ភ្នំពេញៈ មជ្ឈមណ្ឌល​វេជ្ជសាស្ដ្រ ​Hebron (HMC) រ​បស់កូរ៉េ ជា​អង្គការ​វេជ្ជសាស្ដ្រ​មិន​រក​ប្រាក់​ចំណេញ ​បាន​សហការ​ជាមួយ​វេជ្ជបណ្ឌិត​មកពី​ប្រទេស​កាណាដា ​ទទួល​ការព្យាបាល​ជំងឺ​បបូរ​មាត់​ឆែប ​ក្រអូម​មាត់​ និង​រលាក​ស្លាកស្នាម​ ដោយ​ឥត​គិតថ្លៃ​ទាំង ​ការពិនិត្យ​ និង​ព្យាបាល​។


លោក​នៅ​ មករា ​បុគ្គលិក​ផ្នែក​ផ្ដល់​ព័ត៌មាន​នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​នេះ ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍ថា​៖ «នៅ​ក្នុង​ខែ​កុម្ភៈ​នេះ​ ចាប់​ពី​ថ្ងៃទី ៦ ​ដល់​ថ្ងៃទី ៩​ មជ្ឈមណ្ឌល​ និង​ក្រុម​គ្រូ​ពេទ្យ​មក​ពី​ប្រទេស​កាណាដា ​នឹង​ផ្ដល់​ការពិនិត្យ​ ព្យាបាល ​និង​វះកាត់​ជំងឺ​ខាង​លើ​ រួមទាំង​បញ្ហា​សម្លាក​ផ្សេងៗ»។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ​មជ្ឈមណ្ឌល​វេជ្ជសាស្ដ្រ​ Hebron (HMC)​ ត្រូវបាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០០៧ ​ដោយ​វេជ្ជបណ្ឌិត​ Woojung Kim​ដែល​ផ្ដល់​ជំនួយ​ផ្នែក​វេជ្ជសាស្ដ្រ​ប្រកប​ដោយ​ស្ដង់ដា​ដល់​ប្រជាជន​កម្ពុជា​ខ្វះខាត​។ មជ្ឈ​មណ្ឌល​កូរ៉េ​មួយ​នេះ ​បាន​ផ្ដល់​ការព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​ដល់​អ្នកជំងឺ​ជាង​ ៥ ម៉ឺន​នាក់​ និង​វះកាត់​រាប់​ពាន់​នាក់​ក្នុង​ ១ ​ឆ្នាំៗ។


អង្គការ​មជ្ឈមណ្ឌល​វេជ្ជសាស្ដ្រ ​Hebron(HMC) ​សហការ ​និង​ទទួល​មូលនិធិ​នៃ​អង្គការ ​WITHHEBRON​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ​ខាង​ត្បូង ​សម្រាប់​ប្រតិបត្ដិការ​ទាំង​នៅ​កម្ពុជា ​និង​កូរ៉េ។

លោក នៅ ​មករា ​បាន​ថ្លែងថា​៖ «សូម​អ្នក​ជំងឺ​ដែល​មាន​អាការ​ខាងលើ​មក​ចុះ​ឈ្មោះ​ និង​ទទួល​ការ​ព្យាបាល​តាម​កាលបរិច្ឆេទ​ខាង​លើ​។ ថ្វីដ្បិតតែ​ចំពោះ​ចំនួន​អ្នក​ជំងឺ​មក​ទទួល​ការព្យាបាល​មិន​ទាន់​មាន​ការកំណត់​យ៉ាង​ណា​ក៏ដោយ​ ក៏​អ្នក​ជំងឺ​គួរតែ​រួស​រាន់»។


យោង​តាម​ការ​ចុះ​ផ្សាយ​របស់​មជ្ឈមណ្ឌល​វេជ្ជសាស្ដ្រ ​Hebron (HMC)​ បាន​ឱ្យ​ដឹង​ថា​ អ្នក​ជំងឺ​ត្រូវបាន​តម្រូវ​ឱ្យ​ផ្ដល់​ព័ត៌​មាន​ត្រួសៗ ដូចជា​អាយុ ​ភេទ​ រូបថត​នៃ​ដំបៅ​រួមទាំង​សភាព​បបូរ​មាត់​ឆែប ​ក្រអូម​មាត់ ​ឬ​រលាក​ស្លាក​ស្នាម​។

សម្រាប់​ព័ត៌មាន​លម្អិត​សូម​ចូល​ទៅកាន់​វេបសាយ​​ hebronshortterm@gmail.com ​ឬ​លេខ​ទូរស័ព្ទ ​០២៣ ៦៣ ៣៦ ១១៩។

មជ្ឈមណ្ឌល​វេជ្ជសាស្ដ្រ ​Hebron (HMC)​ ស្ថិត​នៅ​ផ្ទះលេខ ​១០២ ​ផ្លូវ​ ៦៨ខេ ​រាជធានី​ភ្នំពេញ​៕