កោះកុង​/​កណ្តាលៈ អង្គការ WCS សហការ​ជាមួយ​រដ្ឋបាល​ជលផល​នា​ថ្ងៃទី ​១៦ ខែកុម្ភៈ ឆ្នាំ​ ២០២៣ ​បាន​យក​អណ្តើក​ហ្លួង​ចំនួន ​១៥​ ក្បាល​ពី​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូ​ន​កោះកុង ទៅ​ប្រគល់ជូន​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​និង​អភិវឌ្ឍ​វារីវប្បកម្ម សម្តេច​តេ​ជោ ហ៊ុន សែន ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំ​រកា ខេត្តកណ្តាល​។


​យោងតាម​អង្គការ WCS បានឱ្យដឹង​នៅ​ថ្ងៃទី​ ១៧​ ខែកុម្ភៈ​នេះ​ថា ក្នុងចំណោម​អណ្តើក​ទាំង ​១៥​ ក្បាល​នោះ មាន​ញី​ចំនួន ​១​ ក្បាល ឈ្មោល​ចំនួន ​១ ​ក្បាល និង​ ១៣​ ក្បាល​ទៀត​មាន​វ័យ​ស្ទើរ​ជំទង់ ដែល​មិនទាន់​ដឹង​ភេទ​នៅឡើយ​នោះទេ​។

​អង្គការ WCS​បាន​បញ្ជាក់ថា​៖«​ការប្រគល់​នេះ គឺជា​ការឆ្លើយតប​ទៅនឹង​សំណើ​របស់​ថ្នាក់ដឹកនាំ​នៃ​វិទ្យាស្ថាន​ខាងលើ​ដែល​បាន​ស្នើសុំ​យក​ប្រភេទ​អណ្តើក​នេះ​ទៅ​ចិញ្ចឹម​នៅក្នុង​វិទ្យាស្ថាន​ក្នុង​គោលបំណង​ឱ្យ​និស្សិត​បានធ្វើ​ការសិក្សា​ស្រាវជ្រាវ​អំពី​ជីវសាស្ត្រ​របស់​ប្រភេទ​នេះ​ផង និង​ដើម្បី​បង្កាត់​ពូជ​ផង​។ វិទ្យាស្ថាន​នោះ​មាន​ផ្ទៃដី​សរុប​ប្រមាណ ៣០​ហិកតា​»​។​


​ការ​បំបែក​ចំនួន​ប្រភេទ​អណ្តើក​កម្រ​នេះ​យកទៅ​ចិញ្ចឹម​នៅ​ទីកន្លែង​ផ្សេងៗ​គ្នា គឺជា​យុទ្ធសាស្ត្រ​ដ៏​ល្អ​មួយ​ក្នុងការ​ការពារ​និង​អភិរក្ស​ប្រភេទ​នេះ​កុំឱ្យ​ផុត​ពូជ​។ វិទ្យាស្ថាន​នេះ ក្លាយជា​ទីកន្លែង​ចិញ្ចឹម​និង​បង្កាត់​ពូជ​ប្រភេទ​ជិត​ផុត​ពូជ​បំផុត ទី​បី​នៅក្នុង​ប្រទេស​កម្ពុជា បន្ទាប់ពី​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូ​ន​កោះកុង​ស្ថិតក្នុង​ខេត្តកោះកុង និង​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ​ស្ថិតក្នុង​ខេត្តសៀមរាប​៕