​ត្បូងឃ្មុំៈ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ​បានធ្វើ​ការណែនាំ​ដល់​កសិករ​ឱ្យ​ធ្វើការ​រក្សាទុក​ពូជស្រូវ​ដោយ​ខ្លួនឯង ដើម្បី​កាត់បន្ថយ​ចំណាយ​ក្នុង​ការដាំដុះ ហើយ​ត្រូវ​ចុះ​មើល​ស្រែ​ជា​ទៀងទាត់ ដើម្បី​តាមដាន​ទប់ស្កាត់​សមាសភាព​ចង្រៃ​។​


​ការធ្វើ​ការណែនាំ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងពេលដែល​មន្ត្រី​ជំនាញ​កសិកម្ម និង​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ចុះ​ពិនិត្យ​ការដាំដុះ​ជាថ្មី​និង​ក្តាប់​ពី​ស្ថានភាព​ប្រមូល​ផលដំណាំ​ស្រូវ​ដែល​បាន​ដាំ​ស្តារឡើងវិញ​ក្រោយ​ជំនន់​ទឹកទន្លេ​មេគង្គ​នាពេល​កន្លងមក​នៅ​ភូមិសាស្ត្រ​ឃុំ​ព្រះ​ធាតុ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ​។ នេះ​បើ​យោងតាម​ក្រសួងកសិកម្ម​នៅ​ថ្ងៃទី​១៧​ខែកុម្ភៈ​នេះ​។

​តាម​របាយការណ៍​រប​ស់​រដ្ឋបាល​ឃុំ​បានឱ្យដឹងថា ការដាំ​ជាថ្មី​ពេលនេះ​ធ្វើ​ឡើងលើ​ផ្ទៃដី​ប្រមាណ​១០០ ហិកតា បន្ទាប់ពី​ប្រមូល​ផល​រួច ដោយ​ប្រើប្រាស់​ពូជ​ដែល​បាន​ពី​ការដាំដុះ​ស្តារឡើងវិញ​កន្លងមក​នេះ ហើយ​បាន​ពិនិត្យឃើញថា ស្រូវ​មាន​ដំណុះ​ល្អ​។ ពូជស្រូវ​អន្តរាគមន៍​ពី​រាជរដ្ឋាភិបាល​ដាំ​ស្តារឡើងវិញ​បន្ទាប់ពី​ទឹកជំនន់​កន្លងមកនេះ ប្រជាកសិករ​ប្រមូល​ផល​រួចរាល់​ដោយមាន​ទិន្នផល​ជា​មធ្យម ៦​តោន​ក្នុង​មួយ​ហិកតា ព្រោះ​គ្រាប់ពូជ​មាន​ដំណុះ​និង​សុខ​ភាពល្អ លក់បាន​តម្លៃ ១ ០៣០​រៀល​ក្នុង​មួយ​គីឡូក្រាម​។


​ប្រជាកសិករ​សប្បាយរីករាយ​និង​បន្ត​រក្សា​ទុកជា​ពូជ​មកដល់ពេលនេះ​ទៀត​។ ក្នុង​ឆ្នាំ​២០២២ ឃុំ​ព្រះ​ធាតុ ស្រូវ​ខូចខាត​ដោយ​ទឹកជំនន់ ១៣០​ហិកតា ស្មើ​២០៤​គ្រួសារ ហើយ​ទទួលបាន​ការជួយ​អន្តរាគមន៍​ពូជ​ពី​រាជរដ្ឋាភិបាល​ចំនួន ១៥៨០០​គីឡូក្រាម​។

​តាម​ការពិនិត្យ​នេះ​ឃើញថា ការរក្សា​ទុក​ពូជ​បន្ត​នេះ ពូជ​មាន​គុណភាព​ទទួលយក​បាន ក្រុមការងារ ក៏បាន​ណែនាំ និង​សូមឱ្យ​លោក​រដ្ឋបាល​ឃុំ​ជួយ​ផ្សព្វផ្សាយ​បន្ត ជូន​ប្រជាកសិករ ឱ្យ​រក្សាទុក​ស្រូវ​នៅ​ជ្រុង​ណាមួយ​នៃ​ដីស្រែ​ដែល​គិតថា​មាន​បរិមាណ​ស្រូវ​សមល្មម​សម្រាប់​ព្រោះ​លើ​ផ្ទៃដី​ដាំ​បន្ត ដោយ​ធ្វើការ​សម្អាត​ស្មៅ កាត់​ពូជ​លាយ និង​សម្រាំង​គ្រាប់​ឱ្យបាន​ស្អាត​ល្អ​។ ការធ្វើ​បែបនេះ វា​នឹង​អាចឱ្យ​កសិករ​មានពូជ​គុណភាព​សមរម្យ​និង​កាត់បន្ថយ​ចំណាយ​លើ​ការទិញ​ពូជ​ពី​ក្រៅ​។


​ក្នុង​ឆ្នាំ​២០២២​កន្លងមក ដំណាំ​ស្រូវ​របស់​ប្រជាកសិករ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ៣ ៩០៥,៧០​ហិកតា​បាន​ខូចខាត​ដោយសារ​ទឹកជំនន់ ស្មើនឹង ៤ ៩៩២​គ្រួសារ ហើយ​ទទួលបាន​ការជួយ​អន្តរាគមន៍​ផ្តល់​ស្រូវពូជ​ពី​រាជរដ្ឋាភិបាល ៣៩៥ ០៥០​គីឡូក្រាម​។ តាមរយៈ​ការចុះពិនិត្យ​កន្លងមក​ស្រូវ​មាន​ដំណុះ​ល្អ លូតលាស់​ល្អ ហើយ​រហូតមក​ដល់ពេលនេះ ស្រូវ​ទាំងអស់​បាន​ប្រមូល​ផល​រួចរាល់​ដោយមាន​ទិន្នផល​ជា​មធ្យម​៥,៥​តោន​ក្នុង​មួយ​ហិកតា លក់បាន​ក្នុងតម្លៃ​ជា​មធ្យម ១ ០២០​រៀល​ក្នុង​មួយ​គីឡូក្រាម​៕