ភ្នំពេញៈ​ សមាជិក​ព្រឹទ្ធ​សភា​ទាំង​៥៩​រូបនៃ​ចំនួន​សមា​ជិក​ព្រឹទ្ធ​សភា​ទាំង​មូល​បាន​សម្រេច​ឯក​ភាព​ទាំង​ស្រុង​ដោយ​ឥត​កែប្រែ​លើ​សេចក្តី​ព្រាង​ច្បាប់​ចំនួន​២​ ពាក់​ព័ន្ធ​នឹង​ការ​រៀប​ចំ​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​សា​ធារណៈនិង​ការ​គ្រប់គ្រង​ទឹក​ស្អាត​នៅ​កម្ពុជា​ បន្ទាប់ពី​រដ្ឋ​សភាបាន​អនុម័តនិង​បញ្ជូន​មក​ព្រឹទ្ធ​សភា ​​ពី​ថ្ងៃទី​ ៨ ​ខែកុម្ភៈ​ ឆ្នាំ​ ២០២៣​។​


​កា​រស​ម្រេច​ឯក​ភាព​នេះបានធ្វើ​ឡើង​នៅ​ថ្ងៃទី​២០ ​ខែកុម្ភៈ ឆ្នាំ​២០២៣ ក្នុង​សម័យ​ប្រជុំ​វិសាមញ្ញ​ នីតិ​កាល​ទី​៤ ក្រោម​អធិបតី​ភាព​លោក ​ទេព ង​ន​ អនុ​ប្រធាន​ទី​២​ព្រឹទ្ធ​សភា ​ដោយមា​ន​វត្តមាន​សមា​ជិ​ក​ព្រឹទ្ធ​សភា​ចូលរួម​ចំនួន​៥៩​រូប​ ដើម្បី​ពិនិត្យនិង​ឱ្យ​យោ​បល់​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​សាធា​រណៈ និង​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​ទឹក​ស្អាត​។

​​


​សេចក្តី​ប្រកាស​របស់​ព្រឹទ្ធ​សភា ចុះ​ថ្ងៃទី​២០ កុម្ភៈ បាន​ឱ្យដឹង​ថា សេចក្តី​ព្រាង​ច្បាប់​ស្តីពីប្រព័ន្ធ​ហិរញ្ញវ​ត្ថុ​សា​ធារណៈ គឺ​រៀប​ចំ​ឡើង​ដើម្បី​កសាង​ក្រប​ខ័ណ្ឌ​គតិ​យុត្ត​គោល ​និង​ចាំ​បាច់​សម្រាប់​ការ​អនុវត្ត​ប្រព័ន្ធ​ថវិកា​ព័ត៌មា​ន​សមិទ្ធ​កម្ម ឬ​ហៅ​កាត់​ថា “​ថវិកា​សមិទ្ធ​កម្ម​” ដែលជា​គំរូ​មួយ​សម​ស្រប​សម្រាប់​កម្ពុ​ជា​។​

​ជា​ពិសេស​សេចក្តី​ព្រាង​ច្បាប់​នេះ​គឺជា​ច្បាប់​គោល​ដែល​គ្រប​ដណ្តប់​លើ​ការ​គ្រប់​គ្រង​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​សា​ធារណៈ និង​សម្រាប់​ទ្រ​ទ្រង់​ការ​កសាង​ប្រព័ន្ធ​ថវិកា​ព័ត៌មាន​សមិទ្ធ​កម្ម​ ដែលជា​ធាតុ​ផ្សំ​ដ៏​សំខាន់​នៃ​គណ​នេយ្យ​ភាព​សមិទ្ធ​កម្ម ក្នុង​គោល​ដៅ​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធា​រណៈ​កម្ពុជា​ឱ្យ​ឈាន​ទៅរក​ឧ​ត្ត​មា​នុ​វត្ត​ន៍​ជា​អន្តរ​ជាតិ និង​ឆ្លើយ​តប​នឹង​លទ្ធ​ភាព​នៃ​ការ​អនុវត្ត​បាន​ក្នុង​បរិការ​ណ៍​កម្ពុជា​ផង​។​


​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​«​ក្រោយពី​សមាជិក​ព្រឹទ្ធ​សភា​បាន​ឡើង​មាន​យោ​បល់ និង​លើក​ជា​សំណួរ​រួចមក ឯក​ឧត្តម អគ្គ​បណ្ឌិត​សភា​ចា​រ្យ អូន ព័ន្ធ​មុនីរ័ត្ន ឧបនាយក​រដ្ឋ​មន្ត្រី រ​ដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ បាន​ឆ្លើយ​បំភ្លឺ​ជូន​អង្គ​ប្រជុំ​ព្រឹទ្ធ​សភា​។អង្គ​ប្រជុំ​ព្រឹទ្ធ​សភា​បាន​ពិនិត្យហើយ​ឱ្យយោ​បល់​ឯក​ភាព​ទាំង​ស្រុង​លើ​សេចក្តី​ព្រាង​ច្បាប់ទាំង​មូល​ដោយ​ឥត​កែប្រែ​ចំនួន​៥៩​សំឡេង​នៃ​ចំនួន​សមា​ជិក​ព្រឹទ្ធ​សភា​ទាំង​មូល​»​។​

​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​សា​ធារណៈ ​តាក់តែ​ងឡើង​មាន​៩​ជំពូក​ និង១០៩​មាត្រា ​ត្រូវបាន​រដ្ឋ​សភា​កម្ពុ​ជា​អនុម័ត​យល់ព្រ​ម​ជា​លើ​កដំបូង​ចំនួន​១០៧​សំឡេង ​នៃ​ចំនួន​សមា​ជិក​រដ្ឋសភា​ទាំង​មូល ​កាល​ពី​ថ្ងៃទី​៨​ ខែកុម្ភៈ ឆ្នាំ​២០២៣​ នា​សម័យ​ប្រជុំ​រដ្ឋ​សភា​ជា​វិសា​មញ្ញ នីតិ​កាល​ទី​៦​។

​បន្ថែម​ពីនេះ​សមា​ជិក​ព្រឹទ្ធ​សភា​ដែល​មាន​ស​មាជិក​ចំនួន​៥៩រូប​ក៏បាន​រួមគ្នា​ពិនិត្យ​ហើយ​ឱ្យ​យោប​ល់​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​ទឹក​ស្អាត​ផង​ដែរ​ ខណៈ​សេចក្តី​ព្រាង​ច្បាប់​នេះបាន​រៀបចំឡើ​ង​ដើម្បី​កំណត់​អំពី​ក្រប​ខ័ណ្ឌ​គតិ​យុត្ត​សម្រាប់​ការ​គ្រប់​គ្រង និង​អភិវឌ្ឍ​ ការផ្តល់​សេវា​ផ្គត់​ផ្គង់​ទឹក​ស្អាត​នៅ​កម្ពុជា​។

​ព្រឹទ្ធ​សភា​ បាន​អះ​អាង​ថា សេចក្តី​ព្រាង​ច្បាប់​នេះ បង្កើត​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ធានា​គុណ​ភាព សុវត្ថិ​ភាព និរន្តរ​ភាព និង​តម្លៃ​សម​រម្យ ​ព្រម​ទាំង​ចូលរួម​លើក​កម្ពស់​សុខុ​មាល​ភាព​សា​ធារណៈ និង​ជីវ​ភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ប្រកប​ដោយ​បរិ​យាប័​ន្ន ខណៈ​វាត្រូវ​បាន​មើល​ឃើញ​ថា នឹង​ផ្តល់​សារៈ​សំខាន់​បន្ថែម​ទៀត​ក្នុង​ការ​កំណត់​គោល​ការណ៍​ជា​មូល​ដ្ឋាន​លើ​ការជំរុញ​សក្តានុ​ពល​នៃ​ការ​អនុវត្ត​គោល​នយោ​បាយ ​និង​ផែន​ការ​យុទ្ធ​សាស្ត្រ​លើ​វិស័យ​ទឹក​ស្អាត​នៅ​កម្ពុជា​។​

​ព្រឹទ្ធ​សភា ​បាន​បញ្ជាក់​ថា​«​ក្រោយពី​សមាជិក​ព្រឹទ្ធ​សភា​ចំនួន​៥​រូប​បាន​ឡើង​មាន​យោ​បល់ និង​លើក​ជា​សំណួរ​រួច​មក ​ឯក​ឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ​ចម ប្រសិទ្ធ ទេស​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សា​ហក​ម្ម វិទ្យា​សាស្រ្ត​ បច្ចេក-​វិទ្យា​ និង​នវានុ​វត្តន៍ បាន​ឆ្លើយ​បំភ្លឺ​ជូន​អង្គ​ប្រជុំ​ព្រឹទ្ធ​សភា​។ អ​ង្គប្រជុំ​ព្រឹទ្ធសភា​បាន​ពិនិត្យ​ ហើយ​ឱ្យយោ​បល់​ឯក​ភាព​ទាំង​ស្រុង​លើ​សេចក្តី​ព្រាង​ច្បាប់​ទាំង​មូល​ដោយ​ឥត​កែប្រែ​ចំនួន​៥៩​សំឡេង​នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំង​មូល​»​។​

​សេចក្ដី​ព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​ទឹក​ស្អាត​ ត្រូវបា​ន​តាក់​តែងឡើង​មាន​១៥​ជំពូក​ និង៦៥​មាត្រា ​ហើយ​ត្រូ​វបាន​រដ្ឋ​សភា​កម្ពុជា ​អនុម័ត​យល់​ព្រម​ជា​លើក​ដំបូង​ចំនួន​ ១០៤​សំឡេង ​នៃ​ចំនួន​សមា​ជិក​រដ្ឋ​សភា​ទាំង​មូល កាល​ពី​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០២៣ ​នា​សម័យ​ប្រជុំ​រដ្ឋស​ភាជា​វិសា​មញ្ញ ​នីតិ​កាល​ទី​៦៕