លោក ហ៊ុន សែន ណែនាំឱ្យទប់ស្កាត់ការពារកុំឱ្យជំងឺកូវីដឆ្លងចូលសាលារៀន

ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំទៅដល់គ្រប់សាលារៀនទាំងអស់ត្រូវទប់ស្កាត់ធ្វើយ៉ាងណាកុំឱ្យមេរោគកូវីដ ១៩ ឆ្លងចូលក្នុងសាលារៀនឱ្យសោះ ហើយត្រូវខិតខំទប់ស្កាត់ ការពារកុំឱ្យមានការរីករាលដាលតាមរយៈការអនុវត្តវិធានការសុខាភិបាល។
លោកបានថ្លែងដូចនេះនាថ្ងៃទី ២ កុម្ភៈ ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា ២០២១-២០២២ សរុបជាង ១ ពាន់នាក់។ ជំនួបសំណេះសំណាលនេះធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
លោក ហ៊ុន សែន ថ្លែងថា៖ «ឆ្នាំនេះ បញ្ហាកូវីដ ១៩ បានធូរស្រាល ហើយការធូរស្រាលនេះវាក៏មានការរួមចំណែករបស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅទូទាំងប្រទេស ហើយក៏សុំឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សបន្តខិតខំធ្វើយ៉ាងណាកុំឱ្យសាលារបស់យើងមានកូវីដ ហើយប្រសិនបើមានក៏ត្រូវខិតខំធ្វើយ៉ាងណាកុំឱ្យមានការរីករាលដាលដោយត្រូវជំរុញឱ្យមានការអនុវត្តវិធានការសុខាភិបាលឱ្យបានត្រឹមត្រូវ»។
ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់បន្តទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ ១៩ ដោយមិនអាចមានការធ្វេសប្រហែសបានទេដោយសារកូវីដ ១៩ មិនទាន់ទៅណាឡើយ។
លោកបញ្ជាក់ថា៖ «យើងមិនត្រូវបាត់ការប្រុងប្រយ័ត្ននោះទេ ហើយត្រូវគ្រប់គ្រងឱ្យបានទាក់ទងនឹងកូវីដនេះ ហើយរឿងកន្លងទៅដែលយើងប្រញាប់បិទសាលាភ្លាមៗគឺកង្វល់ដ៏ធំបំផុតរបស់យើងគឺបារម្ភរឿងគ្រូបង្រៀន និងសិស្សដែលអាចនឹងមានការស្លាប់ និងមានការរីករាលដាលខ្លាំង»។
វិធានការសុខាភិបាល «៣ កុំ ៣ ការពារ» នៅតែមានប្រសិទ្ធភាព ហើយលោកនាយករដ្ឋមន្ត្រី សង្ឃឹមថា លោកគ្រូ អ្នកគ្រូ នឹងនៅតែបន្តការយកចិត្តទុកដាក់ រួមទាំងគ្រប់មជ្ឈដ្ឋានទាំងអស់ត្រូវរួមគ្នា និងយកចិត្តទុកដាក់ឱ្យសាលារៀនក្លាយទៅជាទីកន្លែងនៃការចង់ទៅរបស់សិស្ស។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក១៩) បានលើកឡើងកាលពីថ្ងៃទី ៣១ មករាថា សិស្សានុសិស្ស ប្រជាពលរដ្ឋ កម្មករកម្មការិនីទាំងអស់ កុំពន្យារពេលចាក់វ៉ាក់សាំងដូសជំរុញលើសពីរយៈពេលដែលក្រសួងសុខាភិបាលបានកំណត់។
លោកស្រីបានបញ្ជាក់ថា៖ «រយៈពេលពីដូសជំរុញ ១ ទៅដូសជំរុញ ១ ទៀត គឺពី ៤ ទៅ ៦ ខែ និងពី ៣ ខែឡើងទៅ សម្រាប់អ្នកជាសះស្បើយពីជំងឺកូវីដ ១៩ ហើយត្រូវចងចាំថ្ងៃខែឆ្នាំដែលបុគ្គលបានចាក់ដូសចុងក្រោយ សម្រាប់ការចាក់ដូសបន្តបន្ទាប់ទៀតនៅពេលដល់វេនចាក់ដោយមិនហួសពេលយូរពេកដែលធ្វើឱ្យកងការពារក្នុងសរីរាង្គកាយបុគ្គលនឹងធ្លាក់ចុះខ្សោយ ឬចុះអស់តែម្តង»។
ទាក់ទងនឹងការចាក់វ៉ាក់សាំងកូវីដ ១៩ នេះដែរលោកស្រីក៏បានណែនាំទៅដល់គណៈនាយកសាលា ឱ្យបន្តយកចិត្តទុកដាក់ដល់ការចាក់វ៉ាក់សាំងកូវីដ ១៩ ដល់សិស្សានុសិស្ស និងអ្នកគ្រូលោកគ្រូព្រមទាំងបុគ្គលិកសាលារបស់ខ្លួន ដោយរៀបចំកាលវិភាគ ដើម្បីឱ្យក្រុមគ្រូពេទ្យមកផ្ដល់សេវាការចាក់វ៉ាក់សាំងកូវីដ ១៩ នៅសាលាផ្ទាល់តែម្ដង ទៅតាមវេន និងបន្តការអនុវត្តវិធានការអប់រំ ការពារ បង្ការ និងទប់ស្កាត់ការរីករាលដាល ឬផ្ទុះឡើងសាជាថ្មីនៃជំងឺឆ្លងដ៏កាចសាហាវនេះជាបន្តទៀត។
សូមបញ្ជាក់ថា បច្ចុប្បន្នទីតាំងចាក់វ៉ាក់សាំងកូវីដ ១៩ មាននៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ទូទាំង ២៥ រាជធានី-ខេត្ត និងតាមមន្ទីរពេទ្យជាតិដែលផ្តល់ភាពងាយស្រួលជូនដល់ពលរដ្ឋអាចទៅទទួលវ៉ាក់សាំងបាន។
បើតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ១ កុម្ភៈ ឆ្នាំ ២០២៣ លទ្ធផលការចាក់វ៉ាក់សាំងកូវីដធៀបនឹងចំនួនប្រជាជនសរុប ១៦ លាននាក់ចាក់បាន ៩៥,៣៩%។
សម្រាប់អត្រាចាក់ដូសទី៣ មានជាង ១០,៥ លាននាក់ ដូសទី ៤ មានជិត ៥ លាននាក់ ដូសទី ៥ ជាង ១,៥ លាននាក់ និងដូសទី៦ មានជាង ១៦ ម៉ឺននាក់៕