​ភ្នំពេញៈ កម្ពុជា​បាន​បន្ត​បញ្ជូន​កងកម្លាំង​មួក​ខៀវ ដែលជា​កងកម្លាំង​ប្តូរ​វេន​ចំនួន ២១៦​ នាក់ ចេញទៅ​បំពេញបេសកកម្ម​មនុស្ស​ធម៌ ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​ ​(​អសប ឬ​ UN)​ នៅ​ប្រទេស​លី​បង់ កាលពី​ថ្ងៃទី ​៥ ខែកុម្ភៈ ខណៈ​នៅ​ថ្ងៃ​ដដែល កងកម្លាំង​មួក​ខៀវ ដែល​បាន​បំពេញបេសកកម្ម​នៅ​ប្រទេស​នេះ ក៏បាន​ធ្វើ​មាតុភូមិនិវត្តន៍​មកដល់​កម្ពុជា​វិញ បន្ទាប់ពី​បញ្ចប់​បេសកកម្ម​រយៈពេល​ ១​ ឆ្នាំ​។​


​សេចក្តីប្រកាស​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព បញ្ជាក់​នា​ថ្ងៃទី​ ៦ ខែកុម្ភៈ ថា កម្ពុជា បាន​បន្ត​បញ្ជូន​កងកម្លាំង​វិស្វកម្ម​លេខ​ ៨២៧ ដែលជា​កងកម្លាំង​ប្តូរ​វេន​ចំនួន ​២១៦​ នាក់ ចេញទៅ​បំពេញបេសកកម្ម​មនុស្ស​ធម៌​ក្រោម ឆត្រ​អង្គការសហប្រជាជាតិ ​(UN) នៅ​សាធារណរដ្ឋ​លី​បង់​។ នៅ​រាត្រី​ថ្ងៃ​ដដែល​នោះ កងកម្លាំង​វិស្វកម្ម​លេខ ​៨២៩ ក៏បាន​ធ្វើ​មាតុភូមិនិវត្តន៍​មកដល់​កម្ពុជា​វិញ បន្ទាប់ពី​បញ្ចប់​បេសកកម្ម ក្នុង​រយៈពេល ​១ ​ឆ្នាំ ដ៏​ជោគជ័យ និង​នាំ​កិត្យានុភាព​ជូន​ជាតិ​។​

​ពិធី​ជូន​ដំណើរ និង​ទទួល​កងទ័ព​មួក​ខៀវ​កម្ពុជា បានធ្វើ​ឡើង ក្រោម​អធិបតីភាព លោក ​សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ព្រមទាំង​ថ្នាក់ដឹកនាំ នៃ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព នៅ​ព្រលានយន្តហោះ អន្តរជាតិ​ភ្នំពេញ​។​


​លោក​ សែម សុវណ្ណនី បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា​៖ «​បេសកកម្ម នៅ​សាធារណរដ្ឋ​លី​បង់ ជា​ឆ្នាំ​ទី​១៣ ហើយ​កងវិស្វកម្ម​លេខ ​៨២៩ គឺជា​កង​ទី​១២ ដែល​បាន​ចូលរួម​អនុវត្ត​បំពេញភារកិច្ច​ប្រកបដោយ​ផ្លែផ្កា ព្រម​ជាមួយនឹង​លទ្ធផល គួរ​ជាទី​មោទនៈ​»​។​

​លោក​ សុវណ្ណនី បាន​បន្ថែមថា​៖ «​ជាមួយគ្នា កង​នេះ​រក្សាបាន​នូវ​ភាព​ស្អាតស្អំ មាន​វិន័យ​ល្អ ព្រមទាំង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​តាម​និយាម​របស់​អង្គការសហប្រជាជាតិ ដោយ​យក​សុវត្ថិ​ភាពជា​ចម្បង រហូត​ទទួលបាន​ជោគជ័យ ដោយ​មិនមាន​សមាជិក​ណា​ម្នាក់​របួស ឬ​ពលី ដោយ​យថាហេតុ​ណាមួយ​ឡើយ​»​។​


កងកម្លាំងមួកខៀវកម្ពុជា ដែលត្រូវបានបញ្ជូនទៅបំពេញបេសកកម្មមនុស្សធម៌នៅលីបង់ កាលពីថ្ងៃទី ៥ ខែកុម្ភៈ។ រូបថត មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព

​លោក​ក៏បាន​ក្រើនរំឭក​ដល់​កងកម្លាំង ដែល​ត្រូវ​ប្តូរ​វេន​ទាំង​ ២១៦ ​នាក់ បន្ត​រួម​សាមគ្គី​គ្នា ជា​ធ្លុង​មួយ និង​ត្រូវ​គិតគូរ​ពី​សុវត្ថិ​ភាពជា​ចម្បង ពិសេស​អំឡុងពេល​អនុ​វត្ត​ភារកិច្ច ដោយ​មិនត្រូវ​មើលស្រាល​ស្ថានការណ៍​ណាមួយ​ឡើយ​។​

​លោក ​សែម សុវណ្ណនី ជំរុញ​កងកម្លាំង​ត្រូវ​ប្តូរ​វេន​នេះ​ត្រូវ​ចេះ​ដក​បទពិសោធន៍ និង​មេរៀន​ល្អៗ កែតម្រូវ​រាល់​កំហុសឆ្គង ដែល​បាន​កើតមានឡើង ដើម្បី​សម្រេចបាន​ជោគជ័យ​ជូន​ដល់​ប្រទេសជាតិ ក្រុមគ្រួសារ និង​ខ្លួនឯង​ផ្ទាល់​។​

​លោក​ថ្លែងថា​៖ «​ត្រូវ​ចងចាំ​ថា វត្តមាន​របស់​កម្លាំង​យើង​នីមួយៗ មិន​ត្រឹមតែ​តំណាងឱ្យ អង្គការសហ ប្រជាជាតិ កងយោធពល​ខេមរភូមិន្ទ មជ្ឈមណ្ឌល​ជាតិ​ប៉ុណ្ណោះ​ទេ គឺ​តំណាងឱ្យ​ប្រទេស​កម្ពុជា​ទាំងមូល​។ ដូច្នេះ គ្រប់​សកម្មភាព​ទាំង​ក្នុង និង​ក្រៅ​ម៉ោង​ធ្វើការ ត្រូវ​តម្កល់​កិត្តិយស​ជាតិ​ជា​ចម្បង​»​។​

​លោក​ សែម សុវណ្ណនី បន្តថា ប្រតិបត្តិ​ការរក្សា​សន្តិភាព ដែលជា​គោលការណ៍​សក​ល បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់ តាមរយៈ​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ប្រតិបត្តិការ​រួមគ្នា ក្នុង​ការជួយ​ដល់​បណ្តា​ប្រទេស​ដែល​រង​ការ​ហែកហួរ​ដោយសារ​ជម្លោះ​ប្រដាប់អាវុធ​សង្គ្រាម និង​ចូលរួម​ជាមួយ​សាមី​ប្រទេស ក្នុងការ​ស្តារនីតិសម្បទា សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​។​

​លោក​បាន​ថ្លែងថា កងកម្លាំង​កម្ពុជា​ដែល​បាន​បំពេញបេសកកម្ម​រយៈពេល ​១ ​ឆ្នាំ នៅ​ប្រទេស​មជ្ឈិមបូព៌ា ដែលមាន​សីតុណ្ហភាព​ក្រោម​សូន្យ​អង្សា​ខុសគ្នា​ពី​ប្រទេស​កម្ពុជា និង​ជា​តំបន់​សម្បូរ​ទៅដោយ​ភ្នំ រង​សម្ពាធ​វិបត្តិ​សេដ្ឋកិច្ច ជម្លោះព្រំដែន​រវាង​ប្រទេស​អុ​ី​ស្រា​អែល​។ ទន្ទឹមនឹង​ការ​ឃ្លាតឆ្ងាយ​ពី​គ្រួសារ គឺ​ពិតជា​បាន​លះបង់​ដ៏​ធំធេង និង​មិនអាច​កាត់ថ្លៃ​បាន​។​

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល បាន​បញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​ ២០០៦ រហូតមកដល់​ឆ្នាំ​ ២០២៣ ​នេះ កម្ពុជា​បានសម្រេច​បញ្ជូន​កងក​ម្លាំ​ង​ចូលរួម​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​ជាង​ ៨ ​ពាន់​នាក់ នៅក្នុង​ប្រទេស​ចំនួន ​៩ រួមមាន ប្រទេស​ស៊ូដង់ ស៊ូដង់​ខាងត្បូង ឆាដ អាហ្រ្វិក​កណ្តាល លី​បង់ ស៊ី​ប ស៊ី​រី ម៉ាលី និង​យេ​ម៉ែន​។ បច្ចុប្បន្ន កងកម្លាំង​យោធា​មួក​ខៀវ​កម្ពុជា ជាង​ ៨០០ ​នាក់ បាននិងកំពុង​បំពេញ​កាតព្វកិច្ច​រក្សា​សន្តិភាព នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង លី​បង់ ម៉ាលី និង​អាហ្រ្វិក​កណ្តាល​។​

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់ទៀតថា កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​ ២ ក្នុង​អាស៊ាន និង​លេខ​ ១២ ក្នុងចំណោម​ប្រទេស​ទាំងអស់ ដែល​បញ្ជូន​កងទ័ព​មួក​ខៀវ​ទៅតាម​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​។​

​លោក​គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រា​ជប​ណិ្ឌ​ត្យ​សភា​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នា​ថ្ងៃទី ​៦ ខែកុម្ភៈ ថា ការបន្ត​បញ្ជូន​កងកម្លាំង​មួក​ខៀវ​ទៅ​បំពេញបេសកកម្ម​នេះ គឺមាន​សារៈសំខាន់​ណាស់ សម្រាប់​ជា​ផ្នែក​មួយ​នៃ​ការរួមចំណែក​របស់​ក​ម្ពុ​ជា​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព និង​មនុស្សធម៌ របស់​អសប ពីព្រោះ​កម្ពុជា ជា​ប្រទេស​ធ្លាប់​រងគ្រោះ​ដោយសារ សង្គ្រាម និង​គ្រាប់មីន​។ មេរៀន​ទាំងអស់នេះ​គឺ​កម្ពុជា​ចងចាំ​។​

​លោក​គិ​ន ភា បាន​ថ្លែងថា​៖ «​អ៊ីចឹង ការរួមចំណែក​របស់​កម្ពុជា បង្ហាញ​ពី​ការយកចិត្តទុកដាក់​ព​ង្រី​កនូវ​តួនាទី​របស់ខ្លួន ដើម្បីឱ្យ​សកម្មភាព​បេសកកម្ម​សន្តិភាព​ហ្នឹង វា​កាន់តែ​ឈានឡើង​»៕