ភ្នំពេញៈ រដ្ឋាភិបាល​ជប៉ុន បានផ្តល់​ម៉ាស៊ីនរាវមីន​ប្រភេទ​ ​​ALIS ចំនួន​​ ១២​ ​គ្រឿង ដែល​គិត​ជា​ថវិកា​ចំនួន​ជិត ៥០ ​ម៉ឺន​ដុល្លារ​អាមេរិក មកដល់​មជ្ឈមណ្ឌល​ស​កម្ម​ភាព​កំចាត់មីន​កម្ពុជា ​(​ស៊ីម៉ាក់​) ​ដែល​ម៉ាស៊ីនរាវមីន​នេះ​ជា​បច្ចេកទេស​ថ្មី ទំនើប​ដំបូង​គេ​ដែល​ផលិត​នៅ​ប្រទេស​ជប៉ុន ដើម្បី​ប្រតិបត្តិការ​រាវរក​មីន ក្នុងការ​ឈានទៅ​សម្រេច​ឱ្យបាន​តាម​ផែនការ​របស់​រដ្ឋាភិបាល​«​កម្ពុជា​គ្មាន​មីន ឆ្នាំ​ ២០២៥»​។​


​លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់​បានលើកឡើង​នៅ​ថ្ងៃទី​ ១៤ ខែកុម្ភៈ ថា ម៉ាស៊ីនរាវមីន​ប្រភេទ ALIS នេះ ត្រូវបាន​អ្នកជំនាញ​ជប៉ុន​សិក្សា​ស្រាវជ្រាវ​ជាមួយ​អ្នកជំនាញ​អង្គភាព​ស៊ីម៉ាក់​អស់​រយៈពេល​ជាង​ ១៨ ​ឆ្នាំ ពោលគឺ​ចាប់តាំងពី​ឆ្នាំ​ ២០០៦​ មក​។ ម៉ាស៊ីនរាវមីន​នេះ ក៏មាន​សមត្ថភាព​អាច​ស្កេ​ន​ពិនិត្យ​វត្ថុ​លោហធាតុ​កប់​ក្នុង​ដី និង​ធ្វើ​ការវិភាគ​រូបភាព និង​ផ្តល់​សញ្ញា​រលក​សំឡេង ដែលជា​ចំណុច​ពិសេស​ក្នុង​ការកំណត់​អត្តសញ្ញាណ​វត្ថុ​កប់​ក្នុង​ដី ដូចជា គ្រាប់មីន គ្រាប់​មិនទាន់​ផ្ទុះ​ឬក៏​ជា​អំបែង​ដែក​ជាដើម​។​

​លោក ហេង រតនា បាន​ថ្លែងថា​៖ «​ម៉ាស៊ីនរាវមីន​ប្រភេទ ALIS ត្រូវបាន​រចនា​និង​ផ្គុំ​ឡើង ដោយ​សហការ​រវាង​ក្រុមហ៊ុន អ៊ីតា​លី​និង​ជប៉ុន​សំដៅ​សម្រេច​ឱ្យបាន​គោលដៅ​បង្កើន​សុវត្ថិភាព​សម្រាប់​អ្នកបច្ចេកទេស​បោសសម្អាត​មីន និង​បង្កើន​ប្រសិទ្ធភាព​ប្រតិ​ប​តិ្ត​ការ​»​។​


​ប្រធាន​ក្រុម​ប្រតិបត្តិការ​រាវរក​មីន​នៃ​អង្គការ​ដោះមីន​កម្ពុជា ​(CSHD)​ លោក ឈុន បូរ៉ា បានឱ្យដឹងថា​ក្នុងការ​រាវរក​គ្រាប់មីន​គឺមាន​ការប្រើ​សុនខ ប្រើ​ម៉ាស៊ីន ប្រើ​កណ្តុរ និង​រាវ​ដោយ​បច្ចេកទេស​ផ្សេងៗ​។ ប៉ុន្តែ​បើ​មាន​សម្ភារ​ឬ​ម៉ាស៊ីន​ទំនើប នោះ​នឹង​ជំរុញ​ឱ្យ​ប្រតិបត្តិការ​រាវរក​មីន​បាន​លឿន និង​ឆាប់រហ័ស​។

​លោក​បន្តថា បច្ចុប្បន្នក្រុម​ប្រតិបត្តិ​ករ​របស់លោក ប្រើប្រាស់​សម្ភារ​បច្ចេកវិទ្យា​រាវរក​មីន​ចុងក្រោយ​របស់​ប្រទេស​អា​ល្លឹ​ម៉​ង់ ក្នុងការ​រាវរក​មីន​។ តែ​យ៉ាងណា បើ​អង្គភាព​ស៊ីម៉ាក់​មាន​ម៉ាស៊ីន​រាវរក​មីន​ប្រភេទ ALIS ទំនើប​ដំបូង​គេ​ផលិត​នៅ​ប្រទេស​ជប៉ុន​នេះ នឹង​ជួយ​បង្កើនល្បឿន​នៃប្រតិបត្តិ​ការរក​មីន​ឱ្យមាន​ប្រសិទ្ធភាព​។​


​លោក​ ឈុន បូរ៉ា បាន​ថ្លែងថា​៖ «​ខ្ញុំ​គាំទ្រ​ឱ្យមាន​ការប្រើប្រាស់​បច្ចេក​វិទ្យា​ទំនើប សម្រាប់​រាវរក​មីន​នៅ​កម្ពុជា ដើម្បីឱ្យ​សម្រេច​ទៅតាម​ផែនការ​របស់​រាជរដ្ឋាភិបាល ដែល​ដាក់​ទិសដៅ​ឆ្នាំ ២០២៥ ធ្វើឱ្យ​កម្ពុជា​អស់​មីន ព្រោះ​ការប្រើប្រាស់​បច្ចេកវិទ្យា អាចជួយ​កាត់បន្ថយ​ហានិភ័យ​គ្រោះថ្នាក់​ដល់​ប្រតិបត្តិ​ករ ជាពិសេស​ប្រសិទ្ធភាព​នៃ​ការ​រាវរក​មីន​ឆាប់​បានឃើញ និង​ទាន់ពេលវេលា​»៕