ភ្នំពេញៈ នៅ​យប់​ថ្ងៃទី ​២១ ខែកុម្ភៈ ​ឆ្នាំ​ ២០២៣​ ​កង​កម្លាំង​មួក​ខៀវ​កម្ពុជា​ចំនួន ​៨៣ ​នាក់​ទៀត​ត្រូវ​ធ្វើ​ដំណើរ​ទៅ​បំពេញ​បេសក​កម្ម ក្រោម​ឆត្រ​អង្គការ​សហ​ប្រជា​ជាតិ ​(UN) នៅ​សា​ធារណ​រដ្ឋ​អាហ្វ្រិក​កណ្ដាល​ បន្ទាប់ពី​កម្លាំង​នាំមុខ​ ១៥ ​នាក់ ​ត្រូវ​បាន​បញ្ជូន​ទៅកាល​ពីដើម​ខែ​មករា​។ នេះ​បើតាម​លោក​ស្រី ​កុសល​ ម៉ា​លីន​ដា អ្នក​នាំ​ពាក្យមជ្ឈ​មណ្ឌល​ជាតិ​គ្រប់​គ្រង​កង​កម្លាំង​រក្សា​សន្តិភាព​។​


​លោកស្រី​ថ្លែង​ថា កង​កម្លាំង​មួក​ខៀវដែល​ចេញទៅ​បំពេញ​បេសក​កម្ម​ការងា​រនៅ​សា​ធារណរដ្ឋ​អាហ្វ្រិក​កណ្ដាលនា​យប់​ថ្ងៃទី​ ២១ ​ខែកុម្ភៈ ​[​ម្សិលមិញ​] នេះ គឺ​ជាកង​កម្ទេច​គ្រឿង​ផ្ទុះ​លេខ​ ៩៨ ដែល​ត្រូវ​បាន បង្កើត​ឡើង​ជា​ពិសេស​នៅក្នុង​អំឡុង​ខែធ្នូ​ ឆ្នាំ​ ២០២១ ដោយ​មាន​កម្លាំង​សរុប​​ ៩៨​ នាក់ ​ក្នុង​នោះ​មាន​ស្រី​ ១០ ​នាក់​។​

​លោក​ស្រី ម៉ា​លីន​ដា បាន​បញ្ជាក់​ថា​៖«​នៅ​យប់​ថ្ងៃទី​២១​ ខែកុម្ភៈ ឆ្នាំ​២០២៣​ ពួក​គេ​ទាំង​អស់គ្នា​ នឹង​ហោះ​ហើរ​ទៅ​កាន់​រដ្ឋ Bangui នៃ​សាធា​រណរដ្ឋ​អាហ្វ្រិក​កណ្ដាល ​ដើម្បី​ជួយ​បោស​សម្អាត​គ្រាប់​មីន និង​គ្រាប់​យុទ្ធ​ភណ្ឌ​មិនទា​ន់​ផ្ទុះជូន​ពលរដ្ឋ​ក្នុង​តំបន់​បេស​កកម្ម​ ក្រោម​ឆត្រ​អង្គកា​រសហ​ប្រជាជាតិ​»​។​


​បើតាម​លោក​ស្រី ម៉ា​លីន​ដា កាលពី​ថ្ងៃទី ​១០ ខែមករា​ ឆ្នាំ​ ២០២៣ កម្លាំង​ពិសេស​នាំមុខ ​១៥​ នាក់​នៃ​កង​ថ្មី​នេះ បាន​ធ្វើ​ដំណើរ​តាម​ជើង​ហោះហើ​រ VIP ទៅកាន់​រដ្ឋ Bangui នៃ​សា​ធា​រដ្ឋ​អាហ្រិក​កណ្ដាល ​ដើម្បីរៀបចំ​ជំរំបន្ទាយ​ជា​មុន និង​ទទួល​យោធ​បរិក្ខារ ​រថយន្ត និង​គ្រឿង​ចក្រ​របស់​កង​កម្ទេច​គ្រឿងផ្ទុះ​​កម្ពុជា និង​ធ្វើ​ទំនាក់ទំ​នង​ជាមួយ​មន្ត្រី​អង្គការ​ស​ហប្រជាជា​តិ​ទាំង​ផ្នែក​ស៊ីវិល និង​យោធា ​គ្រប់​បណ្តា​កា​រិ​យា​ជំនាញ​នានា​។

​ ​


​នៅ​មុន​ពេល​ចេញ​ដំណើរ​ទៅកាន់​តំបន់​បេសក​កម្ម​ក្នុង​រដ្ឋ Bangui នេះ ​លោក តាំង ​ផល្លា​ មេប​ញ្ជាការ​រង​កងក​ម្ទេ​ច​គ្រឿង​ផ្ទុះ​៩៨ បាន​ថ្លែង​ប្ដេជ្ញា​ចិត្ត​ថា នឹង​ដឹកនាំ​ក្រុម​បំពេញ​បេស​កកម្ម​ឱ្យបាន​ជោគ​ជ័យ ដោយ​ធានា​មិនឱ្យ​មាន​ការ​បាត់បង់​សមាជិក​ក្រុម​ណា​ម្នាក់​ឡើយ​ បើទោះជា​​តំបន់​បេស​កក​ម្ម​នោះ មាន​បញ្ហា​ប្រឈម​គ្រោះ​ថ្នាក់​ក៏​ដោយ​។​

​លោក​ផ​ល្លា ​បានថ្លែង​ថា​៖«​យើង​បេ​ជ្ញា​បំពេញបេ​សក​កម្ម​ ជួយ​បោសស​ម្អាត​គ្រឿងផ្ទុះ​ក្នុង​តំបន់​បេសក​កម្ម​នោះ​ឱ្យបា​ន​ជោគជ័​យដើ​ម្បី​លើក​​កិត្យានុ​ភាព​ជាតិ​របស់​យើងនិង​ដើម្បី​ភាពសុខ​សាន្ត​ជូន​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់​បេស​កកម្ម​ផ​ងដែរ​» ។

​បើតាម​លោក​ផល្លា ​មន្ត្រី​និង​ថ្នាក់ដឹ​កនាំ​នៃ​កង​កម្ទេច​គ្រឿងផ្ទុះ​​លេខ​៩៨ ភាគ​ច្រើ​នធ្លាប់​មាន​បទពិ​សោធន៍​បំពេញ​បេសក​កម្ម​រក្សា​សន្តិភាព​ក្រោម​ឆត្រ អ​.​ស​.​ប ​នៅក្នុង​បណ្ដា​ប្រទេស​មួយ​ចំនួ​ន ដូចជា​នៅ​ប្រទេស​ម៉ាលី ឆា​ដ...និង​ស៊ូដ​ង់​ខាង​ត្បូង ហើយ​នៅមុន​ពេល​ចេញ​ទៅ​បំពេញ​បេសក​កម្ម​រក្សា​សន្តិភាព​នៅ​អា​ហ្រិ្វ​ក​កណ្ដាល​នា​ពេល​នេះ​ ពួកគេ​ក៏បាន​ទទួល​ការ​ហ្វឹក​ហ្វឺន និង​ការ​បណ្ដុះ​បណ្ដាល​ជា​ពិសេស​លើ​មុខ​ជំនាញ​បច្ចេក​ទេស​ថ្មីៗ​បន្ថែម​ទៀត រ​យៈពេ​ល​ពេញ​១​ឆ្នាំ​ផងដែរ​​។​

​ថ្វី​ដ្បិត​យ៉ាង​ដូច្នេះ​ក្ដី នៅក្នុង​​ពិធី​ជូន​ដំណើរ​កង​កម្លាំង​ទាំង​នោះទៅកាន់​ប្រទេស​អា​ហ្រិ្វ​ក​កណ្ដាល ​ ដែល​ត្រូវ​បាន​រៀបចំ​ឡើងនៅឯ​មជ្ឈ​មណ្ឌល​ជាតិ​គ្រប់​គ្រង​កង​កម្លាំង​រក្សា​សន្តិភា​ពកា​លពី​ព្រឹក​ថ្ងៃទី​២១ ខែកុ​ម្ភៈ ឆ្នាំ២០២៣ លោក​ឧបនាយក​រដ្ឋ​មន្ត្រី ទៀ បាញ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​ក្រើន​រំ​ឭកដល់​កង​កម្លាំង​ទាំង​អស់ ត្រូវ​អនុវត្ត​ភា​រកិច្ច​ទៅតា​ម​សមត្ថ​ភាព​វិជ្ជា​ជីវៈ មាន​វិន័យ​ម៉ឹងម៉ា​ត់ សេច​ក្តីក្លា​ហាន សីល-​ធម៌​ស្អាត​ស្អំ និង​គោរព​ច្បាប់ ដែល​ទាំង​អស់​នេះ​ជា​គុណ​តម្លៃ ​និង​គុណ​សម្បត្តិ​មិន​អាច​ខ្វះ​បាន​ជា​ដាច់​ខាត​។​

​លោក​ថ្លែងថា​៖«​ដោយ​សារ​គ្រប់​បេសក​កម្មដែល​កម្លាំង​យើង​ទៅ​បំពេញ​សុទ្ធតែ​ប្រឈម​នឹង​បញ្ហា​សន្តិ​សុខ​ជា​ចម្បង ដូចនេះ​​យើង​ត្រូវ​ប្រកាន់​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជាប់​ជា​ប្រចាំ ទាំង​បញ្ហា​សន្តិ​សុខ និង​បញ្ហា​ជំងឺ​ឆ្លងនានា​។ ត្រូវ​ចេះ​រួប​រួម គោរព​ស្រឡាញ់​គ្នា សា​មគ្គី ឯកភាព​គ្នា​ជា​ធ្លុង​មួយ ​និង​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មកឱ្យ​សម្រេច​បាន​ភារ​កិច្ច​រៀងៗ​ខ្លួន និង​ភារកិច្ច​របស់​ក្រុម »​។

​លោក​បាន​បន្ត​ថា ទន្ទឹម​នឹង​នេះ ត្រូវ​យក​ចិត្ត​ទុក​ដាក់​មើល​ថែទាំ ​គាំពារ​គា្ន ដូច​ភាសិត​បុរាណ​ខ្មែរ​ដែល​ពោល​ថា ​«​​នៅផ្ទះ​ម្តាយ​ទីទៃ នៅ​ព្រៃ​ម្តាយ​តែមួយ​​» និង​ត្រូវ​ចៀសវា​ង​អំពើ​ទាំង​ឡាយ​ណា​ដែល​ល្មើស​ទៅ​នឹង​វិន័យ​របស់​អ​.​ស​.​ប និង​ប្រាស​ចាក​ពី​ច្បាប់ស្តីពី​លក្ខ​ន្តិកៈ​ទូទៅ​ចំពោះ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​។​

​ជា​ពិសេស​ត្រូវ​ផ្តល់​របាយ​ការណ៍​ប្រចាំ​ថ្ងៃ​ជូន​មជ្ឈម​ណ្ឌល​​ជាតិ ដើម្បី​រា​យការណ៍​ជូន​ក្រសួង​ការ​ពារជាតិ បាន​ទា​ន់ពេ​លវេលា និ​ង​ទាន់​ហេតុកា​រណ៍​ដែល​កើត​ឡើង​ក្នុង​ប្រការ​ណាមួ​យ​។​

​ជាមួ​យគ្នា​នេះ តំ​ណាង​អង្គ​ការ​សហប្រ​ជាជា​តិប្រចាំ​កម្ពុជា លោក​ Joseph Scheuer បាន​សម្ដែង​ការ​កោត​សរសើរ​ដល់ក​ង​កម្លាំង​ស្ត្រីនិង​បុរស​កម្ពុជាដែល​មាន​សេចក្ដី​​អង់​អាច​ក្លា​ហាន​ និង​លះប​ង់​ខ្ពស់​ដែល​បាន​បម្រើនិង​បន្ត​បម្រើ​ក្នុង​ប្រតិប​ត្តិ​ការរក្សា​សន្តិ​ភា​ព​របស់​អង្គ​ការ​សហប្រជា​ជាតិ ដើម្បី​សន្តិ​ភាព និង​សន្តិ​សុខ​ពិភព​លោក​។

​លោក​បាន​លើក​ឡើង​ថា​៖«​ការធ្វើ​ដំណើរ​របស់​អ្នក​[​ទៅកាន់​សាធា​រណរដ្ឋ​អាហ្វ្រិក​កណ្ដាល​]​នៅ​ថ្ងៃនេះ ​គឺ​អ្នក​កំពុង​ចូល​ទៅ​ក្នុង​សហ​គមន៍​នៃ​ប្រជា​ជាតិ​មួយ ​រួបរួម​គ្នា​ក្នុងការ​ស្វែងរក​សន្តិភា​ពនិង​អនា​គត​ដ៏​ល្អ​ប្រសើរ​សម្រាប់​ទាំង​អស់​គ្នា​។...ខ្ញុំ​សូម​ជូនពរ​ឱ្យ​អ្នក​ទទួល​បាន​ជោគជ័​យ​បំផុត​សម្រាប់​បេសក​កម្ម​របស់អ្ន​ក​»​។​

​ជា​មួយ​គ្នានេះ លោ​ក Joseph Scheuer បាន​សម្ដែង​ការ​គាំទ្រ​យ៉ាង​មុត​មាំចំពោះ​អង្គ​ភាព​កម្ចាត់​អាវុធ​ជាតិ​ផ្ទុះ​លេខ​៩៨ ដែល​ជា​អង្គភាព​ទី​១ ដែល​ត្រូវ​បាន​បញ្ជា​ដោយ​មេដឹកនាំ​​ជា​ស្ត្រី​។

​យោងតា​ម​ទិន្នន័​យ​ដែល​ផ្ដល់​ដោយមជ្ឈ​មណ្ឌ​ល​ជាតិ​គ្រប់​គ្រង​ក​ងកម្លាំង​រក្សា​សន្តិ​ភាព គិត​ត្រឹម​ថ្ងៃទី​២១ ខែ​កម្ភៈ ឆ្នាំ២០២៣ ​កម្ពុជា​បាន​បញ្ជូន​កង​កម្លាំង​មួក​ខៀវ​សរុបចំនួន​៨ ៩៥២​នាក់ ​ក្នុង​នោះ​មាន​ស្ត្រី ៦៩១​នាក់ទៅ​បំពេញ​បេសក​កម្ម​រក្សា​សន្តិភា​ពក្រោម​ឆត្រ​អង្គកា​រ​សហ​ប្រជា​តិនៅក្នុ​ង​ប្រទេស​ចំនួន​៩ រួម​មាន ស៊ូដង់​,ស៊ូដង់​ខាង​ត្បូង​,ឆាដ​,លី​បង់​,ស៊ី​រី​,ម៉ាលី​,អាហ្វ្រិក​កណ្តាល ​សាយ​ប្រឺស ​និង​យ៉េ​មែន​៕