ភ្នំពេញៈ ប្រជា​សហគមន៍ និង​ក្រុម​អ្នក​អភិរក្ស​ធនធានធម្មជាតិ បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ការបន្ត​ការ​បរបាញ់ និង​ដាក់​អន្ទាក់​សត្វព្រៃ​នៅក្នុង​ដែនជម្រកសត្វព្រៃ ជាពិសេស​នៅក្នុង​រដូវក្ដៅ​នេះ ពីព្រោះ​សត្វ​កម្រ និង​ជិត​ផុត​ពូជ​ជាច្រើន​ត្រូវបាន​គេ​រកឃើញថា ត្រូវបាន​សម្លាប់ ឬ​រងរបួស​ដោយ​អន្ទាក់​នៅក្នុង​ដែនជម្រកសត្វព្រៃ​។​


​ព្រះ​តេជគុណ អ៊ឹម សុ​អាន អនុប្រធាន​សហគមន៍​សង្ឃ​រុក្ខ​វ័ន មាន​ព្រះ​ថេរ​ដីកា​ថា នៅក្នុង​រដូវក្ដៅ​នេះ​បទល្មើស​បរបាញ់ និង​ដាក់​អន្ទាក់​សត្វព្រៃ នៅតែ​កើតមាន​នៅក្នុង​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វ័ន ដែល​ស្ថិតនៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បើទោះជា​អាជ្ញាធរ និង​ប្រជា​សហគមន៍​មានការ​ប្រឹងប្រែង​ទប់ស្កាត់​ក៏ដោយ​។​

​ព្រះអង្គ​មាន​ព្រះ​ថេរ​ដីកា​ថា​៖ «​នៅក្នុង​ការចុះ​ល្បាត​ព្រៃ​ថ្មីៗ​នេះ ក្រុមការងារ​សហគម​ន៍​សង្ឃ​រុក្ខ​វ័ន​បាន​ប្រទះឃើញ និង​ដោះ​អន្ទាក់​បាន​ជាង​ ៣០០ អន្ទាក់ ហើយ​បាន​ប្រទះឃើញ សត្វ​កម្រ​ជាច្រើន​ងាប់ និង​រងរបួស ដោយសារ​អន្ទាក់​»​។​


​បើតាម​ព្រះ​តេជគុណ សុ​អាន សត្វ​កម្រ និង​សត្វ​ជិត​ផុត​ពូជ​ដែល​ត្រូវបាន​រកឃើញ​ងាប់ និង​រងរបួស​ដោយសា​រ អន្ទាក់​រួមមាន ទន្សោង ខ្ទីង ក្ដាន់ សំពោច ក្ងោក និង​ជ្រូកព្រៃ​។​

​ព្រះអង្គ​បាន​បន្តថា ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ចុង​ក្រោយនេះ ពួក​អ្នកប្រមាញ់​សត្វព្រៃ​បាន​ប្រើ​អន្ទាក់​ជំនួស​កាំភ្លើង ដើម្បី​ចាប់​សត្វ ដោយសារតែ​ឧបករណ៍​នេះ​មាន​តម្លៃថោក ងាយ​ដឹកជញ្ជូន និង​សម្លាប់សត្វ​យ៉ាង​ស្ងៀមស្ងាត់​។​


​កាលពី​ថ្ងៃទី ​២២ ខែមករា ឆ្នាំ ​២០២៣ សត្វ​ទន្សោង​ញី​ ១ ​ក្បាល​ត្រូវបាន​ប្រជា​សហគមន៍​ប្រទះឃើញ​មាន​របួស​ជើង​មុខ ដើរ​ចេញពី​ក្នុងព្រៃ​នៃ​តំបន់​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វ័ន​។ អ្នកភូមិ និង​ព្រះសង្ឃ​បាននាំគ្នា​ចាប់​វា​ចង​ទុកឱ្យ​មន្ត្រី​ជំនាញ​នៃ​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ នាំយកទៅ​ព្យាបាល​។ ប៉ុន្តែ ដោយសារ​របួស​វា​ធ្ងន់ធ្ងរ​ពេក ៥ ​ថ្ងៃ ​ក្រោយមក​សត្វ​កម្រ​ ១​ នេះ​ក៏បាន​ងាប់​។​

​លោក អៀន អៀង អនុប្រធាន​គណៈកម្មកា​រ​សហគមន៍​សង្ឃ​រុក្ខ​វ័ន បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ការ​ល្បាត​ព្រៃ​ស្វែងរក​អ្នកប្រមាញ់ និង​ជនល្មើស​ផ្សេងទៀត​នៃ​ឧក្រិដ្ឋកម្ម​ព្រៃឈើ គឺជា​រឿង​ពិបាក​មួយ ជាពិសេស អន្ទាក់​ដែល​ពួកគេ​ចង​បង្កៃ​ទុក​ក្នុងព្រៃ​យ៉ាង​អាថ៌កំបាំង​សម្រាប់​ចាប់​សត្វព្រៃ​នោះ រឹងរឹតតែ​ពិបាក​ក្នុងការ​ស្វែងរក​ថែមទៀត ហើយ​អន្ទាក់​ទាំងនោះ វា​អាច​គំរាមកំហែង​អាយុជីវិត​ដល់​ប្រជា​សហគមន៍ និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ផងដែរ​។​

​លោក ​អឿង បាន​និយាយទៀតថា​៖ «​អន្ទាក់​មួយចំនួន​ត្រូវបាន​ក្រុម​អ្នកប្រមាញ់​ខុសច្បាប់​ប្រើប្រាស់​ដោយ​ភ្ជាប់​ជាមួយ​ឧបករណ៍​អគ្គិសនី​ដែល​អាច​សម្លាប់​យើង ប្រសិនបើ​យើង​ខ្វះ​ការប្រុងប្រយ័ត្ន ដើរ​ជាន់ ឬ​ប៉ះ​លើ​ឧបករណ៍​ទាំងនោះ​»​។​

​លោក​ អឿង បាន​ថ្លែង​បន្ថែមទៀតថា​៖ «​បទល្មើស​កាប់បំផ្លាញ​ព្រៃឈើ​បាន​ស្ងប់ស្ងាត់​ទៅហើយ ប៉ុន្តែ​ការ​បរបាញ់​សត្វព្រៃ និង​ត្រី​ក្នុង​ដែនជម្រកសត្វព្រៃ​នៅតែ​បន្ត​ក្នុង​អត្រា​គួរឱ្យ​ព្រួយបារម្ភ​»​។​

​លោក លី វីរៈ ប្រធានការិយាល័យ​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វ័ន បាន​ថ្លែង ដោយបាន​ទទួលស្គាល់ថា ការ​បរបាញ់​និង​ដាក់​អន្ទាក់​សត្វព្រៃ​នៅតែ​បន្ត​កើតមាន​ក្នុង​ដែន​ជម្រក​សត្វ បើទោះបីជា​មានការ​ខិតខំ​ប្រឹងប្រែង​ពី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​សហគមន៍​ក្នុងការ​ទប់ស្កាត់ និង​ចាប់ខ្លួន​ជនល្មើស​ក៏ដោយ​។​

​លោក លី វីរៈ ថ្លែងថា​៖ «​ជនល្មើស​តែងតែ​មក​ដាក់​អន្ទាក់​នៅពេល​យប់​។ លើសពីនេះ ទំហំ​ដែនជម្រកសត្វព្រៃ​មាន​ទំហំ​ធំ ប៉ុន្តែ​កម្លាំង​អនុរក្ស​ឧទ្យាន​របស់​យើង​នៅមានកម្រិត​នៅឡើយ​»​។

​បើតាម​លោក ​វីរៈ ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន​មាន​ផ្ទៃដី ៣០ ២៥៤​ ហិកតា គ្របដណ្ដប់​លើ​ស្រុក​ចំនួន​ ៣ គឺ​ស្រុក​អន្លង់វែង ស្រុក​ចុងកាល់ និង​ក្រុង​សំរោង​។ លោក​ថា មានតែ​មន្ត្រី​អនុរក្ស​ឧទ្យាន​ចំនួន ​៦​ នាក់​ប៉ុណ្ណោះ​ដែល​ធ្វើការ​ល្បាត និង​ឃ្លាំមើល ដែនជម្រកសត្វព្រៃ​នេះ​។ ឧក្រិដ្ឋកម្ម​សត្វព្រៃ​នឹងមិន​បញ្ចប់​ទេ ខណៈ​មនុស្ស​មួយចំនួន​នៅតែ​បន្ត​បរិភោគ​សាច់​ព្រៃ និង​ប្រើ​សំណាក​សត្វ​មួយចំនួន​សម្រាប់​ធ្វើជា​ឱសថ ឬ​គ្រឿងសង្ហារិម​»៕​

វីដេអូ៖