
អាជ្ញាធរជាតិអប្សរាកាត់ដក និងក្រីមែកឈើទាលមួយចំនួន ដែលអាចបង្កហានិភ័យខ្ពស់ដល់ភ្ញៀវទេសចរ។ រូបថតអាជ្ញាធរជាតិអប្សរា
សៀមរាបៈ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរាបានបន្តកាត់ដក និងក្រីមែកឈើទាលមួយចំនួន ដែលអាចបង្កហានិភ័យខ្ពស់ដល់ភ្ញៀវទេសចរឆ្លងកាត់មកទស្សនាប្រាសាទ។
យោងតាមអាជ្ញាធរជាតិអប្សរានៅថ្ងៃទី៣ខែកុម្ភៈនេះបានឱ្យដឹងថា ការកាត់ដក ក្រីមែកឈើ ដែលងាប់ជាយូរមកហើយ។ មែក និងគល់របស់វាពុកផុយជាអន្លើៗ ហើយការកាត់ដក និងកាត់ក្រីមែកឈើ គឺក្នុងគោលបំណងដើម្បីបង្ការ និងបញ្ចៀសគ្រោះថ្នាក់ ជួយសម្រាលទម្ងន់ដើមឈើ ចៀសវាងបាក់ធ្លាក់ ឬដួលរលំជាយថាហេតុផ្សេងៗ ដែលអាចបណ្តាលឱ្យប៉ះពាល់ នឹងអាចបាក់ធ្លាក់បង្កហានិភ័យចំពោះភ្ញៀវដើរឆ្លងកាត់ចេញចូលទស្សនាប្រាសាទ។
អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា៖«ការកាត់ដក និងកាត់ក្រីមែកឈើនៅតាមទីតាំងនានា ដើម្បីធានាសុវត្ថិភាពភ្ញៀវទេសចរ សាធារណជន ក៏ដូចជា ដើម្បីលើកកម្ពស់សោភ័ណភាពនៅតាមដងផ្លូវនិងតាមបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ»។
អំឡុងពេលអនុវត្តកិច្ចការងារនេះ ក្រុមការងារក៏បានរៀបចំផ្លូវវាងដើម្បីសម្រួលដល់ភ្ញៀវឆ្លងកាត់ និងបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗកំពុងកាត់។
អាជ្ញាធរជាតិអប្សរាក៏បានឱ្យដឹងផងដែរថា នេះជាការងារប្រចាំថ្ងៃរបស់អាជ្ញាធរជាតិអប្សរា ដើម្បីថែរក្សាទេសភាពវប្បធម៌ ក៏ដូចជា ថែរក្សាបរិស្ថានក្នុងរមណីយដ្ឋានអង្គរ។ អាជ្ញាធរជាតិអប្សរា ក៏បានអំពាវនាវដល់ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ សូមមានការយោគយល់ អធ្យាស្រ័យ និងចូលរួមសហការ ដើម្បីឱ្យការអនុវត្តការងារបានរលូន និងសុវត្ថិភាពខ្ពស់ទាំងអស់គ្នា៕