កណ្តាលៈ ក្រុម​ប្រតិបត្តិ​រុករក ​និង​សម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ​និង​ស្រង់​នាវា​លិច​ក្នុង​បាតទន្លេ ​ក្នុង​រយៈពេល​ជិត ១ ឆ្នាំ​មកនេះ ​បាន​ស្រង់​គ្រាប់​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​បានជិត​ ៣ ០០០ ​គ្រាប់​ ក្នុង​នោះ​មាន​គ្រាប់​មីន​ចំនួន​ ៣៦ គ្រាប់​ កាំភ្លើង​ធុន​ស្រាល​ចំនួន​ ២ ដើម​ ដែល​គិតជា​ទម្ងន់​សរុប​ជាង​ ៤០ តោន។​នេះ​បើ​តាម​អគ្គនាយក ​CMAC។


លោក​ ហេង រតនា ​អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (CMAC) ​បាន​លើកឡើង​បែបនេះ ​នៅ​ថ្ងៃទី​ ៧​ ខែកុម្ភៈ ​នា​ការដ្ឋាន​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ​និង​ស្រង់​នាវា​លិច​ក្នុង​បាតទន្លេ ​ដែល​ស្ថិតនៅ​ភូមិ​កោះ​ពាមរាំង​ ឃុំពាមរាំង​ ស្រុកលើកដែក​ ខេត្តកណ្តាល​ ក្នុង​វេទិកា​សាធារណៈ​ស្តីពី​ការបូម​ខ្សាច់ ​ដើម្បី​គាំទ្រ​កិច្ចប្រតិបត្តិការ​បោសម្អាត​គ្រាប់​មិនទាន់​ផ្ទុះ ​និង​ស្រង់​នាវា​លិច​នៅ​បាត​ទន្លេ។​

លោក​ ហេង រតនា ​បញ្ជាក់ថា​៖«កិច្ចប្រតិបត្តិការ ​៨ ខែ​កន្លងទៅ​នេះ ​សម្រេចបាន​លទ្ធផល​ស្រង់​គ្រាប់​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​បាន​ចំនួន​ ២ ៧០៧ គ្រាប់​ ក្នុង​នោះ​មាន​គ្រាប់​មីន​ចំនួន​ ៣៦ គ្រាប់​ កាំភ្លើង​ធុនស្រាល​ចំនួន​ ២ ដើម​ គិតជា​ទម្ងន់​សរុប​ជាង ៤០ តោន»។​


លោក​បាន​ឱ្យ​ដឹង​ដែរថា ​គណ:កម្មការ​អន្តរក្រសួង​ ដើម្បី​សិក្សា ​និង​ដោះស្រាយ​ករណី​រកឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​និង​នាវា​ដែលលិច​ក្នុង​ទន្លេ ​រៀបចំ​វាទិកា​សាធារណ:​នេះ​ មាន​គោលបំណង​ដើម្បី​ផ្សព្វផ្សាយ​ស្តីពី​កិច្ចប្រតិបត្តិការ​ស្រង់​គ្រាប់​មិនទាន់​ផ្ទុះ​ និង​បំបែក​នាវា ​ដែលបាន​រកឃើញ​នៅ​បាតទន្លេ ​ដើម្បី​ស្វែងយល់ ​និង​ដោះស្រាយ​កង្វល់​ ព្រមទាំង​សំណូមពរ​ របស់​ប្រជាពលរដ្ឋ ​ដែលកំពុង​រស់​នៅលើ​កោះពាមរាំង​ និង​ក្បែរ​តំបន់​ប្រតិបត្តិការ​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ។​


លោក​ ហេង រតនា ​បានបន្តថា ​ប្រជាពលរដ្ឋ​បានសម្តែង​នូវ​ការព្រួយ​បារម្ភ​ខ្លះៗ​អំពី​ការបូម​ខ្សាច់​បណ្តាល​ឱ្យ​បាក់​ដីច្រាំង​ទន្លេ​ បាត់បង់​ដីកោះ​ពាមរាំង​ទាំងមូល​ជាដើម។

កិច្ច​ប្រតិបត្តិការ​នេះ ​មាន​ការគិតគូរ ​និង​ការប្រើប្រាស់​សម្ភារ​បច្ចេកទេស​ទាន់​សម័យ ​មាន​រូបភាព​ផែនទី​ច្បាស់លាស់​ណាស់​ ហើយ​ការបូម​ខ្សាច់ ​ដើម្បី​បម្រើ​កិច្ចការ​បោសសម្អាត​គ្រាប់​មិនទាន់​ផ្ទុះ​មាន​បរិមាណ​ច្រើន​តោន​លិច​ក្រោម​ដី​បាត​ទន្លេ​ស្ថិត​នៅ​ផ្នែក​ខាងលើ​នៃ​ក្បាល​កោះ​ដោយ​តំបន់​ដីគោក ​និង​ប្រើប្រាស់​គ្រឿងចក្រ​កាយដី​យក​គ្រាប់ ​ហើយ​លុប​ដី​ជូន​ប្រជាពលរដ្ឋ​វិញ។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក​ហេង រតនា។

លោក​អគ្គនាយក ​CMAC ​អះអាងថា​៖ «ក្នុង​រយៈពេល​ធ្វើកិច្ច​ប្រតិបត្តិការ​នេះ​ គ្មាន​ហេតុផល​បង្ក​ផលប៉ះពាល់​ដល់​ប្រជាពល​រដ្ឋ​ឡើយ ​ឬ​ត្រូវ​បាក់ដី​បាត់​កោះ​ពាមរាំង ​ដែល​ទំហំ​បណ្តោយ​ជិត​ប្រមាណ​ ៤ ៥០០ ម៉ែត្រ​នោះ​ទេ ​ព្រោះ​កិច្ចប្រតិបត្តិការ​នេះ​ ដើម្បី​សេចក្តីសុខ​សុវត្ថិភាព​ប្រជាពលរដ្ឋ ​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ជាធំ ​ និង​សង្គមជាតិ ​ ក៏ដូចជា​គាំទ្រ​ការអភិវឌ្ឍ​ប្រទេស​ជាតិ​ផង​ដែរ»។​

សូម​រំឭក​ដែរ​ថា ​ការដោះស្រាយ​បញ្ហា ​ក៏ដូចជា​បង្ការ​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ជំរុញ​ឱ្យ​មាន​ការសិក្សា​ស្រាវជ្រាវ ​និង​កំណត់​ទីតាំង​ ដែល​នាវា​ចម្បាំង​លិច​។ លោក​បាន​បង្កើត​ក្រុមការងារ​អន្តរ​ក្រសួង​ដើម្បី​ចុះ​សិក្សា ​និង​ដោះស្រាយ​ករណី​រកឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្នុង​នាវា​ដែល​លិច​ក្នុង​ទន្លេ ​កាលពី​ថ្ងៃទី​ ២៨​ ខែសីហា ​ឆ្នាំ​ ២០២០។

ការរុករក​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នេះ​ត្រូវ​បាន​ចាប់​ផ្តើម​ធ្វើឡើង​ក្នុង​នាវា​ដែល​លិច​ក្នុង​ទន្លេ​ ស្ថិតនៅ​ភូមិវាល ​ឃុំមានជ័យ ​ស្រុកស្រីសន្ធរ​ ខេត្តកំពង់ចាម ​ដោយ​គោលដៅ​មិន​ឱ្យមាន​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​ក្នុង​ប្រទេស។ ក្រុមការងារ​បាន​ស្រង់​គ្រាប់​យុទ្ធភណ្ឌ​បាន​ជាង ​១៦ តោន ​រួមទាំង​សម្ភារសឹក ​បំណែក​ឆ្អឹង​សព ​និង​ស្រង់​នាវា​ឡើងមក​លើ​គោក​ជាស្ថាពរ ​ក្នុង​កិច្ចប្រតិបត្តិការ ​រយៈពេល ​៦ ខែ​។​

ក្រោយពី​បញ្ចប់​ប្រតិបត្តិការ​នៅ​ទីតាំង​ ក្នុង​ស្រុកស្រីសន្ធរ​នេះ ​ដោយ​ជោគជ័យ ​លោក ​ហ៊ុន សែន ​កាលពី​ថ្ងៃទី ២៦ ​ខែមករា​ ឆ្នាំ​ ២០២១ ​បានសម្រេច​បន្ថែម​សមាសភាព​ពាក់ព័ន្ធ​មួយចំនួន​ទៀត​ឱ្យបន្ត​ប្រតិបត្តិ​ការសិក្សា ​ស្រាវជ្រាវ ​និង​ស្រង់​យក​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ ដែល​លិច​ក្នុង​នាវា​ចម្បាំង​មួយចំនួន​ទៀត​នៅ​ស្រុក​ល្វាឯម ​និង​ស្រុក​ខ្សាច់កណ្ដាល ​ខេត្តកណ្ដាល​ ស្រុកពាមជរ ​និង​ស្រុកពាមរក៍ ​ខេត្តព្រៃវែង៕