កំពង់ស្ពឺៈ ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​ ២ ​កុម្ភៈ​បាន​បើក​សិក្ខាសាលា​អប់រំ​ផ្សព្វផ្សាយ​ពី​ការបង្ការ​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់ បារី​អេឡិចត្រូនិក គ្រឿងញៀន​ខុសច្បាប់ ការបង្ការ​មេរោគ​អេដស៍ ជំងឺអេដស៍ និង​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក នៅតាម​គ្រឹះស្ថានសិក្សា ខណៈ​ក្នុង​ថ្ងៃ​ដដែល​នេះ សមត្ថកិច្ច​នៅ​ទូទាំងប្រទេស​បានធ្វើការ​ឃាត់ខ្លួន​អ្នកពាក់ព័ន្ធ​គ្រឿងញៀន​បាន​ចំនួន​៤៦​នាក់​។​


​បើតាម​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន សិក្ខាសាលា​នេះ ធ្វើឡើង​ដើម្បី​អប់រំ​ផ្សព្វផ្សាយ​ដល់​ក្រុមប្រឹក្សា​យុវជន យុវជន​កាកបាទក្រហម យុវជន​កាយ​រឹទ្ធ និង​និស្សិត ដើម្បីឱ្យ​ពួកគេ​ក្លាយជា​សិស្ស​បង្គោល​ប្រចាំ​គ្រឹះស្ថានសិក្សា ឬ​សម្រាប់ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​បន្ត​ដល់​សិស្ស​ដទៃ ក្នុង​គ្រឹះស្ថានសិក្សា​របស់ខ្លួន ដែលមាន​អ្នកចូលរួម​ចំនួន​២៥៣​នាក់​។​

​សិក្ខាសាលា​នេះ ធ្វើឡើង​ក្រោម​កិច្ចសហការ រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​ខេត្តកំពង់ស្ពឺ​។​


«​គ្រឿងញៀន​បំផ្លាញ​គ្រួសារ និង​អនាគត​អ្នក !» វា​គឺជា​សារ​អប់រំ​១​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ដែល​ចេញ​ជា​រៀងរាល់ថ្ងៃ​នៅលើ​របាយការណ៍​ប្រចាំថ្ងៃ​របស់ខ្លួន ស្តីពី​តួលេខ​នៃ​ការចាប់​ឃាត់ខ្លួន​ជន​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​នៅ​ទូទាំងប្រទេស​។​

​នៅ​ថ្ងៃទី​២​កុម្ភៈ ជនសង្ស័យ​ចំនួន​៤៦​នាក់​(​ស្រី​៥​នាក់​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​១៥​ករណី​នៅ​ទូទាំងប្រទេស​។​


​ក្នុងចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៤៦​នាក់ រួមមាន ករណី​ជួញដូរ​មាន ១២​ករណី ឃាត់ខ្លួន​បាន​ចំនួន ៣៦​នាក់​(​ស្រី ៤​នាក់​) ដឹកជញ្ជូន រក្សាទុក ១​ករណី ឃាត់ខ្លួន​បាន ១​នាក់ ប្រើប្រាស់ ២​ករណី ឃាត់ខ្លួន​បាន ៩​នាក់​(​ស្រី ១​នាក់​) ។​

​វត្ថុតាង​ដែល​ចាប់​យកបាន​សរុប​ក្នុង​ថ្ងៃទី​២ ខែកុម្ភៈ រួមមាន មេ​តំ​ហ្វេ​តា​មីន​(Ice) ចំនួន ២០៣១,៤៩​ក្រាម និង​៣៨​កញ្ចប់​តូច និង​មេ​តំ​ហ្វេ​តា​មីន​(Wy) ចំនួន ០,៣៦​ក្រាម​៕​