
ភ្នំពេញៈ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោកស្រី ឌីណា ហ្វីស៊ើរ ប្រធានបេសកកម្ម គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម អាយ.ស៊ី.អរ.ស៊ី. ប្រចាំតំបន់ (កម្ពុជា ឡាវ និងវៀតណាម) បានជួបពិភាក្សានាថ្ងៃទី២ខែកុម្ភៈ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អ និងចុះហត្ថលេខាកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានថវិកាឆ្នាំ ២០២៣ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
អាយ.ស៊ី.អរ.ស៊ី.តែងតែឧបត្ថម្ភគាំទ្រដល់សកម្មភាពកាកបាទក្រហមកម្ពុជា និងកិច្ចសហប្រតិបត្តិការល្អ ក្នុងគ្រប់ស្ថានភាពនយោបាយ ជាពិសេស ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ និងជួយបច្ចេកទេសពង្រឹងការអនុវត្តច្បាប់មនុស្សធម៌អន្តរជាតិ ការអនុវត្តកម្មវិធីជាក់លាក់ ព្រមទាំងមានផែនការប្រចាំឆ្នាំ។ ក្នុងនោះមានដូចជា៖ ផ្សព្វផ្សាយលើកកម្ពស់គោលការណ៍គ្រឹះ សួរសុខទុក្ខអ្នកទោស ស្តារទំនាក់ទំនងគ្រួសារជាដើម។ នេះបើយោងតាមកាកបាទក្រហមកម្ពុជា។
ដោយឡែកនៅឆ្នាំ ២០២៣ នេះ ក្នុងកិច្ចព្រមព្រៀងជំនួយហិរញ្ញវត្ថុនេះ អាយ.ស៊ី.អរ.ស៊ី បានផ្តល់ថវិកាចំនួន ៨៦ ២៨៨.០០ ដុល្លារអាមេរិក សម្រាប់អនុវត្តកម្មវិធីជាក់លាក់ទៅតាមផែនការដែលបានកសាងរួមគ្នា ដោយផ្តោតលើ ការងារស្តារទំនាក់ទំនងគ្រួសារ ការការពារបដិរូប លើកកម្ពស់គោលការណ៍គ្រឹះ ច្បាប់មនុស្សធម៌អន្តរជាតិ សុវត្ថិភាពសហគមន៍ និងពិការភាព និងចុងក្រោយគឺបន្តតាមដានការរីកចម្រើននៃការអនុវត្តក្របខ័ណ្ឌបំពេញការងារប្រកបដោយសុវត្ថិភាព។
លោកស្រីអគ្គលេខាធិការបានបញ្ជាក់ថា ការពិភាក្សាថ្ងៃនេះដែរ ភាគីទាំងពីរមានការផ្តោតទៅលើខ្លឹមសារមួយនៅក្នុងបរិបទតំបន់ និងពិភពលោក គឺការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាមួយកំពុងតែប្រឈមជាសកល ហើយភាគីទាំងពីរនិងបន្តផ្លាស់ប្តូរ ទំនាក់ទំនងព័ត៌មានឱ្យគ្នាទៅវិញទៅមក ដើម្បីតាមដានក្នុងការវិវត្តន៍ការងារឱ្យកាន់តែជិតស្និទ្ធ ហើយនៅក្នុងបរិបទជំងឺកូវីដ ១៩ កិច្ចសហប្រតិបត្តិការមួយចំនួនមិនបានអនុវត្តតាមផែនការគ្រោងទុក។ ដូច្នេះក្នុងកិច្ចពិភាក្សានេះដែរ កាកបាទក្រហមកម្ពុជា បានស្នើសុំ អាយ.ស៊ី.អរ.ស៊ី. គិតគូរឡើងវិញឱ្យមានសកម្មភាពឡើងវិញនៅឆ្នាំ ២០២៤ និងឆ្នាំក្រោយៗទៀត៕