ភ្នំពេញៈ ទាហាន​មួកខៀវ​កម្ពុជា ៣០ នាក់​បញ្ចប់​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​បោស​សម្អាត​គ្រឿង​ផ្ទុះ​រយៈពេល​ ១ ខែ ក្រោម​កិច្ចសហ​ប្រតិបត្តិការ និង​ហិរញ្ញ​ប្បទាន​ពី​ប្រទេស​បារាំង។


ពិធី​បិទ​បញ្ចប់​វគ្គ​នេះ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក ប៉ុល សារឿន ទេស​រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​ការងារ​បញ្ជូន​កង​កម្លាំង​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆ័ត្រ​អង្គការ​សហ​ប្រជាជាតិ (អ.ស.ប.) និង​លោក Jacques Pellet ឯក​អគ្គ​រដ្ឋ​ទូត​បារាំង​ប្រចាំ​កម្ពុជា នា​ថ្ងៃ​ទី១០ ខែកុម្ភៈ​។

លោក ប្រាក់ សុទ្ធ អគ្គ​នាយករង​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ថ្លែង​ក្នុង​ពិធី​នេះ​ថា វគ្គ​ហ្វឹកហ្វឺន​នេះ​ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​ផ្តល់​នូវ​ចំណេះដឹង​ថ្មីៗ​បន្ថែមទៀត​ដល់​សិក្ខាកាម រួម​ទាំង​បំពេញ​បន្ថែម​ចំណុច​ខ្វះខាត សម្រាប់​បង្កើន​សមត្ថភាព​ឱ្យ​យល់​ដឹង​ពី​នីតិ​វិធី​មូលដ្ឋាន​បោស​សម្អាត​គ្រឿង​ផ្ទុះ ក្នុង​ការសម្រេច​បេសកកម្ម​ទាំង​ថ្នាក់​ជាតិ និង អ.ស.ប.។


លោក​បញ្ជាក់​ថា វគ្គ​ហ្វឹកហ្វឺន​នេះ មាន​សិក្ខាកាម​ចំនួន ៣០ នាក់ ក្នុងនោះ​នារី ចំនួន ២ នាក់ ដោយ​មាន​ការចូលរួម​ពី​កងយោធពល​ខេមរភូមិន្ទ និង​ក្រសួង​មហាផ្ទៃ​ផងដែរ​។

មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​បាន​ដក​ស្រង់​សម្ដី​លោក Jacques Pellet ចុះផ្សាយ​ក្នុង​ហ្វេសប៊ុក​នា​ថ្ងៃទី១០ ខែកុម្ភៈ ថា វគ្គ​សិក្សា​នេះ​នឹង​អាច​ឱ្យ​ទាហាន​មួកខៀវ​កម្ពុជា មាន​សមត្ថភាព​ថ្មី​ទៅ​នឹង​តម្រូវ​ការ អ.ស.ប. ក្នុង​អំឡុង​ពេល​បំពេញ​បេសកកម្ម​នាពេល​អនាគត​។


ហ្វេសប៊ុក​ដដែល​បញ្ជាក់​ថា៖ «លោក​ឯក​អគ្គ​រដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា ក៏​បាន​បង្ហាញ​ការគាំទ្រ និង​អម​ដំណើរ​មជ្ឈមណ្ឌល​ជាតិ នូវ​មហិច្ឆតា ដើម្បី​ក្លាយជា​មជ្ឈមណ្ឌល​ដ៏មាន​ឧត្តមភាព​ក្នុង​វិស័យ​រក្សា​សន្តិភាព​»។

លោក ប៉ុល សារឿន បាន​ថ្លែង​អំណរគុណ​ចំពោះ​រាជ​រដ្ឋាភិបាល​បារាំង ដែល​ជាមិត្ត​ជិតស្និទ្ធ​របស់​កម្ពុជា​ក្នុង​ដំណើរ​ស្វែងរក​សន្តិភាព និង​អភិវឌ្ឈ​កម្ពុជា។

លោកក៏​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការយក​ចិត្ត​ទុក​ដាក់​ខិតខំ​ប្រឹងប្រែង​របស់​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព និង​បណ្តា​ស្ថាប័ន​ពាក់ព័ន្ធ ដែល​មាន​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​ក្នុង​ការរៀបចំ​កម្ម​វិធី​សិក្សា ខ្លឹមសារ​មេរៀន ឯកសារ ដឹកនាំ​គ្រប់គ្រង បង្រៀន និង​រៀន ដែល​ធ្វើ​ឱ្យ​វគ្គ​ហ្វឹកហ្វឺន​នេះ បាន​ដំណើរការ​តាម​ពេល​កំណត់៕