ភ្នំពេញ​: ព្រឹ​ត្ដិ​ការណ៍​សៀវភៅ​ធំ​បំផុត​ក្នុង​ពិភពលោក Big Bad Wolf Books ដែលមាន​កំណើត នៅ​ប្រទេស​ម៉ាឡេស៊ី បានចាប់ផ្ដើម​ពីថ្ងៃ​ទី​​ ២២ ខែកុម្ភៈ រហូតដល់​ថ្ងៃទី​ ១២ ខែមីនា នៅ​ផ្សារ​ទំនើប​អូ​ឡាំ​ព្យ៉ា ត្រូវបាន​បើកសម្ពោធ​ដោយ​លោក ខៀវ កា​ញ៉ា​រី​ទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន និង​លោកស្រី ទន់ សា​អ៊ី​ម អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​។​


​លោក កា​ញ៉ា​រី​ទ្ធ បាន​ថ្លែង​នៅ​ថ្ងៃ​បើកសម្ពោធ​ពិព័រណ៍​សៀវភៅ​នោះ​ថា លោក​មានបំណង​ទិញ​សៀវភៅ​ជាច្រើន​ក្បាល​សម្រាប់​អាន​ខ្លួនឯង ដាក់​បណ្ណាល័យ​ក្រសួង និង​ដាក់​នៅ​បណ្ណាល័យ​បញ្ញវន្ត​សម្រាប់​អ្នក​ចូល​ចិ​ត្ដ​អាន​សៀវភៅ​។​

​លោក​ថ្លែងថា​៖ «​ជាមួយ​សៀវភៅ​កន្លះ​លាន​ក្បាល​សម្រាប់​ឆ្នាំនេះ ខ្ញុំ​គិតថា ចំនួន​លក់​អស់​យ៉ាងតិច ៣០ ​ម៉ឺន​ក្បាល​។ ក្មួយៗ​ណាខ្លះ​គិតថា លក់​សៀវភៅ​ថោក សុទ្ធតែជា​សៀវភៅ​ចាស់ៗ វា​មិនមែន​អ៊ីចឹង​ទេ វា​ជា​សៀវភៅ​ថ្លៃ ល្អ និង​ថោក​។ ជាក់ស្ដែង សៀវភៅ​ខ្លះ​តម្លៃ​ ៨០ ទៅ ១០០​ ដុល្លារ គាត់​លក់​តែ ៣០ ​ដុល្លារ ២០​ ដុល្លារ ឬ ​១៥​ ដុល្លារ​។ អ៊ីចឹង គួរតែ​ទិញ​»​។​


​លោក​ថ្លែងបន្តថា សៀវភៅ​នៅតែមាន​ប្រយោជន៍ ទោះ​ស្ថិត​ក្នុងសម័យ​អេឡិចត្រូនិក​ក៏ដោយ វា​ចាំបាច់​ណាស់​ចំពោះ​ការអាន​សៀវភៅ ក្រៅពី​ការទទួល​ចំណេះដឹង​ពី​គ្រូ​នៅ​សាលា​។ ក្មេង​ជំនាន់​នេះ​មានការ​ពេញនិយម​អាន​សៀវភៅ​ច្រើន ខុសពី​ក្មេង​សម័យ​ជំនាន់​ទសវត្សរ៍ ៨០ និង ​៩០ ដែលមាន​ការអាន​សៀវភៅ​តិច ដោយសារ​អត់​មាន​សៀវភៅអាន និង​បញ្ហា​ជីវភាព​។

​លោកថ្លែងថា​៖ «​សម័យ​ខ្ញុំ និង​សម័យនេះ សៀវភៅ​សម័យនេះ​មាន​ច្រើនជាង​សម័យ​ខ្ញុំ ១ ​ពាន់​ដង និង​គុណភាព​លើស ១​ ម៉ឺន​ដង ដោយ​សម័យមុន​នោះ​កម្រ​មាន​ណាស់​សៀវភៅបោះពុម្ព​ស្អាតៗ​ជា​ភាសា​ខ្មែរ​។


​លោកស្រី ទន់ សា​អ៊ី​ម បាន​ថ្លែងថា ដោយ​វិ​វ​ឌ្ឍ​ពី​សៀវភៅ​ស​ខ្មៅ​ចម្លង​តៗ​គ្នា​រហូតដល់​មានការ​បោះពុម្ព​សៀវភៅ​ពណ៌​ធម្មជាតិ សៀវភៅ​ប្រកបដោយ​គុណភាព​បានផ្ដល់​នូវ​ការជំរុញ​ទឹក​ចិ​ត្ដ​អ្នកអាន​ឱ្យមាន​អារម្មណ៍​ស្រស់បំព្រង​បន្ថែមទៀត​។

​លោកស្រី ថ្លែងថា​៖ «​សៀវភៅ​ជា​ទុន​ដ៏​សំខាន់​នៃ​បណ្ដុំ​ចំណេះដឹង​បន្ថែមទៀត​។ ការតាំងពិព័រណ៍​សៀវភៅ​នេះ ជា​ឱកាស​មួយ​សម្រាប់​ក្មួយៗ សិស្សានុសិស្ស​ក៏ដូចជា​បងប្អូន​ស្រឡាញ់​ការអាន​អាច​ទិញ​សៀវភៅ ដែលមាន​ការបញ្ចុះ​តម្លៃ​»​។​

​ក្នុង​រយៈពេល ១​ ទសវត្សរ៍​កន្លងមក​នេះ ​Big Bad Wolf Books បានរៀបចំ​ពិព័រណ៍​សៀវភៅ​ធំ​បែបនេះ​រួចមកហើយ​នៅ​បណ្ដា​ប្រទេស​ចំនួន​ ១៥ ​ក្នុងនោះ​មាន​ ៣៧ ​ទីក្រុង​។​

​យោងតាម​អ្នករៀបចំ​កម្មវិធី​ពិព័រណ៍ បាន​បង្ហាញថា Big Bad Wolf ចង់​កសាង​វប្បធម៌​នៃ​ការអាន​នៅ​កម្ពុជា​ដោយ​នាំមក​នូវ​សៀវភៅ​ភាសា​អង់គ្លេស​ដែលមាន​តម្លៃ​សមរម្យ​សម្រាប់​មនុស្ស​គ្រប់រូប​។ សៀវភៅ​ទាំងនោះ រួមមាន​សៀវភៅ​កុមារ រឿងប្រឌិត រឿង​ពិត​ដែល​អនុញ្ញាតឱ្យ​មនុស្ស​ស្ថិតនៅក្នុង​ជំនាន់​ផ្សេងៗ​គ្នា​អាច​ស្វែងរក​នូវ​សៀវភៅ​លក់ដាច់​បំផុត​សៀវភៅ​ល្បីៗ ប្រលោមលោក​រឿងប្រឌិត​បែប​វិទ្យាសាស្ត្រ​មនោសញ្ចេតនា សៀវភៅ​អភិវឌ្ឍន៍​ខ្លួន អក្សរសាស្ត្រ ប្រលោមលោក ក្រាហ្វិក អាជីវកម្ម ស្ថាបត្យកម្ម និង​រចនា​សៀវភៅ​ធ្វើ​ម្ហូប​និង​សៀវភៅ​ជាច្រើន​ប្រភេទ​ទៀត​។ មិន​ត្រឹម​ប៉ុណ្ណោះ​សម្រាប់​មិត្ត​អ្នកអាន​ដែលមាន​អាយ​ដល​ជា​អ្នកនិពន្ធ​ក្នុង​ចិត្ត​កុំ​ភ្លេច​នាំគ្នា​មក​គាំទ្រ​ពួកគាត់​ពីព្រោះថា​ក្រៅពី​សៀវភៅ​បរទេស​ក៏មាន និង​សៀវភៅ​ខ្មែរ​ដែល​និពន្ធ​ដោយ​អ្នកនិពន្ធ​ក្នុងស្រុក​ជាច្រើន​ផងដែរ​។​

​កញ្ញា យាន បុប្ផា ជា​និស្សិត​ឆ្នាំ​ទី៤ នៃ​សាលា​តិច​ណូ ចូល​ចិ​ត្ដ​អាន​សៀវភៅ​ប្រលោមលោក មាន​ចំណាប់អារម្មណ៍​ចំពោះ​ពិព័រណ៍​សៀវភៅ​នេះ និង​ចង់ឱ្យមាន​ការរៀបចំ​ជា​រៀងរាល់ឆ្នាំ​។

​កញ្ញា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ចំពោះ​តម្លៃ វា​ពិតជា​សមរម្យ ទោះ​មិន​បញ្ចុះតម្លៃ​ក៏ដោយ​។ សំខាន់​ពិព័រណ៍​នេះ សម្បូរ​សៀវភៅ​ច្រើន​ប្រភេទ​»​។

​ជា​ស្ថាបនិក​ក្រុមហ៊ុន Big Bad Wolf ដែល​បាន​ពាំនាំ​ពិព័រណ៍​សៀវភៅ​ដ៏​ធំ​បំផុត​នេះ​មកកាន់​កម្ពុជា​លោក​ Andrew Yap បានឱ្យដឹងថា ប្រធានបទ​ពិព័រណ៍​សៀវភៅ​ឆ្នាំនេះ​គឺ មិនគួរ​ឱ្យ​ជឿ គឺជា​ការលក់​សៀវភៅ​មាន​តម្លៃថោក​ចាប់ពី ​១ ​ដុល្លារ ជា​ប្រភេទ​សៀវភៅ​មានគុណ​ភាពល្អ និង​មិនមែនជា​សៀវភៅ​គេ​មើល​រួច​នោះទេ​។ សៀវភៅ​ទាំងនេះ​សុទ្ធតែ​ផ្ដល់​ប្រយោជន៍ ចំណេះដឹង​ដល់​ប្រជាជន​ខ្មែរ​។

​លោក Andrew បាន​បន្ដថា​មូលហេតុ​ដែល​ពិព័រណ៍​សៀវភៅ​នេះ​ត្រឡប់មក​ប្រទេស​កម្ពុជា​ម្ដងទៀត ដោយសារ​កាល​តាំងពិព័រណ៍​ឆ្នាំ​ ២០២០ ការលក់​មានការ​គាំទ្រ​ច្រើន ហើយ​នៅពេល​អ​វត្ដ​មាន​កាល​វិបត្ដិ​កូ​វីដ មាន​អ្នកគាំទ្រ​ឆាត​សួរ​លោក​ថា តើ​ពេលណា​ត្រឡប់មកវិញ​?

​លោកថ្លែងថា​៖ «​ខ្ញុំ​ចង់​ណែនាំ​ដល់​ប្រជាជន​កម្ពុជា​គួរ​ចាប់យក​សៀវភៅ​មក​អាន​ជាជាង​ការអាន​តាម​ទូរស័ព្ទ ពីព្រោះ​នៅពេល​យើង​បាន​ប៉ះ​កាន់​សៀវភៅ ធ្វើឱ្យ​យើង​មាន​អារម្មណ៍​ថា យើង​រៀន​បាន​ច្រើន និង​ចេះ​បាន​ច្រើនជាង​នៅក្នុង​ទូរស័ព្ទ​។ យើង​ចង់ឱ្យ​បងប្អូន​ដកឃ្លា​ពី​ទូរស័ព្ទ​ខ្លះមក​អាន​សៀវភៅ​។ ដូច្នេះ យើង​បាន​យក​សៀវភៅ​មក​លក់​ក្នុងតម្លៃ​ដ៏​សមរម្យ​»​។

​លោក អ៊ុក ចន្ថា ដែល​សហការ​ជាមួយ​លោក Andrew Yap បានឱ្យដឹងថា សម្រាប់​ការរៀបចំ​ពិព័រណ៍​ឆ្នាំ​ ២០២៣ នេះ សៀវភៅ​កាន់តែ​ល្អ និង​ការ​បញ្ចុះតម្លៃ​កាន់តែ​ពិសេស​ជាង​មុន​ទៀត តម្លៃថោក ទាប​ជាង​តម្លៃ​នៅ​ទីផ្សារ​នេះ គឺ​ដើម្បី​លើក​ទឹក​ចិ​ត្ដ​ឱ្យ​ប្រជាជន​កម្ពុជា​បង្កើត​ទម្លាប់​នៃ​ការអាន​សៀវភៅ​ឱ្យ​កាន់តែច្រើន​៕