ត្បូងឃ្មុំៈ ពិធី​ចាប់​ត្រី​តាមបែប​បុរាណ ដែល​តែងតែមាន​អ្នកចូលរួម​រាប់ម៉ឺន​នាក់ ក្នុង​បឹង​ត្រពាំង​ក្រម ស្ថិតក្នុង​ភូមិ​សា​ទុំ ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ទី​ ១៨ ខែកុម្ភៈ ឆ្នាំ​ ២០២៣​ នេះ​។​


​លិខិត​រដ្ឋបាល​ស្រុក​មេមត់​នា​ថ្ងៃទី​ ៣១ ខែមករា ឆ្នាំ​ ២០២៣ បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ថា នៅ​ថ្ងៃ​សៅរ៍ ទី ​១៨ ខែកុម្ភៈ ឆ្នាំ​ ២០២៣ ចាប់ពី​ម៉ោង ៩:០០​ នាទី​ព្រឹក ​នៅក្នុង​បរិវេណ​បឹង​ត្រពាំង​ក្រម ភូមិ​សា​ទុំ ឃុំ​ជាំ​ក្រវៀន នឹង​រៀបចំ​ពិធី​ចុះ​ចាប់​ត្រី​តាមបែប​បុរាណ ក្រោម​អធិបតីភាព​លោក​ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ​។​

​ដំណើរការ​ចាប់​ត្រី​តាមបែប​បុរាណ​នេះ​នឹង​ការប្រើប្រាស់​ឧបករណ៍​សម្រាប់​ចាប់​ត្រី រួមមាន​៖ អង្រុត ឈ្នាង ត្រក ក្លុះ ។​ល​។​


​រដ្ឋបាល​ស្រុក​ក៏បាន​ឱ្យដឹង​ផងដែរ​ថា បឹង​ត្រពាំង​ក្រម​មាន​ផ្ទៃ​ជម្រាល​ប្រមូល​ទឹក ​៣០​ ហិកតា និង​មាន​បឹង​តូចៗ ២០ ​បឹង ជា​សាខា ព្រមទាំង​មាន​រុក្ខជាតិ​លិច​ទឹកជា​ច្រើន​ប្រភេទ​។ រៀងរាល់​ដើមឆ្នាំ​ក្នុងអំឡុង​ខែកុម្ភៈ ប្រជាពលរដ្ឋ​នៅទីនេះ តែងតែ​ប្រារព្ធ​ពិធី​ចាប់​ត្រី យកមក​ចម្អិន​ហូប​ជុំគ្នា ដែលជា​ទំនៀមទម្លាប់ តាំងពីដើម​រហូតមក​ដល់​សព្វថ្ងៃ​។​

​ជា​រៀងរាល់ឆ្នាំ លោក​ ជាម ច័ន្ទ​សោភ័ណ និង​លោកស្រី​ ម៉េង វ៉ាន់ដា​នី​ន ជា​ភរិយា តែងតែ​ដឹកនាំ​មន្ត្រីរាជការ អញ្ជើញ​ទៅដោយ​ផ្ទាល់ ជាមួយ​ប្រជាពលរដ្ឋ​រាប់ម៉ឺន​នាក់ ចុះ​ចាប់​ត្រី យកមក​ចម្អិន ជួបជុំ​ពិសា​យ៉ាង​សប្បាយរីករាយ ក្រោម​ម្លប់​សន្តិភាព​៕​