កំពង់ធំៈ លោក ​ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ បានផ្តល់​គោលការណ៍​មួយចំនួន ដល់​មន្ត្រី​ជំនាញ មិនត្រូវ​ចុះទៅ​រុះរើ​ផ្ទះ បំផ្លាញ​ដំណាំ​របស់​ប្រជាពលរដ្ឋ​ទៀត​ទេ តែ​ត្រូវ​បន្ត​ចុះ​ពិនិត្យ​ស្រាវជ្រាវ​ប្រវត្តិ​ដី​បន្ថែមទៀត ដើម្បី​ពិនិត្យ​លទ្ធភាព​ដី​ដែល​ត្រូវ​កាត់​ឆ្វៀល​ជូន​ប្រជាពលរដ្ឋ និង​ដី​រដ្ឋ​ត្រូវ​រក្សាទុក​សម្រាប់​ពេលអនាគត​។​


​ជាមួយគ្នានេះ ប្រជាពលរដ្ឋ ត្រូវមាន​ភាពស្មោះត្រង់ និង​ហាម​ដាច់ខាត មិនឱ្យ​មានការ​កាប់​រុករាន​ដីព្រៃ​បន្ថែមទៀត​នោះទេ​។ លើសពីនេះ​ទៀត អាជ្ញាធរ​ដែនដី ត្រូវ​សហការ​ជាមួយ​ប្រជាពលរដ្ឋ ផ្សព្វផ្សាយ​គោលនយោបាយ​ដីធ្លី​ឱ្យបាន​ទូលំទូលាយ និង​មាន​ភាពច្បាស់លាស់​។​

​លោក​អភិបាលខេត្ត បាន​ថ្លែង​បែបនេះ កាលពី​ថ្ងៃទី​៩​កុម្ភៈ ក្នុង​វេទិកាសាធារណៈ ផ្សព្វផ្សាយ​អំពី​បញ្ហាដីធ្លី​ជូន​ប្រជាពលរដ្ឋ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម នៅក្នុង​ឃុំ​បឹងល្វា ស្រុក​សន្ទុក ខេត្តកំពង់ធំ​។​


​លោក​បាន​លើកឡើងថា វេទិកា​នេះ ពិតជា​មាន​សារៈសំខាន់​សម្រាប់​ប្រជាពលរដ្ឋ មានឱកាស​លើកឡើង​នូវ​ទុក​កង្វល់ បញ្ហា​ប្រឈម ក៏ដូចជា​សំណូមពរ​នានា ជូន​ថ្នាក់ដឹកនាំ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ឱ្យបាន​ល្អប្រសើរ​។

​ជាមួយគ្នានេះ​លោក​ងួន រតនៈ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូមកុំ​ឱ្យមាន​ការចាញ់បោក​ចំពោះ​បុគ្គល​មួយចំនួន ដែល​តែង​យក​លេស​ថា រត់ការ​ដើម្បី​បានចេញ​ប្លង់​កម្មសិទ្ធិ​ឱ្យសោះ​៕