ព្រះសីហនុៈ សមាគមជប៉ុន-កម្ពុជា ជូនរថយន្តពន្លត់អគ្គិភ័យជណ្ដើរវែង ១គ្រឿង ដល់រដ្ឋបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ មានទីតាំងនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ និងបានអញ្ជើញចូលរួមពិធីប្រគល់-ទទួលដោយលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងតាកាហាស្សិ ហ្វូមីអាគិ ប្រធានសមាគម ជប៉ុន-កម្ពុជា។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណសមាគម ជប៉ុន-កម្ពុជា ដែលផ្ដល់រថយន្តពន្លត់អគ្គិភ័យជណ្ដើរវែងជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងនាមរដ្ឋបាលខេត្ត លោកបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូសមាគមជប៉ុន-កម្ពុជា ដែលបានអញ្ជើញមកដល់ខេត្តព្រះសីហនុ។
លោកបញ្ជាក់ថា៖ «សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគម និងក្រុមហ៊ុនដែលបានឧបត្ថម្ភរថយន្តពន្លត់អគ្គិភ័យជណ្តើរវែងចំនួន ១គ្រឿង ដល់រដ្ឋបាលខេត្តព្រះសីហនុនាឱកាសនេះ»។
លោកអភិបាលខេត្តបានបន្តថា កម្ពុជា-ជប៉ុន មានទំនាក់ទំនងយ៉ាងស្អិតរមួត និងមានប្រវត្តិឧបត្ថម្ភគាំទ្រ គ្នាតាំងពីយូរលុងណាស់មកហើយ។ ប្រទេសកម្ពុជា និងប្រទេសជប៉ុន បានបង្កើតទំនាក់ទំនងការទូតផ្លូវការនៅថ្ងៃទី៩ ខែមករា ឆ្នាំ ១៩៥៣ ហើយនៅក្នុងឆ្នាំ ២០២៣ នេះ គឺជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាង កម្ពុជា-ជប៉ុន។
ពីមួយឆ្នាំទៅមួយឆ្នាំ ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរមានភាពល្អប្រសើរជាបន្តបន្ទាប់ ជាពិសេស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទ្វេភាគីមានការរីកចម្រើន។ ក្រោមគម្រោងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ខេត្តព្រះសីហនុ ទទួលការឧបត្ថម្ភគាំទ្រលើគម្រោងអភិវឌ្ឍន៍ជាច្រើនក្នុងវិស័យនានា ដូចជា សុខាភិបាល អប់រំ បរិស្ថាន ទូរគមនាគមន៍ ធារាសាស្ត្រ ជាពិសេស គម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេស។
លោកថ្លែងថា៖«បេសកកម្មរបស់ឯកឧត្តម កាលពីឯកឧត្តមជាឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា តែងតែបានជួបប្រជុំជាមួយរដ្ឋបាលខេត្តព្រះសីហនុ ជាច្រើនលើកច្រើនសានិងបានផ្សព្វផ្សាយអំពីខេត្តព្រះសីហនុ ព្រមទាំងទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ ជប៉ុនមកទស្សនា និងសិក្សាឈ្វេងយល់អំពីឱកាសវិនិយោគនៅខេត្តព្រះសីហនុ»។
លោកអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ការផ្ដល់នូវរថយន្តពន្លត់អគ្គិភ័យជណ្ដើរវែង ១គ្រឿងនេះ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន និងមានសម្ភារសំខាន់ក្នុងការអន្តរាគមន៍ពន្លត់អគ្គិភ័យ និងកាត់បន្ថយហានិភ័យនានា បង្កឡើងដោយអគ្គិភ័យក្នុងខេត្តព្រះសីហនុ។
រដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា រថយន្តពន្លត់អគ្គិភ័យជណ្តើរវែងនេះ មានដៃរហូតដល់ ៣៥ម៉ែត្រ អាចធ្វើការងារលើសំណង់អគារមានកម្ពស់ ១៣ ជាន់ ហើយរដ្ឋបាលខេត្តព្រះសីហនុ មានតម្រូវការរថយន្តប្រភេទជណ្តើរវែងនេះបន្ថែមទៀត ដើម្បីចូលរួមអន្តរាគមន៍ ក្នុងការជួយពន្លត់អគ្គិភ័យនៅក្នុងខេត្តព្រះសីហនុរបស់យើង ដោយសារតែបច្ចុប្បន្នខេត្តព្រះសីហនុមានអគារ ខុនដូរខ្ពស់ជាច្រើន ព្រមទាំងស្នើសុំឱ្យមានការជួយបណ្តុះបណ្តាលការប្រើប្រាស់ និងការថែទាំឱ្យមានគុណភាព គុណតម្លៃជាប្រយោជន៍ប្រើប្រាស់បានយូរនា ពេលខាងមុខ៕