នគរបាលស្រុកឯកភ្នំរឹបអូសឧបករណ៍នេសាទខុសច្បាប់រាប់រយម៉ែត្រ និងបង្គោលជាង ១០០ដើម

បាត់ដំបងៈ អធិការនគរបាលស្រុកឯកភ្នំលោកវរសេនីយ៍ឯក ឡុង យោធាវីរៈបានចាត់តាំងកម្លាំងសហការជាមួយកម្លាំងចម្រុះក្នុងមូលដ្ឋានស្រុកបានបង្រ្កាបបទល្មើសនេសាទនៅចំណុចអូរកូនប្រឹស ព្រែកស្ទឹងចាស់ អតីតឡូត៍នេសាទលេខ២បាត់ដំបងក្នុងភូមិកំពង់ប្រហុក ឃុំកោះជីវាំង ស្រុកឯកភ្នំ ដែលបានដាក់បិទព្រែកក្នុងតំបន់អភិរក្សពូជត្រី។
យោងតាមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនៅថ្ងៃទី២ខែកុម្ភៈបានឱ្យដឹងថា លទ្ធផលដែលបង្រ្កាបបានរួមមាន៖ ឡុកសម្រាប់ចាប់ត្រីចំនួន ១គ្រឿង បង្គោលចំនួន ៥៥ ដើម សាច់មងក្រឡាញឹកប្រវែង ១៥០ ម៉ែត្រ។
ក្រៅពីនោះនៅវេលាម៉ោង ១៤ និង ១៥ នាទីថ្ងៃខែឆ្នាំដដែលនោះ កម្លាំងក៏បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ នៅកន្លែងអភិរក្សពូជត្រីនៅអូរតេជ: ដែលបានដាក់បិទព្រែកថ្វាង អតីតឡូត៍នេសាទលេខ ៤ ស្ថិតនៅក្នុងភូមិថ្វាង ឃុំកោះជីវាំង ស្រុកឯកភ្នំផងដែរ។ លទ្ធផលដែលបង្ក្រាបបានរួមមាន៖សាច់ដៃចាប់ត្រីចំនួន ២ សាច់ដៃ ឡុកសម្រាប់ត្រីចំនួន ២ គ្រឿង បង្គោលចំនួន ៩០ដើមនិងសាច់មងក្រឡាញឹកប្រវែង ២០០ ម៉ែត្រ។ សម្ភារខាងលើត្រូវបានសមត្ថកិច្ចបំផ្លាញចោលនៅនឹងកន្លែងតែម្តង៕