អ្នកចូលរួមក្នុងអង្គពិធីស្រពាប់ស្រពោន ខណៈឪពុកម្ដាយឡើងទទួលសញ្ញាបត្រជំនួសកូនដែលស្លាប់
ស្វាយរៀង: ទឹកមុខនិស្សិត និងឪពុកម្ដាយគ្រប់រូប រួមទាំងគណៈអធិបតីដែលពោរពេញដោយស្នាមញញឹម ប្រែក្លាយជាស្រពាប់ស្រពោន និងជំនួសមកវិញនូវភាពក្ដុកក្ដួល និងទឹកភ្នែក នៅពេលប្ដី ប្រពន្ធវ័យ ៥០ ឆ្នាំ ប្លាយ ១ គូ គ្រងឯកសណ្ឋានបញ្ចប់ការសិក្សាឡើងទទួលសញ្ញាបត្រជំនួសកូន ដែលលែងមានវត្ដមាននៅលើលោកនេះ។
ពេលគណៈអធិបតីប្រគល់សញ្ញាបត្ររបស់កូនប្រុស ជូនដល់ឪពុកម្តាយភ្លាម ស្ត្រីជាម្ដាយបានស្រែកដង្ហើយប្រាប់ព្រលឹងកូន មុនពេលសំឡេងយំឮឡើងក្នុងសាលកម្មវិធីថា៖ «កូនអើយ! ម៉ែមកទទួលសញ្ញាបត្រជូនកូនហើយ! ម៉ែ នឹងយកទៅធ្វើបុណ្យដាក់វាឱ្យកូន ធា អើយ !»។
រូបភាព និងវីដេអូឃ្លីបដែលឪពុកម្ដាយជាកសិករ ខំត្រដរមកទទួលសញ្ញាបត្រនៅចំពោះមុខលោក ទុំ សារ៉ាវុធ ជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យស្វាយរៀង (SRU) ដែលព្យាយាមសម្រួលអារម្មណ៍ដល់ស្ដ្រីជាម្ដាយ ត្រូវបានចែកចាយពាសពេញបណ្ដាញសង្គម ដោយអ្នកប្រើប្រាស់ហ្វេសប៊ុក និង TikTok សរសេរមតិចូលរួមរំលែកទុក្ខ និងកោតសរសើរចំពោះការខិតខំទាំងកូនប្រុស និងទឹកចិត្ដឪពុកម្ដាយ។
អ្នកស្រី សម ថាវី បានសរសេរនៅលើហ្វេសប៊ុករបស់អ្នកស្រីដោយភ្ជាប់ទាំងរូបភាព និងវីដេអូថា៖ «វាជាអារម្មណ៍ខ្លោចផ្សាសោកសង្រេងបំផុត ប្រសិនបើអ្នកទាំងអស់គ្នានៅក្នុងហេតុការណ៍មួយនេះ គឺនៅពេលឪពុកម្ដាយនិស្សិត និងជាយុវជនស្ម័គ្រចិត្ដអង្គរសង្ក្រាន្ត ឈរជើងនៅគោលដៅលានជល់ដំរី មកទទួលសញ្ញាបត្ររបស់កូនប្រុសជាទីស្រឡាញ់»។
លោក ឆាន សទ្ធា ជាកូនប្រុសច្បងក្នុងចំណោមកូន ៥ នាក់របស់លោក ប្រុក ធឹក និងអ្នកស្រី លន់ ផល្លី ជាកសិករ និងជាជាងសំណង់ បានទទួលមរណភាព នៅពេលលោកជួយការងារសំណង់ឪពុកដោយសារចរន្តភ្លើងឆក់។
កូនប្រុសច្បង ដែលបានបញ្ចប់ការសិក្សាផ្នែកគណិតវិទ្យា នៅសាកលវិទ្យាល័យស្វាយរៀងក្នុងឆ្នាំ ២០១៩ រូបនេះ បានក្រាបបង្គំសុំឪពុកម្ដាយ បន្ដការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅរាជធានីភ្នំពេញនៅសាកលវិទ្យាល័យភូមិន្ទរដ្ឋបាល។
លោក ប្រុក ធឹក អាយុ ៥២ ឆ្នាំ បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ក្រោយទទួលជំនួយជាប្រាក់ ៥០ ម៉ឺនរៀល សម្រាប់ធ្វើបុណ្យកសាងខឿនរក្សាធាតុយុវជន សទ្ធា ថា៖ «ប៉ុន្ដែដោយសារបញ្ហាកូវីដ ១៩ គាត់ក៏ឆ្លៀតពេលបំពេញការងារនៅផ្នែករដ្ឋបាលក្នុងក្រុមហ៊ុនឯកជនមួយ នៅខេត្ដស្វាយរៀងនេះ ដើម្បីជួយដល់ជីវភាពគ្រួសាររយៈពេលជាង១ ឆ្នាំ»។
ដោយសុំច្បាប់ពីការងារមកសម្រាកនៅផ្ទះប៉ុន្មានថ្ងៃ ដើម្បីរៀបចំពាក្យប្រឡងចូលគ្រូបង្រៀន សទ្ធា ដែលជាយុវជនស្ម័គ្រចិត្ដអង្គរសង្ក្រាន្ត បានដាក់ពាក្យប្រឡងក្របខ័ណ្ឌគ្រូទាំងថ្នាក់ឧត្ដម មធ្យម និងបឋម។
លោក ធឹក ដែលកូនទាំង ៥ នាក់របស់លោកសុទ្ធតែកំពុងសិក្សា ដោយកូនទី២ និងទី៣ សិក្សានៅសាកលវិទ្យាល័យ និងបម្រើការងារជួយផ្គត់ផ្គង់គ្រួសារ ខណៈកូនទី៤ និងកូនពៅ កំពុងសិក្សានៅកម្រិតវិទ្យាល័យ បានឱ្យដឹងថា៖ «ពួកខ្ញុំខិតខំសន្សំប្រាក់កាក់តិចតួចដើម្បីឱ្យកូនៗបានរៀន អស់ដៃអស់ជើងហើយ។ សូម្បីតែផ្ទះ ដែលខ្ញុំជាជាងខ្លួនឯង ក៏ធ្វើមិនទៅមុខដែរ រយៈពេលជាង ១០ ឆ្នាំហើយ ដោយសារខ្វះថវិកា បង្វែរលុយឱ្យកូនៗរៀន»។
ថ្ងៃមួយ កាលពីខែសីហា ឆ្នាំ ២០២២ នៅពេលទំនេរពីការងារ យុវជន សទ្ធា បាននាំប្អូនឆ្លៀតពេលទៅជួយការងារម៉ៅការសំណង់តិចតួចរបស់ឪពុក។ ប៉ុន្ដែអកុសល ហេតុការណ៍អាក្រក់បានកើតឡើង ចំពោះកូនប្រុសច្បងរបស់លោក ដោយ សទ្ធា ត្រូវបានខ្សែភ្លើងឆក់ស្លាប់នៅក្រោមផ្ទះកំពុងសាងសង់ ខណៈប្អូនៗធ្វើការងារនៅខាងលើផ្ទះ។
លោក ធឹក រំឭកហេតុការណ៍ទាំងអួលដើមកថា៖ «វាបានកើតឡើងនៅម៉ោង ៣ រសៀល ពេលគាត់ទើបបានបាញ់ដែកគោលនៅលើសសរម្ខាង ២ រន្ធ ដើម្បីរៀបឥដ្ឋ ដើម្បីបន្ធូរដៃដល់ឪពុក។ មិនដឹងចៃដន្យអី ពេលនោះ ភ្លៀងទើបរាំង គាត់យកដៃម្ខាងដកព្រីភ្លើង ហើយក៏ឆ្លងចរន្ដឆក់ ដួលស្លាប់មួយរំពេច»។
បុរសជាឪពុកដែលបានប្រាប់កូនឱ្យផ្អាកការងារសិន មុនពេលលោកត្រឡប់មកពីមើលស្រែវិញថា៖ «ប្អូនៗឡើងដោះពុម្ពនៅខាងលើ ហើយ សទ្ធា រៀបចំរៀបឥដ្ឋនៅខាងក្រោមផ្ទះម្នាក់ឯង។ ពេលកូនប្រុសទី ៣ ខលមកប្រាប់ថា បងប្រុសត្រូវខ្សែភ្លើងឆក់ស្លាប់ បេះដូងរបស់ខ្ញុំ ស្ទើរតែគាំងមួយរំពេច»។
ពេលបានឮដំណឹងដ៏អាក្រក់នេះ ទាំងម្ដាយ និងឪពុក ក៏សន្លប់បាត់មាត់បាត់ក លែងដឹងថា សពរបស់កូនត្រូវបានអ្នកភូមិជួយដឹកមកផ្ទះ ហើយលោក ខិតខំប្រឹងពង្រឹងស្មារតីក្រោកមករៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
ពេលទទួលដំណឹងថា សាកលវិទ្យាល័យ នឹងរៀបចំពិធីចែកសញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សានៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកស្រី ម៉ែន សំអន លោក ធឹក និងភរិយា ដោយជិតដល់ថ្ងៃធ្វើបុណ្យឆ្លងខឿនដាក់ធាតុកូន ក៏ដាច់ចិត្ដទៅសុំសាលានាពេលល្ងាចដើម្បីបានឡើងតំណាងឱ្យកូនប្រុសទទួលសញ្ញាបត្រ។
ក្នុងសំឡេងយំខ្សឹកខ្សួលតិចៗ លោក ធឹក បាននិយាយថា៖ «កូនខ្ញុំស្លាប់អ៊ីចឹង ខ្ញុំអាចទទួលជំនួសបានអត់? ហើយលោកជំទាវ សម ថាវី ដែលបានស្គាល់កូនប្រុសខ្ញុំ បានរៀបចំឱ្យពួកខ្ញុំឡើងទទួលជំនួស»។
លោក ធឹក ជាឪពុកទើបដឹងថា កូនប្រុសរបស់លោក ជានិស្សិតឆ្នើម ១ រូប ប្រចាំសាកលវិទ្យាល័យនៅពេលលោក និងភរិយាស្នើសុំសាលាទៅទទួលសញ្ញាបត្រជំនួសកូន។
លោកបានបន្ដថា៖ «ពេលឡើងទៅទទួលសញ្ញាបត្រ លោកគ្រូនាយកថា សទ្ធា ជានិស្សិតឆ្នើមលេខ ១ ក្នុងចំណោមឆ្នាំសិក្សាជំនាន់គាត់។ ពេលនោះ ម្នាក់ៗក៏នាំគ្នាយំ រួមទាំង ឯកឧត្ដម ទុំ សារ៉ាវុធ ដែលបានរៀបចំឯកសណ្ឋានឱ្យពួកខ្ញុំពាក់»។
ជាមួយនឹងសញ្ញាបត្របរិញ្ញាបត្ររង និងបរិញ្ញាបត្រ ឪពុកម្ដាយ ដែលកាត់កេរ្ដិ៍កាត់ខ្មាស់សុំទទួលសញ្ញាបត្រជំនួសសពកូន គ្រោងយកសមិទ្ធផលពីការអប់រំរៀបចំទុកដាក់តម្កល់នៅក្បែរធាតុរបស់កូន។
ធាតុរបស់កូនដែលត្រូវបានធ្វើបុណ្យ និងបូជារួច នឹងតម្កល់នៅខឿនមុខផ្ទះ ដោយលោក ធឹក បន្ដសង់ដំបូលប្រក់ខឿនស្ថិតនៅខាងត្បូងផ្ទះ។
លោកឪពុក ដែលនៅតែមានវិប្បដិសារីក្នុងការបណ្ដែតបណ្ដោយឱ្យកូនជួយរំលែកការងារសំណង់ពីខ្លួនដោយជួបនឹងហេតុការណ៍អាក្រក់នេះ បាននិយាយថា៖ «យើងខ្ញុំនឹងដាក់សញ្ញាបត្រទាំងអស់ ជាមួយរូបថតនៅក្នុងខឿនដើម្បីលម្អកន្លែងកូន»។
លោកបាននិយាយទាំងសំឡេងអួលណែនថា៖ «នៅពេលឡើងវេទិកាថ្ងៃទទួលសញ្ញាបត្រ ទាំងខ្ញុំ និងប្រពន្ធខ្ញុំបានស្រែកឧទ្ទិសជូនកូន ឱ្យកូនមកទទួលសញ្ញាបត្រ។ ឪពុកម្ដាយមកទទួលសញ្ញាបត្រជំនួសកូន និងឧទ្ទិសឱ្យកូន កើតជាតិណាៗឱ្យកូនបានរៀនឆ្លាតវៃដូចជាតិនេះ»។
ពាក់ព័ន្ធនឹងបញ្ហាសុវត្ថិភាពអគ្គិសនី ដែលប្រជាជនខ្មែរជាច្រើនហាក់មិនសូវយកចិត្ដទុកដាក់ លោក ស្រ៊ុន ចាន់ណារ៉េត សាស្ដ្រាចារ្យមហាវិទ្យាល័យ អេឡិចត្រូនិក នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានឱ្យដឹងថា ការរៀបចំ ការតបណ្ដាញ និងជួសជុលអគ្គិសនី ទាមទារអ្នកមានជំនាញពិតប្រាកដ ជាពិសេសចៀសវាងការដាក់ខ្សែព្រីនៅក្បែរកន្លែងសើម។
លោកបានបន្ដថា៖ «ពួកគេត្រូវមានឈុតសម្លៀកបំពាក់ រួមទាំង ស្បែកជើង និងសម្ភារផ្សេងៗដែលជំនួយពេលបំពេញភារកិច្ចជាមួយអគ្គិសនី។ យើងមិនអាចធ្វើឱ្យតែបានៗ ទាំងការរៀបចំបណ្ដាញខ្សែភ្លើង និងការជួសជុលដែលយើងត្រូវប្រើប្រាស់សម្ភារទៅតាមបច្ចេកទេស»។
សាស្ដ្រាចារ្យមហាវិទ្យាល័យ អេឡិចត្រូនិក រូបនេះបានឱ្យដឹងថា សុវត្ថិភាពការងារ គឺជាមុខវិជ្ជាសិក្សាមួយនៅវិទ្យាស្ថាន ដែលនិស្សិតត្រូវបានបង្រៀនសង្គ្រោះបឋម។
លោក ចាន់ណារ៉េត បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ជាទូទៅ ការតបណ្ដាញភ្លើង ត្រូវតែមានគ្នា ដោយមិនអាចធ្វើតែឯងនោះទេ ដើម្បីជួយសង្គ្រោះគ្នា នៅពេលជួបបញ្ហាឆក់ជាដើម។ គាត់អាចរត់ទៅបិទកុងតាក់ ឬឌីសង់ទ័រ ហើយបើត្រូវសង្គ្រោះបន្ទាន់ភ្លាម គាត់អាចយកក្រណាត់ទៅទាញមនុស្សម្នាក់កំពុងឆក់ ដោយមិនត្រូវស្លន់ស្លោទៅប៉ះពាល់ផ្ទាល់ជាមួយជនរងគ្រោះឡើយ»។
លោកទទួលស្គាល់ថា នៅតាមផ្ទះជាច្រើន ជាពិសេសនៅតំបន់ជនបទ នៅមានការប្រើប្រាស់បារ៉ែតភ្លើង កាច់បិទបើកនឹងដៃ។ ការប្រើប្រាស់ខ្សែភ្លើងកម្រិត ៣ ឬ ៥ អំពែរ ខណៈឧបករណ៍ប្រើប្រាស់មានកម្រិតប៉ុនគ្នានេះ វាអាចបង្កហានិភ័យទុស្សេខ្សែភ្លើង៕