ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​អាជ្ញាធរ​មីនកម្ពុជា បាន​ថ្លែង​ឱ្យដឹង​កាលពី​ថ្ងៃទី​ ១៤ ខែកុម្ភៈថា ប្រទេស​អាល្លឺម៉ង់ ​នឹង​បន្ត​គាំទ្រ​លើ​ការងារ​បោសសម្អាត​មីន​នៅក្នុង​ប្រទេស​កម្ពុជា​ ស្រម​តាម​ទស្សនវិស័យ​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យអស់​មីន​ត្រឹម​ឆ្នាំ ​២០២៥​។


​ លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​ថ្លែង​ដូចនេះ ក្នុងពេល​ចូលរួម​អមដំណើរ លោក​ហ្វ្រាំង វ៉ាល់​ធ័​រ ឆ្តែ​ន​ម៉ៃ​យ័រ (Frank-Walter Steinmeier) ប្រធានាធិបតី​សហព័ន្ធ​អាល្លឺម៉ង់ និង​ភរិយា​ទស្សនា​តំបន់​ប្រតិបត្តិការ​បោសសម្អាត​មីន នៅ​ភូមិ​ប្រាសាទ​ចារ ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្តសៀមរាប របស់​អង្គការ​ហេ​ឡូ​ត្រាស់​។​

​ នាឱកាស​នោះ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា លោក លី ធុជ បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ និង​ថ្លែងអំណរគុណ​ដល់​ប្រ​ធា​នាធ​ប​តី និង​លោកស្រី ដែល​បាន​ចំណាយពេល​មក​ទស្សនកិច្ច​ចម្ការមីន ប្រកបដោយ​អត្ថន័យ​យ៉ាង​ធំធេង ដែល​ឆ្នាំ​២០២៣​នេះ ប្រទេស​អាល្លឺម៉ង់ បាន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​អូ​តា​វ៉ា​។​


​ លោក លី ធុជ ថ្លែងថា៖ «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​អាល្លឺម៉ង់ ដែល​បាន​ចូលរួម​ដល់​ការងារ​បោសសម្អាត​មីន​មនុស្សធម៌ ដល់​អង្គការ Halo Trust ។ ចាប់តាំងពី​ឆ្នាំ​២០១៦ ប្រទេស​អាល្លឺម៉ង់ បានផ្តល់​ថវិកា​ចំនួន​ជាង ១៧ លាន​អឺ​រ៉ូ បាន​យក​បោសសម្អាត​មីន​ក្នុង​ទំហំ​ផ្ទៃដី​បាន​ជាង ២៣ គីឡូម៉ែត្រ​ក្រឡា ស្មើនឹង ៥៧៨ ចម្ការមីន និង​មាន​ទទួលផល​ជាង ១៣ ម៉ឺន​នាក់​»​។​

​ ជាមួយគ្នានេះ ប្រទេស​អាល្លឺម៉ង់​ក៏​ធ្លាប់​បានផ្តល់​ការគាំទ្រ​ការងារ​បោសសម្អាត​មីន​ដល់​អង្គភាព​ស៊ីម៉ាក់ ចាប់តាំងពី​ឆ្នាំ​១៩៩៩ នូវ​ថវិកា​ជាង ១៩​លាន​ដុល្លារ​អាមេរិក ដោយបាន​រំដោះ​ផ្ទៃដី​មាន​មីន​ប្រមាណ​ជា ៣០ គីឡូម៉ែត្រ​ក្រឡា​។ លោក លី ធុជ បញ្ជាក់បន្ថែម​។​


​ ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នាពេល​នោះ លោក លី ធុជ បាន​បញ្ជាក់ថា ៖ «​ក្នុងឱកាស​នោះសម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រីខ្ញុំ​ បានស្នើ​សុំឱ្យ​ប្រទេស​អាល្លឺម៉ង់ បន្ត​ជួយ​គាំទ្រ​ដល់​ការងារ​បោសសម្អាត​មីន​នៅ​កម្ពុជា​ឱ្យ​អស់​ត្រឹម​ឆ្នាំ​២០២៥​។ លោក​ប្រធានាធិបតី​អាល្លឺម៉ង ក៏បាន​មានប្រសាសន៍ថា នឹង​បន្ត​គាំទ្រ​ការងារ​បោសសម្អាត​មីន ស្របតាម​ទស្សនវិស័យ​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥»​។​

​លោក​បាន​បន្តថា ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​អាល្លឺម៉ង់​នៅ​កម្ពុជា​នាពេលនេះ​គឺ​ពិត​ជាមាន​សារៈសំខាន់ ដែល​អាច​ចាត់ទុកថា​ជា​ប្រវត្តិសាស្ត្រ​ដែល​គាត់​បានមក​ដល់​ផ្ទាល់​នៅ​ចម្ការមីន​នៅ​ខេត្តសៀមរាប​នេះ ដែល​ប្រទេស​អាល្លឺម៉ង់​បាន​ជួយ​ជាច្រើន​ក្នុង​វិស័យ​មីន​នេះ​នៅ​កម្ពុជា​។​

​លោក​ទេសរដ្ឋមន្ត្រី ថ្លែងថា៖ «​ទស្សនកិច្ច​នេះ​ពិត​ជាមាន​សារៈសំខាន់ ក្នុងការ​លើកទឹកចិត្ត និង​ផ្តល់នូវ​ព័ត៌មាន​បន្ថែម ដើម្បី​ប្រទេស​អាល្លឺម៉ង់​ចូលរួម​គាំទ្រ​បន្ត​លើ​ការងារ​បោសសម្អាត គាំទ្រ​ទស្សនវិស័យ​របស់​សម្តេច​តេ​ជោ​យើង​ដែល​លោក​ចង់ឃើញ​ប្រទេស​កម្ពុជា​អស់​មីន​នៅ​ឆ្នាំ​២០២៥​នេះ​»​។​

​អង្គការ​ហេ​ឡូ​ត្រា​ស្ត (HALO Trust Cambodia)​នៅ​កម្ពុជា បានលើកឡើង​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កនៅ​រសៀល​ថ្ងៃទី​១៤ ខែកុម្ភៈ​ថា អង្គការ​មាន​កិត្តិយស​ដ៏​ឧដុង្គ​ឧត្តម ដែល​បានទទួល​ស្វាគមន៍ លោក​Frank-Walter Steinmeier ប្រធានាធិបតី​សហព័ន្ធ​អាល្លឺម៉ង់ និង​លោកស្រី​ទី១ Elke Büdenbender​។​

​ ការចុះ​ទស្សនកិច្ច​នេះ បាន​អញ្ជើញ​អមដំណើរ​ដោយ​សមាជិក​រដ្ឋសភារ​បស់​សហព័ន្ធ​អាល្លឺម៉ង់​ លោក លី ធុជ និង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន នៅ​ចម្ការមីន​១កន្លែង​របស់​អង្គការ​ហេ​ឡូ​ត្រា​ស្ត នៅក្នុង​ខេត្តសៀមរាប​។

​អង្គការ​ហេ​ឡូ​ត្រា​ស្ត​បាន​បញ្ជាក់ថា៖ «​យើងខ្ញុំ បានបង្ហាញ​គណៈប្រតិភូ​អំពី​ការងារ​បោសសម្អាត​មីន​ដោយផ្ទាល់​នៅក្នុង​ចម្ការមីន ព្រមទាំង​ណែនាំ​ខ្លួន​បុគ្គលិក​របស់​អង្គការ​ហេ​ឡូ​ត្រា​ស្ត​មួយចំនួន មុននឹង​ធ្វើការ​បង្ហាញ​អំពី​ការកម្ទេច​មីន​»​។​

​ប្រភព​ដដែល​បាន​បន្តថា រដ្ឋាភិបាល​សហព័ន្ធ​អាល្លឺម៉ង់​ បានផ្តល់​ថវិកា​ជំនួយ​ដល់​ប្រតិបត្តិការ​បោសសម្អាត​មីន​របស់​អង្គការ​ហេ​ឡូ​ត្រា​ស្ត ចាប់ពី​ឆ្នាំ២០១៦ ហើយ​អង្គការ​នេះ​ពិត​ជាមាន​សេចក្តី​ដឹងគុណ​យ៉ាង​ធំធេង​បំផុត ចំពោះ​ការបន្ត​គាំទ្រ​ដល់​ការងារ​ជួយសង្គ្រោះ​អាយុជីវិត​របស់​អង្គការ​ហេ​ឡូ​ត្រា​ស្ត​។​

​សូមបញ្ជាក់​ផងដែរ​ថា នៅក្នុង​ឆ្នាំ២០២៣ នេះ កម្ពុជា​នឹងមាន​ខេត្ត​ចំនួន១៨ ខេត្ត​ដែល​ត្រូវ​ប្រកាស​ជា​ខេត្ត​អស់​មីន ហើយ​សម្រាប់​គោលដៅ​ទៅ​ពេលខាងមុខ​ទៀត គឺ​នៅសល់​ជាង ២៣៧​គីឡូម៉ែត្រ​ក្រឡា សម្រាប់​ធ្វើការ​បោសសម្អាត​មីន​ឆ្នាំ២០២៤ និង២០២៥ ដែលកម្ពុជា ត្រូវការ​ថវិកា ប្រមាណ​ជា ៧០ លាន​ដុល្លារ​អាមេរិក ដើម្បី​បញ្ចប់​គ្រាប់មីន​ឱ្យអស់​នៅ​ឆ្នាំ​២០២៥៕