អង្គការដើម្បីភាពញញឹមនៃកុមារ ផ្តល់អាហារូបករណ៍ដល់កុមារចំណាកស្រុកជាង ២០០ នាក់

ភ្នំពេញៈ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ផ្តល់កញ្ចប់អាហារូបករណ៍ដល់កុមារចំនួន ២៥០ នាក់ ដែលធ្វើចំណាកស្រុកតាមឪពុកម្តាយមកធ្វើការសំណង់ និងការងារផ្សេងៗនៅក្នុងរាជធានីភ្នំពេញ ដើម្បីបានចូលរៀននៅតាមសាលាបឋមសិក្សា និងមធ្យមសិក្សា។ នេះបើយោងតាមលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា។
លិខិតដែលជម្រាបជូនមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញស្តីពីការជ្រើសរើសកុមារចូលរៀនសម្រាប់កម្មវិធីអប់រំចំណេះទូទៅ នៃអង្គការដើម្បីភាពញញឹមនៃកុមារ ឆ្នាំសិក្សា ២០២២-២០២៣ បានសរសេរថា អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ផ្តល់កញ្ចប់អាហារូបករណ៍ដល់កុមារចំនួន ២៥០ នាក់ ដែលធ្វើចំណាកស្រុកតាមឪពុកម្តាយមកធ្វើការសំណង់និងការងារផ្សេងៗនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីបានចូលរៀននៅតាមសាលាបឋមសិក្សា និងមធ្យមសិក្សាគោលដៅ។
ទន្ទឹមនឹងនេះ អង្គការនឹងផ្តល់កញ្ចប់អាហារូបករណ៍សម្រាប់ថ្នាក់ពន្លឿនការសិក្សាដល់កុមារចំនួន៥០នាក់ ដែលបំពេញបានលក្ខខណ្ឌដូចជា៖១. កុមារមានអាយុចាប់ពី១២ឆ្នាំឡើងទៅ គិតត្រឹមថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣, ២. មានការសិក្សាយឺតចាប់ពី ២កម្រិតថ្នាក់ឡើងទៅ, ៣. ស្ថិតក្នុងកម្រិតគ្រួសារក្រីក្រ និង៤.ព្រមទទួលយកការចុះវាយតម្លៃស្ថានភាពគ្រួសារពីក្រុមការងាររបស់អង្គការ។ ចំពោះការសិក្សា គឺនឹងត្រូវធ្វើឡើងដោយផ្ទាល់នៅក្នុងបរិវេណរបស់អង្គការ។
ការទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ ព័ត៌មានលម្អិតអាចទាក់ទងទៅកាន់ លោកប្រាក់ កុសល ប្រធានផ្នែកអប់រំ និងសង្គមតាមរយៈទូរសព្ទលេខ ០៧០ ៨២២ ២៨០/ ០៧៧ ៨២២ ២៨០។
ក្រសួងក៏បានណែនាំឱ្យមន្ទីរអប់រំសហការជាមួយអាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធ ដើម្បីធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ឪពុកម្តាយនិងកុមារដូចមានក្នុងលក្ខខណ្ឌជ្រើសរើសខាងលើបានជ្រាប និងដាក់ពាក្យស្នើសុំកញ្ចប់អាហារូបករណ៍ ដើម្បីទទួលបានការសិក្សាក្នុងឆ្នាំសិក្សា២០២២-២០២៣ និងឆ្នាំសិក្សាបន្តបន្ទាប់ទៀត។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនកាលពីឆ្នាំ២០២២កន្លងមកបានស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងាររៀបចំការផ្ដល់ការសិក្សាដល់កុមារចំណាកស្រុក ដើម្បីឱ្យពួកគេទទួលបាននូវការអប់រំ៕