ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា លើកឡើងថា ពាក់ព័ន្ធនឹងការងារបោសសម្អាតមីន ប្រទេសស្វ៊ីស គឺជាដៃគូដ៏សំខាន់ និងយូរអង្វែង។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកបានស្នើសុំឱ្យរដ្ឋាភិបាលស្វ៊ីសពិចារណាបន្តជួយគាំទ្រក្នុងការបញ្ចប់ការងារបោសសម្អាតមីនឱ្យអស់ក្នុងឆ្នាំ២០២៥ និងបន្តគាំទ្រ ដោះស្រាយហានិភ័យផ្សេងៗទៀតនៃសំណល់ជាតិផ្ទុះពីសង្គ្រាមក្រោយឆ្នាំ២០២៥។
លោកទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងដូចនេះនៅក្នុងពិធីអបអរខួបអនុស្សាវរីយ៍ទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធស្វ៊ីស កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលក្នុងនាមរដ្ឋាភិបាលកម្ពុជា លោកបានចូលរួមពិធីនេះជាមួយ លោក Heinrich Schellenberg ឧបការីរដ្ឋមន្ត្រី ក្រសួងការបរទេសសហព័ន្ធស្វ៊ីស ទទួលបន្ទុកអាស៊ីប៉ាស៊ីហ្វិក។
ក្នុងឱកាសនោះលោកអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានគូសបញ្ជាក់ថា រយៈពេល ៦០ ឆ្នាំនេះ កម្ពុជា និងស្វ៊ីស មានកំណត់ត្រាដ៏ល្អនៃទំនាក់ទំនងមិត្តភាពដ៏ស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ លើវិស័យជាច្រើនដែលបានផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ទាំងក្នុងកម្រិតជាតិ និង អន្តរជាតិ។
ប្រទេសទាំងពីរ គឺជាអ្នកការពារស្មារតី និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ក្នុងការប្តេជ្ញាចិត្តជា លក្ខណៈពហុភាគីនិយម។ សំខាន់ជាងនេះទៅទៀត ប្រទេសទាំងពីរ គឺជាអ្នកជំរុញគោលនយោបាយការបរទេសអព្យាក្រឹត ដើម្បីការពារឯករាជ្យជាតិជារដ្ឋអធិបតេយ្យ ដែលនយោបាយការបរទេសកម្ពុជាអព្យាក្រឹតភាព បានអនុម័តដោយ ព្រះបរមរតនកោដ្ឋ ឆ្នាំ១៩៥៥ បានក្លាយជាប្រយោគអចិន្ត្រៃយ៍នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣។
លោកបន្តថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងកម្ពុជា-ស្វ៊ីស បន្តរីកចម្រើនជាមួយនឹងសន្ទុះគួរឱ្យកត់សម្គាល់ ដែលបង្ហាញឱ្យឃើញ ពីទំហំពាណិជ្ជកម្មដែលកំពុងកើនឡើង ដំណើរទស្សនកិច្ចកម្រិតខ្ពស់ និងការសន្ទនានយោបាយជាទៀងទាត់ រវាង ក្រសួងការបរទេសទាំងពីរ ក៏ដូចជាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីពាក់ព័ន្ធផ្សេងទៀត និងកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌពហុភាគី។
លោកថ្លែងថា៖«តាមរយៈវេទិកានេះ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំជឿជាក់ថា វាពិតជានឹងរួមចំណែកដល់ការឈានទៅមុខបន្ថែមទៀតនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ»។
ជាងនេះទៅទៀត ប្រទេសស្វ៊ីស បានផ្តល់ជំនួយគាំទ្រផ្នែកសុខភាព អភិបាលកិច្ច កសិកម្ម សន្តិសុខស្បៀង ការកសាងជំនាញ ការបោសសម្អាតមីន ព្រមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ សុខុមាលភាព និងវិបុលភាពនៅកម្ពុជា។ ជាមួយគ្នានេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោក លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយ ហិរញ្ញវត្ថុរបស់រដ្ឋាភិបាលស្វ៊ីស ដែលបានផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផាចាប់តាំងពីឆ្នាំ១៩៩៤ ហើយប្រជាជនកម្ពុជា ចងចាំជានិច្ចដោយ ដឹងគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះការលះបង់របស់លោកវេជ្ជបណ្ឌិត Beat Richner ក្នុងការជួយសង្គ្រោះជីវិតកុមារ និងស្ត្រីកម្ពុជារាប់លាននាក់ តាមរយៈការផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃ។
ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួបលើកទី ៦០ នៃទំនាក់ទំនងការទូត លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ចំពោះវត្តមាន ការិយាល័យសហប្រតិបត្តិការស្វ៊ីសនៅកម្ពុជាសម្រាប់រយៈពេល១០ឆ្នាំចុងក្រោយនេះ និងការបើកដំណើរការ កម្មវិធីសហប្រតិបត្តិការស្វ៊ីសថ្មីនៅក្នុងតំបន់មេគង្គឆ្នាំ ២០២២-២០២៥ ដែលនឹងអាចជាកម្លាំងជំរុញថ្មីបន្ថែមដល់ទំនាក់ទំនងកម្ពុជា-ស្វ៊ីស៕