ភ្នំពេញៈ ការចុះបញ្ជី​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ​ដែល​នៅ​សេសសល់​ក្នុង​ខេត្តកំពង់ចាម​គ្រោង​នឹង​បញ្ចប់​ក្នុង​ឆ្នាំ​ ២០២៤ ​ខាងមុខ ក្រោយពី​មានការ​អក់​ខាន​ដោយសារតែ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩​ អស់​រយៈពេល ​២ ​ឆ្នាំកន្លងមក​។


​លោក​អ៊ុន ចាន់​ដា​អភិបាលខេត្ត​កំពង់ចាម​បាន​ថ្លែង​សន្និសីទ​សារព័ត៌មាន​ស្ដីពី "​ភាពជោគជ័យ​ក្នុង​រយៈពេល​៥​ឆ្នាំកន្លងមក​"​របស់​រដ្ឋបាល​ខេត្តកំពង់ចាម​នា​ថ្ងៃទី​៣​ខែកុម្ភៈ​នេះ​ថា តាម​ផែនការ​នៃ​ការចុះបញ្ជី​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ​ក្នុង​ខេត្តកំពង់ចាម​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២៣​នេះ ប៉ុន្តែ​តាម​ការព្យាករណ៍​ការងា​រ​នេះ​នឹង​មិនអាច​បញ្ចប់​តាម​ផែនការ​នោះទេ ដោយសារតែ​បញ្ហា​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​អស់​រយៈ​២​ឆ្នាំកន្លងមក​។ នេះ​បានធ្វើឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ពិបាក​នៅក្នុង​ការចុះ​បំពេញការងារ ហើយ​ភូមិសាស្ត្រ​កន្លែង​ខ្លះ​ក៏មាន​ភាពស្មុគស្មាញ ដែល​ទាមទារ​ឱ្យ​ក្រុមការងារ​ប្រើប្រាស់​ពេលវេលា​ច្រើន​។​

​លោក​អភិបាល​បាន​បញ្ជាក់ថា​៖«​អ៊ីចឹង​ជាការ​គ្រោងទុក ដែល​ត្រូវ​បញ្ចប់​គឺ​ក្នុង​ឆ្នាំ​២០២៤ យើង​ត្រូវ​សម្រុក​បញ្ចប់​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ប្រព័ន្ធ​»​។

​លោក​បាន​បន្ថែមថា គិត​ត្រឹម​បំណាច់​ឆ្នាំ​២០២២​កន្លងមក បាន​អនុវត្ត​ចុះបញ្ជី​ចំនួន​៧១៣ ៥០០​ក្បាលដី ដែល​ស្មើនឹង​៧៧​ភាគរយ​លើ​ក្រុង​ស្រុក​ចំនួន​១០ និង​ឃុំ​សង្កាត់​ចំនួន​៩១ ហើយ​នៅ​សេសសល់​ប្រមាណ​ជា​២៣​ភាគរយ​ទៀត ដែល​ត្រូវធ្វើ​ការចុះ​បន្តទៀត​។​


​លោក​ក៏បាន​ថ្លែង​ផងដែរ​ថា ចាប់ពី​ឆ្នាំ​២០១៨​ដល់​ឆ្នាំ​២០២២ រដ្ឋបាលខេត្ត​បានទទួល​យកមក​ដោះស្រាយ​វិវាទ​ដីធ្លី​បាន​ចំនួន​៧៤២​ករណី​។ លោក​បាន​បន្តថា ទំនាស់​ដីធ្លី​ក្នុង​ខេត្តកំពង់ចាម​មិនមាន​ទ្រង់ទ្រាយ​ធំ​នោះទេ ដែល​ភាគច្រើន​ជា​ទំនាស់​ព្រំដី បងប្អូន​ដណ្តើម​កេរ​ដី​គ្នា និង​ការទាមទារ​បើកផ្លូវ​ជាដើម​។ ដើម្បី​បង្ការ​បញ្ហា​ទំនាស់​ទៅ​ថ្ងៃ​អនាគត​នោះ លោក​ក៏បាន​ណែនាំ​ឱ្យមាន​ការ​ទុក​ផ្លូវ​ឱ្យបាន​ធំ​ឱ្យ​ហើយ​នៅ​កន្លែង​ដែលមាន​ការចុះបញ្ជី​ជា​លក្ខណៈ​ប្រព័ន្ធ​នោះ ជាពិសេស​គឺ​ទុក​ផ្លូវ​សម្រាប់​អ្នក​ដែល​នៅ​ខាងក្រោយ​ដី​របស់​អ្នកដទៃ​៕