ភ្នំពេញៈ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ក្រើនរំឭក​ដល់​សាធារណជន​ជាពិសេស​ក្រុម​ប្រជាពលរដ្ឋ​ដែល​ប្រឈម​ហានិភ័យ​នឹង​ការឆ្លង​មេរោគ​អេដស៍​គឺ​យុវវ័យ​ត្រូវការពារ​ខ្លួន​កុំឱ្យ​ឆ្លង​មេរោគ​នេះ និង​បាន​អំពាវនាវ​កុំឱ្យ​មានការ​រើសអើង​អ្នក​ផ្ទុកមេរោគ​អេដស៍​ផងដែរ​។​


​ ក្នុង​ទិវា​នៃ​ក្ដី​ស្រឡាញ់​១៤ កុម្ភៈ ឆ្នាំ​២០២៣​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​យក​ឱកាស​នេះ​រៀបចំ​ព្រឹត្តិការណ៍​ផ្សព្វផ្សាយ​អប់រំ​ផ្តល់​សារ​រំឭក​អំពី​ការបង្ការ​ការចម្លង​មេរោគ​អេដស៍ ដែលជា​សារ​ដាស់តឿន​ក្រើនរំឭក​ដល់​សាធារណជន​ទូទៅ ពិសេស​ក្រុម​ប្រជាពលរដ្ឋ​ប្រឈមមុខ​នឹង​ការឆ្លង​មេរោគ​អេដស៍​ជាងគេ ក៏ដូចជា​យុវវ័យ កុំឱ្យ​ភ្លេចខ្លួន បាត់បង់​ការទទួលខុសត្រូវ ភាពម្ចាស់ការ និង​ជួយ​ខ្លួនឯង​កុំឱ្យ​ឆ្លង​មេរោគ​អេដស៍​។ ក្នុង​កម្មវិធី​នេះ ក៏មាន​ការរៀបចំ​ស្តង់​តាំងពិព័រណ៍​របស់​ក្រុម​បុរស​ស្រឡាញ់​បុរស ស្រី​ស្រឡាញ់​ស្រី និង​ក្រុម​បំប្លែង​ភេទ​ផងដែរ និង​បានរៀបចំ​ពាក្យស្លោក​ថា បញ្ចប់​វិសមភាព បញ្ចប់​អេដស៍ បញ្ចប់​ជំងឺឆ្លង​រាតត្បាត​សកល ផ្តល់​ក្តី​ស្រឡាញ់ កុំ​ចម្លង​មេរោគ​អេដស៍​។​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​នេះ​មានការ​ចូលរួម​ពី​កងយោធពល​ខេមរភូមិន្ទ និង​មានការ​សហការ​ជាមួយ​អង្គការ​ដៃគូ​ជាច្រើន​រួមមាន អង្គការ PSI, AHF, KHANA, FHI៣៦០ រូ​ម​ជាមួយ​សមាគម​ឈូកស​។​

​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​លោក​អៀង មូលី ដែល​បាន​ចូលរួម​នៅក្នុង​កម្មវិធី​នេះ ថ្លែងថា នៅពេល​ពិភពលោក គេ​ប្រារព្ធ​ទិវា​នៃ​ក្តី​ស្រឡាញ់​ចំពោះ​គូស្នេហ៍ ក៏ប៉ុន្តែ​នៅ​ប្រទេស​កម្ពុជា​ប្រារព្ធ​ទិវា​នេះ​ដើម្បី​បង្ហាញ​ក្តី​ស្រឡាញ់​ដល់​ឪពុកម្តាយ គ្រូបាធ្យាយ ប្រពន្ធ កូន មិត្តភក្តិ ថ្នាក់ដឹកនាំ​ប្រទេសជាតិ​ជាដើម​។


លោក​បន្ថែមថា​សម្រាប់​ក​ម្ពុ​ជាការ​រៀបចំ​កម្មវិធី​នេះ ដើម្បី​សម្តែង​ក្តី​ស្រឡាញ់​ដល់​អ្នក​ផ្ទុកមេរោគ​អេដស៍​ដោយ​អំពាវនាវ​កុំឱ្យ​មានការ​រើសអើង និង​ទទួលយក​អ្នក​ផ្ទុកមេរោគ​អេដស៍​ថា​ជា​មនុស្ស​ដូចគ្នា ជា​បងប្អូន​ជនរួមជាតិ​ដូចគ្នា​។​

លោក​បញ្ជាក់​បន្ថែមថា​៖« យើង​យក​ឱកាស​នេះ ដើម្បី​បញ្ជាក់ថា រាជរដ្ឋាភិបាល​មិនមាន​ការរើសអើង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ឡើយ​។ យើង​ស្រឡាញ់​រាប់អាន​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​គ្រប់គ្នា​។ អ្វីដែល​យើង​ចង់បាន គឺ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា រួច​ផុតពី​ការឆ្លង​ជំងឺអេដស៍ ព្រោះថា​អត្រា​ចម្លង​មេរោគ​អេដស៍​ក្នុង​ក្រុម​បុរស​រួមភេទ​ជាមួយ​បុរស មាន​អត្រា​កើន​ឡើងជា​បន្តបន្ទាប់ និង​អត្រា​ខ្ពស់ គឺមាន​រហូត ៤% បើ​ធៀប​ទៅនឹង​ការឆ្លង​ក្នុងចំណោម​ប្រជាជន​ទូទៅ ដែលមាន​ត្រឹមតែ​០,៦% តែប៉ុណ្ណោះ​»​។​


​បន្ថែម​ពីនេះ លោក អៀង មូលី​លើកទឹកចិត្ត​ឱ្យ​ក្រុម​បុរស​រួមភេទ​ជាមួយ​បុរស បង្កើន​ការបង្ការ​កុំឱ្យ​មានការ​ឆ្លង​ឱ្យបាន​ខ្លាំង​បំផុត​ដោយ​ប្រើ​ស្រោមអនាម័យ ឬ​លេបថ្នាំ​មុន​រួមភេទ​(PreP)​ជាដើម​។​

​ ដោយឡែក​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍ (AHF) ដែលជា​អង្គការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​នៅលើ​ពិភពលោក កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៣ បានរៀបចំ​ទិវា​ស្រោមអនាម័យ​អន្តរជាតិ ក្រោម​ប្រធានបទ «​សុវត្ថិភាព គឺ​សិច​ស៊ី​» នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​បញ្ជ្រាប​ការយល់ដឹង​បន្ថែម​ដល់​សាធារណជន​ពី​ការប្រើប្រាស់​ស្រោមអនាម័យ​។​

​នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ AHF​លោក ឈឹម សារ៉ាត់ បាន​ថ្លែងថា ក្នុងពេល​បច្ចុប្បន្ន​សង្កេត​ឃើញថា យុវវ័យ​នៅ​កម្ពុជា​ហាក់បីដូចជា​ភ្លេច​មេរោគ​អេដស៍ និង​ជំងឺអេដស៍ ដែល​ទាមទារ​ឱ្យមាន​ការយកចិត្តទុកដាក់​លើ​បញ្ហា​នេះ​ឡើងវិញ​។ លោក​ថា​៖« អ៊ីចឹង​យើង​ក៏​សូម​យក​ទិវា​នេះ​ដើម្បី​រំឭក​ដល់​យុវវ័យ ក៏ដូចជា​ជន​ដែល​ងាយ​រងគ្រោះ ដើម្បីឱ្យ​គាត់​មានការ​ប្រុងប្រយ័ត្ន ព្រោះ​អេដស៍​នៅតែ​បញ្ហា​នៅឡើយ ហើយ​អង្គការ​AHF បានចាត់ទុក​ស្រោមអនាម័យ​នៅតែ​ជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​ក្នុងការ​ការពារ​មេរោគ​អេដស៍ និង​ជំងឺអេដស៍​»​។​

​ មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ សើ​ស្បែក និង​កាមរោគ បាន​បង្ហាញថា នៅ​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​១៩៩៨ មាន​ប្រេ​វ៉ាឡង់​អ្នក​ផ្ទុកមេរោគ​អេដស៍ អ្នកជំងឺ​អេដស៍ នៅលើ​មនុស្សពេញវ័យ អាយុ​ពី ១៥ ទៅ ៤៩​ឆ្នាំ មាន​ចំនួន ១,៧% ហើយ​មានការ​ថយចុះ​មក​ត្រឹម ០,៧% នៅ​ឆ្នាំ​២០១៣ និង​បាន​បន្ត​ចុះមក​នៅត្រឹម ០,៦% នៅ​ឆ្នាំ​២០១៤ មកដល់​ឆ្នាំ​២០២២ នេះ​៕