ភ្នំពេញៈ ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជាបានឱ្យដឹងថា ក្នុង​ក្របខ័ណ្ឌ​នៃ​ការជួសជុល​យ៉ាង​យកចិត្តទុកដាក់​មួយ ក្រុមការងារ​រោង​ជាង និង​អភិរក្ស​ថ្ម​នៃ​សារមន្ទីរ​ជាតិ​កម្ពុជា និង​សាលា​បារាំង​ចុង​បូព៌ា (EFEO) ទើបនឹង​បាន​ផ្គុំ​ព្រះ​បរម​រូប​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ​ជាមួយ​បំណែក​ព្រះហស្ត​របស់​ព្រះអង្គ​ក្នុង​ឥរិយាបថ​លើកដៃ​ប្រណម្យ​។​


ស្ថានទូត​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅ​ថ្ងៃទី​ ១៩ ខែកុម្ភៈ​ថា ៖ «​ព្រះ​បដិមា​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​លេច​រូបរាង​ដើម​សារជាថ្មី​!​។ នៅ​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៩០ ​ព្រះហស្ត​ស្តាំ​ជាមួយ​ប្រអប់ដៃ​សំពះ​នេះ​ត្រូវបាន​កត់សម្គាល់​ដោយ​លោក អូន វ៉ន និង​លោក មី​សែ​ល ត្រា​ណេ នៅ​ប្រាសាទព្រៃ (​ភាគ​ឦសាន​នៃ​ប្រាសាទព្រះខ័ន​)​។ ថ្មីៗ​នេះ​ព្រះហស្ត​នេះ​ត្រូវបាន​យកចិត្តទុកដាក់​សាជាថ្មី​ដោយ​លោក Eric Bourdonneau​នៅ​អភិរក្ស​ដ្ឋា​ន​អង្គរ​»​។​

​បំណែក​សំខាន់ៗ​នៃ​តួខ្លួន​បែក​បាត់ ​ត្រូវបាន​រកឃើញ​ដោយ​លោក Henri Marchal​នៅ​ភាគ​ឦសាន​នៃ​អង្គរធំ​ក្នុង​ឆ្នាំ ១៩២៤​។ ៧ ឆ្នាំ​ក្រោយមក លោក Henri Marchal​បាន​រកឃើញ​ព្រះ​សិរ​នៅ​ខាងកើត​អង្គរធំ ដែល​អនុញ្ញាត​ឲ្យ​អ្នកស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ​របស់​ព្រះ​បរម​រូប​។ នេះ​បើតាម​ការបញ្ជាក់​របស់​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​។​


​ ព្រះ​បដិមា​ត្រូវបាន​យកមក​តម្កល់ទុក​នៅ​សារមន្ទីរ​ជាតិ​នៅ​ឆ្នាំ១៩៣៤​ហើយ​ទទួលបាន​ការជួសជុល​សំខាន់​ឡើងវិញ​ដោយសារ​មន្ទីរ​ជាតិ និង EFEO នៅ​ឆ្នាំ ១៩៩៩​។​

​កាលពី​ចុងខែ​មករា ឆ្នាំ​២០២៣ កន្លងទៅ​ថ្មីៗ​នេះ សារមន្ទីរ​ជាតិ បានបង្ហាញ​ពី​លទ្ធផល​នៃ​ការតភ្ជាប់​ព្រះហស្ត​ចំនួន​២​ដែល​ត្រូវបាន​រកឃើញ​ជា​បន្តបន្ទាប់​នោះ ថា​ជា​ព្រះហស្ត​របស់​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ បន្ទាប់ពី​ធ្វើការ​ផ្គុំឡើងវិញ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។​


​ សារមន្ទីរ​ជាតិ បានឱ្យដឹងថា ជា​កំណត់សម្គាល់ បំណែក​ព្រះហស្ត​ស្តាំ​នៃ​រូប​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ រកឃើញ​នៅក្នុង​ឆ្នាំ​១៩៩០ ដោយឡែក​បំណែក​កំណាត់​ដើមដៃ​ឆ្វេង​រកឃើញ​ក្នុង​ឆ្នាំ​១៩២៤ ប៉ុន្តែ​បំណែក​ទាំង២នេះ អ្នកស្រាវជ្រាវ​ខ្មែរ​លោក​ មី​សែ​ល ត្រា​ណេ បានផ្តល់​សម្មតិកម្ម​ដំបូង​ថា​បំណែក​ទាំង២​នេះ​ជា​បំណែក​ព្រះហស្ដ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ប៉ុន្តែ​លោក​គ្មាន​ឱកាស​ក្នុង​ការយកមក​សាកល្បង​ត​ភ្ជាប់​ជា​មួយរូប​ព្រះអង្គ​នៅ​សារមន្ទីរ​ជាតិ​ឡើយ​។​

​សារមន្ទីរ​ជាតិ​កម្ពុជា បន្តថា​៖«​សម្មតិ​កម្មនេះ បានបញ្ជាក់​ច្បា​ស់នា​ឆ្នាំ​២០១៩ ពី​ក្រុម​ស្រាវជ្រាវ​បារាំង​បាន​ប្រើប្រាស់​បច្ចេកវិទ្យា 3D ស្កេ​ន​សាកល្បង​ត​ភ្ជាប់​។ ការតភ្ជាប់​ដោយ​បច្ចេកវិទ្យា​នេះ បង្ហាញថា​ បំណែ​កដៃ​ទាំង២ពិតជា​របស់​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​ពិតប្រាកដ​មែន ព្រោះ​ស្នាម​តំណ​ដែល​បែកបាក់​នោះ​ត្រួតស៊ីគ្នា​ល្អ​ស្ទើរ​១០០%»​។​

​គោលបំណង​នៃ​ការអភិរក្ស និង​ជួសជុល​នេះ ដើម្បី​ប្រយោជន៍​លើកតម្កើង​កិត្យានុភាព និង​រំឭកគុ​ណូ​ប​ការ​ពុំ​អាច​កាត់ថ្លៃ​បាន​របស់​ព្រះមហាវីរក្សត្រ​នា​សម័យអង្គរ ដែល​បាន​បូជា​កម្លាំងកាយ​ចិត្ត​សម្រាប់​ការពារ​កម្ពុជទេស​នេះ​៕