ភ្នំពេញៈ ​មកទល់​ពេល​បច្ចុប្បន្ននេះ អាជ្ញាធរ​អគ្គិសនី​បាន​ផ្គត់ផ្គង់​អគ្គិសនី​បាន​ចំនួន​ ៩៩.៨៨% នៃ​ចំនួន​ភូមិ​សរុប​ទូទាំងប្រទេស ខណៈ​ការសាងសង់​បណ្តាញ​ចែកចាយ​អគ្គិសនី​បន្ថែម​បាន​ចំនួន​ ០.៧៤% ទៀត ដែល​ធ្វើឱ្យ​ភូមិ​ដែលមាន​បណ្តាញ​ចែកចាយ​រួច​កើន​ដល់​ ៩៨.២៧% គិត​ត្រឹម​ចុងឆ្នាំ​ ២០២២ កន្លងទៅនេះ​។​


​ លោក យឹម វិសិដ្ឋ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ថ្លែង​ក្នុង​ពិធី​បូកសរុប​ការងារ​ឆ្នាំ​២០២២ និង​លើក​ទិសដៅ​ឆ្នាំ​២០២៣ នា​ថ្ងៃ​១៥ កុម្ភៈ​ឱ្យដឹងថា មកដល់​ចុងឆ្នាំ​២០២២​នេះ ភូមិ​ពុំទាន់​មានការ​ផ្គត់ផ្គង់​អគ្គិសនី​មាន​ចំនួន ២៤៥​ភូមិ ដែល​ក្នុងនោះ មាន​ភូមិ ២២៨ ស្ថិត​ក្នុង​ដែន​អាជ្ញា​ប័ណ្ណ​ដែល​បានផ្តល់​ឲ្យ​ទៅ​អ្នក​ចែកចាយ​រួចហើយ និង​ភូមិ ១៧ ស្ថិត​នៅក្រៅ​ដែន​អាជ្ញា​ប័ណ្ណ​។

​លោក​បន្តថា អាជ្ញាធរ​អគ្គិសនី​កម្ពុជា និង​អគ្គិសនី​កម្ពុជា​បានធ្វើ​ការសិក្សា​រួមគ្នា​អំពី​លទ្ធភាព​ពង្រីក​ការផ្គត់ផ្គង់​អគ្គិសនី​ទៅកាន់​ភូមិ​ដែល​ពុំទាន់​មាន​អគ្គិសនី​ទាំងនេះ ទាំង​ក្នុង​ក្របខ័ណ្ឌ​នៃ​លទ្ធភាព​របស់​អគ្គិសនី​កម្ពុជា​ផង និង​ទាំង​របស់​សេវាករ​ឯកជន​ផង​។


​ផ្អែក​តាម​ការសិក្សា​នេះ​បាន​បង្ហាញថា ក្នុង​ឆ្នាំ​២០២៣ ទាំង​អគ្គិសនី​កម្ពុជា និង​ទាំង​សេវាករ​ឯកជន អាចមាន​លទ្ធភាព​ពង្រីក​ការផ្គត់ផ្គង់​អគ្គិសនី​ពី​បណ្តាញ​ជាតិ​បាន​១៥៧ ភូមិ​ទៀត ដូច្នេះ​នៅក្រោយ​ឆ្នាំ​២០២៣ អាច​សល់​ភូមិ​ចំនួន​៨៨​ទៀត ត្រូវជា​០,៦២% ដែល​ពុំមាន​ការផ្គត់ផ្គង់​ពី​បណ្តាញ​ជាតិ​។

​លោក​យឹម វិសិដ្ឋ បាន​បញ្ជាក់ថា ៖ «​ភូមិ​ដែល​នៅសល់​ទាំងនេះ ជា​ភូមិ​មាន​ស្ថានភាព​ស្ថិតក្នុង​តំបន់​លំបាក​ខ្លាំង ដូចជា​តំបន់​ដាច់ស្រយាល​ខ្លាំង តំបន់​គ្មាន​ផ្លូវ​ធ្វើដំណើរ តំបន់​កោះ តំបន់​ដែលមាន​ប្រជាជន​រស់នៅ​បណ្តែត​ទឹក តំបន់​លិច​ទឹក​នៅ​រដូវវស្សា តំបន់​មាន​ប្រជាពលរដ្ឋ​រស់នៅ​រាយប៉ាយ និង​តំបន់​តាំងលំនៅ​ថ្មី​ជាដើម ដែល​ត្រូវការ​ទុនវិនិយោគ​យ៉ាងច្រើន​ដើម្បី​អភិវឌ្ឍ​ការផ្គត់ផ្គង់​ទៅកាន់​ទីនោះ​»​។


​​ លោក យឹម វិសិដ្ឋ ​ថ្លែងថា ​បច្ចុប្បន្ននេះ ក្រសួង​រ៉ែ​និង​ថាមពល អាជ្ញាធរ​អគ្គិសនី​កម្ពុជា និង​អគ្គិសនី​កម្ពុជា បាននិងកំពុង​ធ្វើការ​រួមគ្នា​ពិនិត្យ​លទ្ធភាព​រក​ដំណោះស្រាយ​ផ្សេងៗ ជូន​ភូមិ​ដែល​នៅសល់​ទាំង ៨៨ នេះ តាម​ស្ថានភាព​ជាក់ស្តែង​នៃ​ភូមិ​នីមួយៗ តាមរយៈ​ការផ្គត់ផ្គង់​អគ្គិសនី ពី​ប្រភព​ពន្លឺព្រះអាទិត្យ​ប្រព័ន្ធ​ទោល​ដែល​អាចជា​ប្រភព​ទុន​របស់​អគ្គិសនី​កម្ពុជា ពី​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​នានា ពី​ការវិនិយោគ​របស់​ក្រុមហ៊ុន​ឯកជន​។​

ជាមួយនេះ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​លោក គី សេរី​វឌ្ឍន៍ បាន​ប្រាប់​ឱ្យដឹងថា ការពង្រីក​បណ្តាញ​អគ្គិសនី​ទៅដល់​ភូមិ​ស្រុក​នៃ​ប្រទេស​កម្ពុជា​នឹង​ជួយ​ឱ្យ​ជីវភាព ក៏ដូចជា​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ មានការ​រីកចម្រើន ព្រោះ​នៅពេលដែល​ប្រជាពលរដ្ឋ​មាន​អគ្គិសនី​ប្រើប្រាស់ គឺ​ពួកគាត់​អាច​ប្រើប្រាស់​ទូរស័ព្ទ មាន​ភ្លើង​បំភ្លឺ និង​បង្ហាញ​ពី​ការរីក​ចម្រើន​នៅក្នុង​មូលដ្ឋាន​។

​លោក​បន្តថា ៖ «​មួយវិញទៀត នៅពេលដែល​អគ្គិសនី​ទៅដល់​ភូមិ​បែបនេះ នឹង​ជួយ​ដល់​ការផ្គត់ផ្គង់​ផលិតកម្ម និង​អាជីវកម្ម​ផ្សេងៗ ជាពិសេស នឹង​ជួយ​កាត់បន្ថយ​ថ្លៃដើម​នៃ​ផលិតកម្ម​របស់​ពួកគាត់​ផងដែរ​។​ទាំងនេះ គឺជា​ចំណុច​ល្អ​មួយ​ដែល​រាជរដ្ឋាភិបាល តាមរយៈ​អគ្គិសនី​ត​បណ្តាញ ឱ្យទៅដល់​ភូមិ​របស់គាត់ ដើម្បី​រួមចំណែក​ដល់​ការកាត់បន្ថយ​ការចំណាយ​នានា​»៕