ភ្នំពេញៈ មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បានឱ្យដឹងថា ថ្នាក់ដឹកនាំ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​រៀបចំ​ពិធី​បុណ្យសព​ជូន​កងទ័ព​មួក​ខៀវ​កម្ពុជា​ម្នាក់ ដែល​បាន​ពលី​ជីវិត​អំឡុង បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព​នៅ​តំបន់​តេស​សាលី​ត ប្រទេស​ម៉ាលី​។


​បើ​តាមរយៈ​សេចក្តីប្រកាស​ពី​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​បានឱ្យដឹង​នៅ​ថ្ងៃទី​ ១១ កុម្ភៈ ឆ្នាំ​ ២០២៣ ​ថា ក្រុម​កា​ងារ​នៃ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​ដែល​ដឹកនាំ​ដោយ​លោក​សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​សម្រាប់​ប្រារព្ធ​ពិធី​បុណ្យសព​កងទ័ព​មួក​ខៀវ​កម្ពុជា​លោក​ភឿ​ក ជី​វ័​ន្ត ដែល​បាន​ពលី​ជីវិត​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជា​តិ ក្នុង​តំបន់​តេស​សាលី​ត ប្រទេស​ម៉ាលី​។​

​តាមរយៈ​សារលិខិត​រំលែក​មរណ​ទុក្ខ​ពី​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​ឱ្យដឹងថា លោក​ភឿ​ក ជី​វ័​ន្ត មាន​តួនាទី​ជា​មេបញ្ជាការរង​កងអនុសេនាធំ​វិស្វកម្ម​ព្រលានយន្តហោះ​លេខ​ ៧២៩ ប្រចាំ​តំបន់​តេ​សាលី​ត បានទទួល​មរណភាព​ដោយ​រោគាពាធ​ក្នុង​វ័យ​ ៤២ ឆ្នាំ កាលពី​ថ្ងៃទី​ ៩ ខែកុម្ភៈ ឆ្នាំ ​២០២៣​។​


​លោកស្រី កុសល ម៉ា​លីន​ដា អ្នកនាំពាក្យ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន​និង​កាកសំណល់​សង្គ្រាម​ប្រាប់​ឱ្យដឹងថា ខាង​ក្រុមការងារ​ភាគី​កម្ពុជា កំពុងធ្វើការ​ជាមួយ​ភាគី​អង្គការសហប្រជាជាតិ​ជុំវិញ​មរណភាព​របស់ លោក ភឿ​ក ជី​វ័​ន្ត​។ តាម​ការសន្និដ្ឋាន​ជាបឋម លោក​ភឿ​ក ជី​វ័​ន្ត ទទួលមរណភាព​ដោយ​បញ្ហា​សួត ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​ដែលជា​ជំងឺ​ប្រចាំ កាយ​របស់គាត់ ហើយ​ភាគី​អង្គការសហប្រជាជាតិ​កំពុង​បន្ត​ពិនិត្យ បើសិន​ជាការ​ពលី​ជីវិត​ស្ថិតក្នុង​គោលការណ៍ នោះ​អង្គការសហប្រជាជាតិ​នឹងមាន​សំណង​ឧបត្ថម្ភ​ជូន​គ្រួសារ​សព​ផងដែរ​។​

​លោកស្រី កុសល ម៉ា​លីន​ដា ថ្លែងថា​៖ «​ខាងយើង​និង​ថ្នាក់ដឹកនាំ មានការ​សោកស្តាយ​ដែល​កម្ពុជា​យើង​បាន​បាត់បង់​វីរជន​១​រូប​ដែល​គាត់​មានចំណេះ​ជំនាញ​ក្នុង​បេសកកម្ម ហើយ​ណាមួយ គាត់​ចូលរួម​ហ្នឹង​ជា​មេបញ្ជាការ​​រង នៃ​កងវិស្វកម្ម​ព្រលានយន្តហោះ​ដែល​គាត់​ជា​វិស្វករ​ ១ ​រូប មាន​គេ​គោរព​ស្រឡាញ់​គាត់​ច្រើន ហើយ​គាត់​បំពេញការងារ​ហ្នឹង​ក៏បាន​ស្នាដៃ​ច្រើន ដែលជា​ការសោកស្តាយ​មួយ​ដែល​យើង​បាត់បង់​រូបគាត់​នាពេលនេះ​»​។​


​អ្នកនាំពាក្យ​រូបនេះ​បន្ថែមថា ខាង​កម្ពុជា​មិនទាន់បាន​ទទួលដំណឹង​ច្បាស់​ទេ​ថា តើ​សាកសព​លោក​ភឿ​ក​ជី​វ័​ន្ត នឹង​ដឹក​មកដល់​កម្ពុជា​ក្នុង​ពេលណា​នោះទេ ខណៈ​ភាគី​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព និង​ក្រុមការងារ​បេសកកម្មរ​ក្សា​សន្តិភាព អង្គការសហ ប្រជាជាតិ​នៅ​បន្តធ្វើ​ការ​លើ​រឿងនេះ​ពោលគឺ​សាកសព​លោក​ភឿ​ក ជី​វ័​ន្ត​កំពុងស្ថិត​ក្នុងដំណាក់កាល​ស៊ើបអង្កេត និង​ធ្វើ​កោសល្យ​វិ​និ​ច័យ​រក​មូលហេតុ​នៃ​ការ​ពលី​ពិតប្រាកដ​នៅឡើយ​។​

​សម្រាប់​លោក ​យង់ ពៅ​ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​សម្តែង​ការសោកស្តាយ​ជាខ្លាំង​ចំពោះ​ការបាត់បង់​កងទ័ព​មួក​ខៀវ​កម្ពុជា ខណៈ​កំពុង​បំពេញបេសកកម្ម​រក្សា​សន្តិភាព នៅក្រៅ​ប្រទេស​ជាការ​បាត់បង់​ធនធានមនុស្ស​ដ៏​មាន​សារៈសំខាន់ ដែល​លោក​សង្ឃឹមថា ភាគី​អង្គការសហប្រជាជាតិ នឹង​ពិនិត្យ​ឱ្យបាន​ត្រឹមត្រូវ ដែល​ការ​ពលី​របស់​កងទ័ព​មួយ​ខៀវ​កម្ពុជា​រូបនេះ ជាការ​ពលី​ដើម្បី​កិត្តិយស និង​បេសកកម្ម​រក្សា​សន្តិភាព​ពិភពលោក​។​

​លោក យង់ ពៅ ថ្លែងថា​៖ «​ការបញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​នេះ​ពិតជា​មាន​អត្ថន័យ​សម្រាប់​កម្ពុជា​និង​មាន​ភាពចាំបាច់​សម្រាប់​ប្រជាជាតិ​សកល ព្រោះ​ប្រទេសមួយ​ចំនួន កំពុង​ជួបប្រទះ​នូវ​សង្គ្រាម ខណៈ​កម្ពុជា​ក៏​ធ្លាប់​ឆ្លងកាត់​សង្គ្រាមស៊ីវិល​ដែលមាន​វត្តមាន​កងទ័ព​មួក​ខៀវ អង្គការសហប្រជាជាតិ​ចូល​មកជួយ​កម្ពុជា​ក្រោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​»​។​

​បើតាម​លោកស្រី កុសល ម៉ា​លីន​ដា រហូតមកដល់​បច្ចុប្បន្ន​កងទ័ព​មួក​ខៀវ​កម្ពុជា​បាន​ស្លាប់​ចំនួន​ ១១ ​រូបខណៈ​អ្នក​ធ្លាប់​រងរបួស​មាន ១៥ ​រូប អំឡុងពេល​បំពេញបេសកកម្ម​នៅតាម​តំបន់​គោលដៅ​ផ្សេងៗ​។ មជ្ឈមណ្ឌល​ជាតិ​​រក្សា​សន្តិភាព ឱ្យដឹងថា ចាប់តាំងពី​ឆ្នាំ ​២០០៦ មកដល់​ឆ្នាំ​ ២០២៣ កម្ពុជា​បាន​បញ្ជូន​កងទ័ព​មួក​ខៀវ​ចូលរួម​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​ជាង​ ៨​ ពាន់​នាក់​នៅ​ប្រទេស​ចំនួន​ ៩ រួមមាន​ស៊ូដង់ ស៊ូដង់​ខាងត្បូង ឆាដ អ្រា​ហ្វិ​ក​កណ្តាល លី​បង់ ស៊ី​ប ស៊ី​រី ម៉ាលី និង​យេ​ម៉ែន​៕