្រប់មូលដ្ឋាន ត្រូវជំរុញការផ្សព្វផ្សាយអប់រំលើកទឹកចិត្តប្រជាពលរដ្ឋ ពិសេសយុវជនជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ឱ្យចូលរួមគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ។
ពាក់ព័ន្ធនឹងការលើកឡើងនេះ លោក គង់ សុវណ្ណ ស្ថាបនិក និងជាទីប្រឹក្សាយុទ្ធសាស្ត្ររបស់អង្គការខេមសេហ្វ បានថ្លែងថា បញ្ហាកត្តាហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនកើតឡើងដោយសារមនុស្សមានការធ្វេសប្រហែស ប្រញាប់ មិនអធ្យាស្រ័យក្នុងការបើកបរដោយបើកបរក្នុងល្បឿនលឿន បើកបរក្នុងឥទ្ធិពលគ្រឿងស្រវឹងជាដើមដែលជាហានិភ័យខ្ពស់ធ្វើឱ្យទំហំនៃគ្រោះថ្នាក់ចរាចរណ៍កាន់តែមានសភាពធ្ងន់ធ្ងរទៅៗ។
អ្នកជំនាញខាងសុវត្ថិភាពចរាចរណ៍រូបនេះ បានស្នើឱ្យប្រជាពលរដ្ឋ ពិសេសយុវជនសូមកុំឱ្យអ្នកបើកបរទាំងអស់ បើកបរក្នុងឥទ្ធិពលគ្រឿងស្រវឹងនិងបង្កើនការប្រុងប្រយ័ន្នខ្ពស់ ខណៈលោកក៏ចង់ឱ្យគ្រប់គ្នាត្រូវរួមគ្នាបន្តទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ដោយមិនបន្ធូរដៃផងដែរ។
យោងតាមរបាយការណ៍អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៣ បានឱ្យដឹងថា ពេញ ១ ឆ្នាំ ២០២២ បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា បានបណ្ដាលឱ្យមានមនុស្សស្លាប់ចំនួនជាង ១ ៧០០ នាក់ បើធៀបនឹងឆ្នាំ ២០២១ បានកើនឡើងដល់ ១៤ ភាគរយ ក្នុងនោះបានបញ្ជូនជនល្មើសបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ទៅតុលាការជាង ៣០០ នាក់។
របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍នេះ មានអ្នកស្លាប់ភាគច្រើននៅរាជធានីភ្នំពេញចំនួន ២៧២ នាក់ ខេត្តកណ្តាលចំនួន ១៥៧ នាក់ និងខេត្តកំពង់ចាមចំនួន ១៣១ នាក់។
ដោយឡែក ចំពោះមូលហេតុចម្បងដែលបានបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា គឺបណ្តាលមកពីការបើកបរដោយលើសល្បឿនកំណត់៣៩ភាគរយ មិនគោរពសិទ្ធិ ២៤ ភាគរយ មិនប្រកាន់ស្ដាំ ១១ ភាគរយ វ៉ាជែង ១០ ភាគរយ បត់ ៩ ភាគរយ ស្រវឹង ៤ ភាគរយ កត្តាយានយន្ត ៣ ភាគរយ និងងងុយ ១ ភាគរយ។ ជាងនេះទៀតក្នុងចំណោមជនរងគ្រោះជិះម៉ូតូសរុបជាង ៤ ពាន់នាក់ គឺមានអ្នកមិនពាក់មួកសុវត្ថិភាពជាង៣ពាន់នាក់ដែលភាគច្រើនមិនពាក់នៅពេលយប់៕