រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានណែនាំឱ្យក្រុមនិស្សិតស្ម័គ្រចិត្តយកចិត្តទុកដាក់ស្វែងយល់ឱ្យបានច្បាស់លាស់ពីការងារផលិតពូជស្រូវ ដើម្បីរួមចំណែកជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យប្រកបរបរកសិកម្មប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតស្ម័គ្រចិត្តចំនួន ២១១នាក់ មកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឌិត ទីណា បានណែនាំឱ្យក្រុមនិស្សិត ហាត់ការត្រូវមានភាពក្លាហាន ភាពវៃឆ្លាត និងចេះរៀនរស់ជាមួយនឹងបរិបទខាងក្រៅ ដែលការទាំងនេះនឹងក្លាយជាទុនសម្រាប់និស្សិតក្នុងការអភិវឌ្ឍខ្លួន ដើម្បីអាចក្លាយជាមន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន និងអ្នកជំនួញនាពេលអនាគត។
លោកបានបញ្ជាក់ថា ៖«វត្តមានរបស់និស្សិតស្ម័គ្រចិត្តកសិកម្មនៅតាមសហគមន៍ និងនៅតាមឃុំនីមួយៗ តាមអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល នឹងរួមចំណែកជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យប្រកបរបរកសិកម្មប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ដើម្បីសម្រេចការងារនេះ គឺទាមទារឱ្យមានការចូលរួមពីនិស្សិតស្ម័គ្រចិត្តក្នុងការជួយដល់កសិករ និងវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) តាំងពីក្នុងមន្ទីរពិសោធន៍ ការដាំដុះ រហូតដល់ទីផ្សារសម្រាប់កសិករ។ នេះជាការបើកឱកាសលើកទីមួយ និងជាការប្រមូលផ្តុំនិស្សិតស្ម័គ្រចិត្តលើកដំបូងក្នុងការជួយដល់កសិករ»។
លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងដែរថា តាមរយ:ការផ្តួចផ្តើមគំនិតពីរដ្ឋមន្ត្រីក្រសួងកសិកម្មនេះ និស្សិតស្ម័គ្រចិត្តចំនួន ២០០ នាក់នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មកំពុងត្រៀមខ្លួនចុះជួយកសិករក្នុងការពង្រឹងពង្រីកការផលិតពូជស្រូវល្អ។
លោកបានបញ្ជាក់ថា៖«ការងារនេះនឹងចូលរួមចំណែកលើកស្ទួយជីវភាពកសិករនិងវិស័យស្រូវអង្ករនៅកម្ពុជា ក៏ដូចជាត្រៀមធនធានមនុស្សជាមន្ត្រីកសិកម្មឃុំនៅពេលខាងមុខ។ខ្ញុំនឹងចូលរួមចំណែកគាំទ្រដល់ការពង្រឹងសមត្ថភាពដល់និស្សិតទាំងនេះក្នុងការធ្វើការជាមួយកសិករ»។
លោក យ៉ង សាំងកុមារ បានបន្ថែមថា ក្នុងនាមលោកជាអ្នកជំនាញកសិកម្ម និងបានចាប់ផ្តើមធ្វើការជាមួយក្រសួងកសិកម្មផ្ទាល់ លោកបានត្រៀមខ្លួនជាស្រេចដើម្បីចូលរួមអនុវត្តគោលនយោបាយនេះឱ្យបានជោគជ័យដើម្បីផលប្រយោជន៍កសិករ កសិកម្ម និងការអភិវឌ្ឍសង្គមជាតិទាំងមូល។
លោកបានបញ្ជាក់ទៀតថា៖«ការខ្វះខាតអ្នកជំនាញកសិកម្ម នៅតាមថ្នាក់មូលដ្ឋាននេះ គឺជាបញ្ហាប្រឈមមួយក្នុងចំណោមបញ្ហាប្រឈមជាច្រើនសម្រាប់វិស័យកសិកម្ម ដោយសារប្រទេសកម្ពុជា ជាប្រទេសកសិកម្ម ដែលតម្រូវឱ្យមានអ្នកជំនាញយ៉ាងហោចណាស់ម្នាក់នៅតាមឃុំនីមួយៗ ដើម្បីជួយដល់កសិករដោយផ្ទាល់»។
បើតាមលោកយ៉ង សាំងកុមារ ក្រសួងនឹងបែងចែកធនធានមនុស្សរបស់ក្រសួងទៅតាមទីតាំងដែលសម្បូរផលិតផលកសិកម្មផ្សេងៗគ្នា ដោយអ្នកជំនាញខាងស្រូវ នឹងដាក់ទៅខាងឃុំដែលសម្បូរស្រូវ អ្នកជំនាញខាងដំឡូងមី ដាក់ទៅឃុំដែលសម្បូរដំឡូងមី ឬអ្នកជំនាញបន្លែទៅតាមបន្លែ ដើម្បីជួយលើការងារបច្ចេកទេស ការងារសម្របសម្រួលចងក្រងជាសហគមន៍ និងការងារទីផ្សារជាដើម។លោកបានស្នើដល់និស្សិតទាំងអស់គួរចាប់ផ្តើមគិតរៀនជំនាញកសិកម្មឱ្យបានច្រើន ដែលគោលនយោបាយនេះ នឺងធ្វើឱ្យទីផ្សារការងាររបស់និស្សិតកសិកម្ម កាន់តែសម្បូរបែប ហើយនេះក៏ជាការរួមចំណែកមួយផ្នែករបស់និស្សិត ក្នុងការអភិវឌ្ឍប្រទេសជាតិ។
សូមជម្រាបជូនថា ក្រោយពីទទួលការណែនាំពីរដ្ឋមន្ត្រីក្រសួងកសិកម្ម សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានប្រកាសជ្រើសរើសនិស្សិតស្ម័គ្រចិត្តដែលទើបបញ្ចប់ថ្នាក់បរិញ្ញាបត្របាននិស្សិតចំនួន ២១១នាក់ ក្នុងនោះនារីចំនួន ១១២នាក់ ដើម្បីចូលរួមក្នុងកម្មវិធី "គម្រោងជំរុញផលិតកម្មដំណាំគ្រាប់ពូជស្រូវ និងជំរុញការនាំចេញអង្ករប្រកបដោយគុណភាព" ដែលស្ថិតក្នុងខេត្តគោលដៅចំនួន ៩។
គួរបញ្ជាក់ដែរថា និស្សិតទាំងនេះ មកពីមហាវិទ្យាល័យចំនួន ៨មានដូចជាមហាវិទ្យាល័យវិទ្យាសាស្ត្រកសិកម្ម សេដ្ឋកិច្ចកសិកម្មនិងអភិវឌ្ឍជនបទ កសិឧស្សាហកម្ម រៀបចំដែនដីនិងរដ្ឋបាលដីធ្លី វិទ្យាសាស្ត្រកៅស៊ូ វិទ្យាសាស្ត្រជលផល និងមហាវិទ្យាល័យវិទ្យាសាស្ត្រសត្វ៕