ត្បូងឃ្មុំៈ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ថ្លែងថា ក្រុមការងារ​របស់លោក បាន​និង​កំពុង​រៀបចំ​ដាំ​ផ្កាស្បៃរឿង ចំនួន​ ១​ លាន​គុម្ព ក្នុង​ទីតាំង​ទន្លេ​ស្ងួត ក្នុង​តំបន់​ប្រាសាទព្រះធាតុ​បា​ស្រី ស្ថិតនៅក្នុង​ឃុំ​ព្រះ​ធាតុ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ដើម្បី​ប្រែក្លាយ​តំបន់​នេះ ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍ធម្មជាតិ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​នៅពេល​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខ​។​


​ លោក អ៊ាង សុផល្លែត ដែលជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​អូររាំងឪ ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន ពេលដែល​ចុះទៅ​កាន់​ទីតាំង​នេះ ដើម្បី​ជំរុញ​ការដាំ​ផ្កា​ស្បៃរឿង​កាលពី​ថ្ងៃទី១២ ខែកុម្ភៈ ឱ្យដឹងថា ទីតាំង​ដែល​ត្រូវ​ដាំ​ផ្កា​ស្បៃ​រឿងនេះ គឺជា​ទីតាំង​ប្រវត្តិសាស្ត្រ ដែលមាន​វត្ត​ព្រះ​ធាតុ ដែលមាន​ប្រវត្តិ​យូរលង់​ណាស់​មកហើយ ហើយក៏​ជាទី​តាំង​គោរព​សក្ការៈ​របស់​ស្តេច​ជាច្រើន​អង្គ​។​

​លោក​បន្តថា ទីតាំង​វត្ត​នេះ ស្តិ​ត​នៅក្នុង​ទន្លេ​ស្ងួត ដែលមាន​ទំហំ ១៤ហិកតា ហើយ​ត្រូវបាន​ទុកចោល មិនមាន​ការអភិវឌ្ឍ​ និងធ្វើ​អ្វី​នោះទេ។ ក៏​ស្រាប់តែ​ក្រុមការងារ​ចុះជួយ​ស្រុក​អូររាំង​ឪមើលឃើញ​ស្ថា​ភាព​បែបនេះ ក៏​សម្រេច ប្រែក្លាយ​តំបន់​នេះ ឱ្យទៅជា​ទីតាំង​អាច​ទទួល​ភ្ញៀវទេសចរ​បាន​។​


​លោក​ថ្លែងថា​៖«ពេលនេះ ក្រុមការងារ កំពុង​រៀបចំ​ដាំ​ផ្ការ​ស្បៃរឿង​ដែលមាន​ទទឹង ប្រវែង ៣ម៉ែត្រ និង​បណ្តោយ១គីឡូ​កន្លះ​ដី ដែលមាន​ប្រមាណ​ជាង ១លាន​គុម្ពដើម្បី​ទទួលភ្ញៀវ​ទេសចរណ៍​ឆ្នាំ​ថ្មី ដែល​នឹង​ចូលមក​ដល់​នៅពេល​ខាងមុខនេះ។

​ បើតាម លោក អ៊ាង សុផល្លែត ការដាំ​ផ្កាស្បៃ​រឿងនេះ ត្រូវការ​ពេលវេលា​ប្រមាណ ២ ខែ ៦០ថ្ងៃ ទើប​អាច​បែកមែក​ចេញមក ប្រមាណ ១០ ទៅ ២០ទង តែ​វា​ក៏​អាស្រ័យ​លើ​បច្ចេកទេស​ដាំ​ផងដែរ។ ទោះជា​យ៉ាងណា ក៏​ផ្កាជាង ១​លាន​គុម្ព នេះ នឹងមាន​ការរីក​ស្គុសស្គាយ នៅពេលដែល​ចូលឆ្នាំ​ខ្មែរ​ដែល​នឹង​ឈានចូល​មកដល់ នៅ​ខែ​មេសាខាងមុខនេះ។​


​លោក ទ្រី ពៅ មេឃុំ​ព្រះ​ធាតុ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ថ្លែងថា ​ផែនការ​ដាំ​ផ្កាស្បៃរឿង​នេះ នឹង​ជួយ​លើក​មុខមាត់​ឃុំ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ ឱ្យមក​មកលេង​កម្សាន្ត​ក្នុង​ទីតាំង​ដែលបានកំណត់រួចហើយនោះ​នៅក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខាងមុខ ដើម្បី​ផ្តល់​ចំណូល​សេដ្ឋកិច្ច ដល់​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន​ឱ្យមាន​ជីវភាព​ធូរធារ និង​កាន់តែ​ប្រសើរ​តាមរយៈ​វិស័យ​ទេសចរណ៍ធម្មជាតិ​ផ្សារភ្ជាប់​នឹង​ទឹកដី​។​

​ លោក​បន្តថា ការដាំ​ផ្កាស្បៃរឿង​នេះ ក្រោម​ការជួយជ្រោមជ្រែង របស់ លោក អៀង សុផល្លែត ដែលជា​រដ្ឋលេខាធិការក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​អូររាំងឪ​ ហើយលោក ចង្អុលបង្ហាញ​ឱ្យ​អាជ្ញាធរ​ចូលរួម​កែលម្អ​ទីតាំង​ប្រវត្តិសាស្ត្រ ជារ​មណី​យ​ដ្ឋា​ន​ស្រស់ស្អាត ទុក​ជូន​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​មកលេង​ចូលឆ្នាំ​ខ្មែរ​នៅពេល​ខាងមុខនេះ​។​

​ បើតាម លោក អ៊ាង សុផល្លែត ក្រៅពី​រៀបចំ​ដាំ​ផ្កាស្បៃរឿង ក្រុមការងារ​ចុះ​មូលដ្ឋាន​ក៏បាន​រៀបចំ​ផ្លូវ​នៅលើ​ទំ​បន់​ទន្លេ​ស្ងួត ដើម្បី​ទទួលភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នាឱកាស​បុណ្យចូលឆ្នាំថ្មី​ដែលជា​ជំហាន​ដំបូង ហើយ​ជំហាន​បន្ទាប់​ទៀត​នឹង​ដាំ​ដើម​ឫស្សី​ផ្អែម មាន​ម្លប់​សម្រាប់​ក្លាយជា​តំបន់​ទេសចរណ៍​រយៈពេល​វែង​។ ជាពិសេស​ផ្តល់​ជា​ផល​ទំពាំង​សម្រាប់​ប្រជាជន​នៅ​តំបន់​នេះ​អាចដកហូត​ធ្វើ​ម្ហូបអាហារ​ពិសា និង​ដើម​ចាស់ៗ​អាច​យកទៅ​ធ្វើ​សម្ភារ​ផ្សេងៗ​ជាដើម​។​

​លោក​ថ្លែងថា​៖ ការរៀបចំ​ឱ្យក្លាយ​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​នេះ នឹង​បាន​ពង្រឹង​ជីវភាព​សហគមន៍ តាមរយៈ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ធម្មជាតិ​ផ្សាភ្ជាប់​ទឹកដី​។ ជាមួយគ្នានេះ ក្រុមការងារ​បានរៀបចំ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​នៅ​កន្លែង​ដាំ​ផ្កាស្បៃរឿង ដែល​ផ្តល់​ផ្តល់​ប្រយោជន៍​ដូច​ជាទី​ន្លែ​ង​ស្តុក​ទឹក យ៉ាងសំខាន់ សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់ សម្រាប់​បង្កើន​ផល​កសិកម្ម​ផងដែរ​៕