ធនាគារជាតិ​នៃ​កម្ពុជា ក្រើន​រំឭក​ដល់​គ្រប់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ និង​គ្រឹះស្ថាន​ឥណទាន​ជនបទ​ទាំងអស់ ហាម​ដាច់​ខាត​ទទួល​យកអត្តសញ្ញាណ​បណ្ណ ឬ​សៀវភៅ​គ្រួសារ សម្រាប់​ការ​ធានា​លើ​ការ​ផ្តល់​ឥណទាន។ ក្នុង​ករណី​មិន​ស្តាប់​តាម​ការ​ណែនាំ នឹង​ត្រូវ​រង​ទណ្ឌកម្ម​ខាងវិន័យ នៃ​ច្បាប់​ស្តី​ពី​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ។


ក្នុងលិខិត​របស់​អគ្គនាយក​ត្រួត​ពិនិត្យ​ធនាគារ​ជាតិ​នៃ​កម្ពុជា លោក រ័ត្ន សុវណ្ណនរៈ ចុះ​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ ២០២៣ ដែល​បាន​ជម្រាប​ជូនដល់​លោក លោកស្រី អគ្គនាយក អគ្គនាយិកា គ្រប់គ្រឹះ​ស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ និង​គ្រឹះស្ថាន​ឥណទាន​ជនបទ បាន​បញ្ជាក់​ថា អត្តសញ្ញាណបណ្ណ ឬ​សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់នៅ ជា​ប្រភេទ​លិខិត​យថាភូត​ដែល​ចេញ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​សម្រាប់​បញ្ជាក់​អត្តសញ្ញាណ​បុគ្គល និង​សម្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណោះ។

ប្រភព​ដដែល​បន្ត​ថា៖ «លិខិតយថាភូត​មិនមែន​ជា​ទ្រព្យ​សម្រាប់​ការ​ដាក់​បញ្ចាំ ឬ​ជា​ទ្រព្យធានា​ក្នុង​ប្រតិបត្តិការ ផ្តល់​ឥណទាន​ឡើយ ពីព្រោះថា លិខិត​ទាំងនោះ​មិនមាន​តម្លៃ​សេដ្ឋកិច្ច​សម្រាប់​សកម្មភាព​ពាណិជ្ជកម្ម»។


ធនាគារជាតិនៃ​កម្ពុជា​បាន​សង្កត់​ធ្ងន់ថា នេះជា​ការ​ក្រើន​រំឭក​ដល់​គ្រប់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ និង​គ្រឹះស្ថាន​ឥណទាន​ជនបទ​ទាំងអស់ និង​តម្រូវ​ឱ្យ​គ្រឹះស្ថាន​បញ្ឈប់​ជា​បន្ទាន់ ចំពោះ​ការ​ទទួល​យក​នូវ អត្តសញ្ញាណបណ្ណ ឬ​សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់នៅ សម្រាប់​ជា​វត្ថុធានា​លើ​ការ​ផ្តល់​ឥណទាន។

ក្នុង​លិខិត​ដដែល​បាន​ព្រមាន​ថា៖ «ក្នុង​ករណី គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ និង​គ្រឹះស្ថាន​ឥណទាន​ជន​បទ​ណា​មិន​អនុវត្ត​តាម​ច្បាប់ និងបទប្បញ្ញត្តិ​ជាធរមាន គ្រឹះស្ថាន​នឹង​ត្រូវ​រងទណ្ឌ​កម្ម​ខាង​វិន័យ​ស្រប​តាម​មាត្រា ៥២ នៃ​ច្បាប់​ស្តីពី​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ»។


ជុំវិញ​បញ្ហានេះ លោក កាំង តុងងី អ្នកនាំពាក្យ​សមាគមគ្រឹះ​ស្ថានមីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា មាន​ប្រសាសន៍​ថា តាម​ពិត​ការ​ប្រកាស​នេះ​មាន​យូរហើយ ដែល​មិន​អនុញ្ញាត​ឱ្យ​យក​អត្តសញ្ញាណ​បណ្ណ ឬ​លិខិត​ស្នាក់នៅ ឬ​សៀវភៅ​គ្រួសារ​ទៅ​ធ្វើជា​ទ្រព្យ​បញ្ចាំនោះ​ទេ ហើយ​ការងារ​នេះ នៅសមាគម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​តែងតែ​អនុវត្ត​បាន​ខ្ជាប់ខ្ជួន។

លោកថា៖«នេះមិនមែន​ជា​រឿងថ្មី គឺ​ច្រើន​ឆ្នាំ​មក​ហើយ គ្មាន​នរណា​ហ៊ាន​ធ្វើ​ទេ ព្រោះ​បើ​គាត់​ហ៊ាន​ធ្វើ​នឹង​រងការ​ពិន័យ​ធ្ងន់ធ្ងរ អ៊ីចឹង​ខ្ញុំ​អាចនិយាយ​បាន​ថា បើសិន​ក្នុង​កម្រិត​សមាជិក​សមាគម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា គឺ​មិនមាន​អ្នកណា​ធ្វើ​បែប​នោះទេ»។

លោកបន្ថែមថា៖ «ខ្ញុំ​អាច​ធានា​បាន​ថា នៅ​ក្នុង​ចំណោម​សមាជិក​ទាំង ១២៥ របស់​សមាគម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា គឺ​នឹង​មិនមាន​គ្រឹះស្ថាន​ដែល​គាត់​ទៅ​យក​ឯកសារ​ទាំង​នោះ​មក​ធ្វើ​ការ​ធានា​នោះ​ទេ ព្រោះ​យក​មក​អត់​ចំណេញ​ទេ ព្រោះ​អាជ្ញាធរ​គាត់​ចាប់​បាន​នឹង​មាន​ការដាក់​ពិន័យ​ធ្ងន់ធ្ងរ​ណាស់»។

សូមជម្រាបថា ការក្រើនរំឭកនេះ ខណៈ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ (ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣) ខិតជិត​មកដល់ ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​យក​ឯកសារ​ស្របច្បាប់​ដែល​ចេញ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ចយក​ដាក់​បញ្ចាំ​នៅ​តាម​គ្រឹះស្ថាន​មួយ​ចំនួន​ដើម្បី​ធានា​ទៅ​លើ​ប្រាក់​កម្ចី៕