​ភ្នំ​ពេញៈ​ ទីភ្នាក់​ងារ​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​កូរ៉េ​ខាង​ត្បូង​ (KOICA)​ បាន​ព្រម​ព្រៀង​ផ្តល់​ជំនួយ​ជាង ​១,៤​ លាន​ដុល្លារ​អា​មេរិក​ ដល់​អង្គ​ការ​ឆាល​ហ្វា​ន (ChildFund) ​កម្ពុជា​សម្រាប់​រយៈ​ពេល​ ៣ ​ឆ្នាំ​ទៅមុខ​ទៀត​ ដើម្បី​ពង្រឹង​ប្រព័ន្ធ​អប់រំ​សម្រាប់​សាលា​បឋម​សិក្សា​ជន​បទ​ចំនួន​ ១៧ ​នៅ​ក្នុង​ស្រុក​ឆ្លូង​ ខេត្ត​ក្រចេះ​។​


​នៅ​ថ្ងៃទី​២៣​ ខែកុម្ភៈ​ ទីភ្នាក់​ងារ​KOICA​(​ក​យ​កា​)​សហ​ការ​ជា​មួយ​អង្គការ​ឆាល​ហ្វា​ន​កូរ៉េ ​និង​អង្គការ​ឆាល​ហ្វា​ន​កម្ពុជា​ បាន​ប្រកាស​បន្ត​ភាពជា​ដៃគូ​សហ​ប្រតិ​បត្តិ​ការ​ជំ​ហាន​ទី​២ ​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​អប់រំ​នេះ ​ដែល​ធ្វើ​ឡើង​នៅ​ស្រុក​ឆ្លូង​។​​

​ កិច្ច​សហ​ប្រតិ​បត្តិ​ការ​នេះ​នឹង​បន្ត​អនុវត្ត​គម្រោង​មាន​ឈ្មោះ​ថា «​ងាយ​ស្រួល​រៀន​» ​ដែល​បាន​ចាប់​ផ្តើម​អនុ​វត្ត​ក្នុង​ឆ្នាំ​២០១៩​ បន្ត​៣​ឆ្នាំ​ទៅមុខ​ទៀត​ពី​ឆ្នាំ​២០២៣​ ដល់ ឆ្នាំ​២០២៥​។​​


អង្គ​ការ​ឆាល​ហ្វា​ន​កម្ពុជា​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន​ នៅ​ថ្ងៃទី​២២ ​ខែកុម្ភៈ​ ថា៖ «​ក​យ​កា​បាន​ព្រម​ព្រៀង​ផ្តល់​ជំនួយ​ជា​ថវិកា​ចំនួន​ជាង ១​លាន​ ៤​សែន​ ដុល្លារ​អាមេរិក​ ដល់​អង្គការ​ឆាល​ហ្វា​ន ​កម្ពុជា​ តាម​រយៈ​អង្គការ​ឆាល​ហ្វា​នកូរ៉េ ​ដើម្បី​បន្ត​អនុ​វត្ត​គម្រោង​លេច​ធ្លោ​របស់​ខ្លួន​ «​ងាយ​ស្រួល​រៀន​» ​សម្រាប់​រយៈ​ពេល​៣​ឆ្នាំ​ទៅមុខ​ទៀត​។​ សមា​គម​ខ្មែរ​ដើម្បី​អភិ​វឌ្ឍន៍​ជន​បទ​ ហៅ​កាត់​ថា​ «​កា​ហ្វ​ដុក​ (KAFDOC)​» ដែល​មាន​មូល​ដ្ឋាន​នៅ​ខេត្ត​ក្រចេះ ​នឹង​ទទួល​អនុវត្ត​គម្រោង​នេះ​ ក្នុង​នាម​ជា​អង្គការ​ដៃ​គូ​របស់​អង្គ​ការ​ឆាល​ហ្វា​ន​»​។​​

សេច​ក្តី​ប្រកាស​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា ​កុមារ​ គ្រូ​បង្រៀន​ និង​សហ​គមន៍​ប្រមាណ​ជាង ២៩​ ០០០​ពាន់​នាក់​ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​ នឹង​ទទួល​ផល​ពី​គម្រោង​នេះ ​គិត​ត្រឹម​ឆ្នាំ​២០២៥​។ ​គម្រោង​នេះ​នឹង​បន្ត​វិនិ​យោគ​លើ​ការ​សាង​សង់​អគារ​សិក្សា ​និង​បំពាក់​បរិក្ខារ​ទំនើបៗ​ ដើម្បី​បង្កើត​បាន​បរិយា​កាស​សិ​ក្សា​ដែល​មាន​ភាព​ទាក់ទា​ញ​ ទំនើប បែប​កុមារ​មេត្រី និង​ពង្រឹង​ការងារ​ដឹកនាំ​គ្រប់​គ្រង​សាលា​រៀន​ផង​ដែរ​​។​​


​ គម្រោង​នេះ​មាន​ទិស​ដៅ​ពង្រឹង​លើ​គុណ​ភាព​នៃ​ការ​អប់រំ​ និង​ការ​ផ្ដល់​ឱកាស​ដល់​កុមារ​គ្រប់​រូប​ឱ្យ​ទទួល​បាន​ការ​អប់រំ​នឹង​ប្រើប្រាស់​វិធី​សាស្ត្រ​ជា​ច្រើន​រួម​មាន​ កម្ម​វិធី​សិស្ស​ធំ​ជួយ​សិស្ស​តូច ​កម្ម​វិធី​បំពាក់​ក្នុង​ថេ​ប្ល៊ិត(tablets)​ សម្រាប់​ការ​សិក្សា​បែប​ឌីជីថល​ កម្ម​វិ​ធី​សិក្សា​កុំព្យូ​ទ័រ​ កម្ម​វិធី​បំប៉ន​សមត្ថ​ភាព​គ្រូ​លើ​បច្ចេក​ទេស​បែប​កុមារ​មេត្រី​។​​

​ សេចក្តី​ប្រកាស​ព័ត៌​មាន​បន្ត​ថា​៖ «​គម្រោង​នេះ​មាន​គោល​បំណង​ពង្រឹង​សមត្ថ​ភាព​សិក្សា​របស់​សិស្ស​ក្នុង​សាលា​បឋម​សិក្សា​ចំនួន​ ១៧​ នៅ​ក្នុង​ស្រុក​ឆ្លូង​នៃ​ខេត្ត​ក្រចេះ​។​

​អង្គការ​ឆាល​ហ្វា​ន​បញ្ជាក់​ថា ​នឹង​បន្ត​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​សហ​គមន៍​ ដើម្បី​ពង្រឹង​ការ​ចូល​រួម​របស់​ពួក​គាត់​ ជា​ពិសេស​ ឪពុក​ម្ដាយ​ អាណា​ព្យាបា​ល​ និង​ក្រុម​អ្នក​ដឹក​នាំ​សហ​គមន៍​ ក្នុង​ការ​បន្ត​អភិ​វឌ្ឍ​ និង​ថែរក្សា​សមិទ្ធផ​ល​ក្នុង​សាលា​រៀន​សម្រាប់​ជា​ប្រយោ​ជន៍​ដល់​អ្នក​ជំនាន់​ក្រោយ ​និង​ពង្រឹង​ភាពជា​ម្ចាស់​របស់​ពួកគាត់​លើ​គម្រោង​នេះ​។​

​លោក​ ប្រា​ស្សាន​វើ​ម៉ា ​(Prashant Verma) ​តំណាង​ប្រចាំ​ប្រទេស​នៃ​អង្គ​ការ​ឆាល​ហ្វា​ន​កម្ពុជា​ បាន​ដក​ស្រង់​របាយ​ការណ៍​អង្កេត​របស់​ឆាល​ហ្វា​ន​កាលពី​ឆ្នាំ​២០១៧ ​ដែល​បាន​លើក​ឡើង​ថា​ បើទោះ​បី​ជា​មាន​ការ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ពី​រដ្ឋាភិ​បាល​ក្នុង​ការ​វិនិ​យោគ​លើ​វិស័យ​អប់រំ​បឋម​សិក្សា​ ក៏​អត្រា​ត្រួត​ថ្នាក់​នៅ​ខេត្ត​ក្រចេះ​មាន​រហូត​ដល់​ជាង​ ១៧​ភាគ​រយ​។ ​មាន​ន័យ​ថា​ កុមារ​ម្នាក់​ក្នុង​ចំណោម​៥​នាក់​រៀន​ត្រួត​ថ្នាក់​ ដែល​នេះ​ជា​អត្រា​មួយ​ខ្ពស់​នៅ​ឡើយ​។​ គម្រោង​របស់​អង្គការ​ឆាល​ហ្វា​ន​បាន​ជួយ​កាត់​បន្ថយ​អត្រា​នេះ​។​​

​លោក​ថ្លែង​ថា​៖ «​អង្គ​ការ​ឆាល​ហ្វា​ន ​សូម​ថ្លែង​អំណរ​គុណ​ដល់ ​ក​យ​កា ​សម្រាប់​ការ​បន្ត​ជួយ​ដល់​ការងារ​របស់​យើង​ ដែល​បាន​និង​កំពុង​ជួយ​រួម​ចំណែក​ជា​មួយ​រដ្ឋាភិ​បាល​ក្នុង​កិច្ច​ខិតខំ​កែ​ទម្រង់​ប្រព័ន្ធ​អប់រំ​ទូទាំង​ប្រទេស​។​ ម្យ៉ា​ង​ទៀត​ បើ​គ្មាន​ការគាំ​ទ្រ​ពី​រដ្ឋាភិ​បាល​ គម្រោង​នេះ​ ក៏​មិន​អាច​លេច​ចេញ​ជា​រូបរាង​បាន​ឡើយ​»​។​​

​លោក​ លោក​ រ៉ូ​ ស៊ុន​ជុន​ (Rho Hyunjun)​ តំ​ណាង​ប្រចាំ​ប្រទេស​នៃ​ទីភ្នាក់​ងារ​ ក​យ​កា ​បាន​ថ្លែង​ថា ​ការ​អភិ​វឌ្ឍធន​ធាន​មនុស្ស ​ជា​ផ្នែក​អាទិ​ភាព​មួយ​សម្រាប់​ ក​យ​កា​ នៅ​កម្ពុជា​។​ ក​យ​កា ​បាន​ចាត់​ទុក​ វិស័យ​អប់រំ​ ជា​វិស័យ​អាទិ​ភាព​ខ្ពស់​បំផុត នៅ​ក្នុង​គោល​នយោ​បាយ​សម្រាប់​ការ​អភិ​វឌ្ឍ​ប្រកប​ដោយ​បរិ​យាប័ន្ន​នៅ​កម្ពុជា​ ក្រោម​ពាក្យ​ស្លោក​ថា «​មិន​ទុក​នរណា​ម្នាក់​ចោល​»​។​

​ លោក​ថ្លែង​ថា​៖ «​គ្រប់​ការ​គាំ​ទ្រ​របស់​យើង​ យើង​ជឿជាក់​ថា​ ការ​ពង្រឹង​សមត្ថ​ភាព​អំ​ណាន​របស់​សិស្ស ​គួរ​ជា​ចំណុច​អាទិភាព​ខ្ពស់​មួយ​សម្រាប់​គ្រប់​ជន​ជាតិ​ដើម​ភាគ​តិច ដោយ​សារ​ថា ​អំ​ណាន ​និង​អក្ខរ​កម្ម​ ជា​ជំហាន​សំខាន់​នៃ​ការ​អប់រំ​គ្រប់​ប្រភេទ​។​ ខ្ញុំ​សង្ឃឹម​ថា​ សាលា​រៀន​នេះ​នឹង​ក្លាយ​ជា​កន្លែង​ដែល​មាន​សុវត្ថិ​ភាព​ និង​កុមារ​មេត្រី​ជួយ​ឱ្យ​កុមារ​សម្រេច​សុ​បិ​នរបស់​ពួកគេ​ ដើម្បី​ភាព​ប្រ​សើរ​ឡើង​របស់​ពិភព​លោក​»​។​

​លោក​ស្រី ​សូ​រ៉ា បា​អុិក ​(Sora Baek)​តំណាង​ប្រចាំ​ប្រទេស​ នៃ​អង្គ​ការ​ឆាល​ហ្វា​ន​កូរ៉េ​សង្ឃឹម​ថា ​គម្រោង​ដំណាក់​កាល​ទី​២​នេះ​នឹង​បន្ត​ផ្តល់​ដល់​កុមារ​ក្នុងស្រុក​ឆ្លូង​ នូវ​ភាព​រីករាយ​ក្នុងការ​សិក្សា​រៀន​សូត្រ​ និង​បន្ត​ផ្តល់​ការ​អប់​រំ​ប្រកប​ដោយ​បរិយា​កាស​សុវត្ថិ​ភាព ​និង​មាន​គុណ​ភាព​ដល់​ពួក​គេ​។​​

​ លោក​ស្រី​ថ្លែង​ថា​៖ «​បើ​ទោះ​ជា​យើង​ទាំង​អស់​គ្នា​បាន​ជួប​ការ​លំបាក​ដោយ​សារ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ១៩​ កាល​ពី​ឆ្នាំ២០២០​ យើង​នៅ​តែ​អាច​ចូល​រួម​ក្នុង​ការ​កាត់​បន្ថយ​អត្រា​បោះ​បង់​ការ​សិក្សា​របស់​កុមារ​នៅ​ក្នុង​ស្រុក​ឆ្លូង​កាល​ពី​គម្រោង​ដំណាក់​កាល​ទី​១ ពី​ឆ្នាំ​២០១៩ ​ដល់​២០២១​»​។​

​ លោក ​សុខ​ព្រី ហា​ណេះ ​អភិ​បាល​រង​ខេត្ត​ក្រចេះ ​ថ្លែង​ថា​៖ «​តាង​នាម​ឱ្យ​អាជ្ញា​ធរ​តំបន់​ ខ្ញុំ​មាន​សេចក្តី​សោមន​ស្ស​​ក្រៃលែ​ង​ និង​សូម​ស្វា​គមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​វត្ត​មាន​របស់​ដៃគូ​អភិ​វឌ្ឍន៍​ទាំង​អស់​ ក៏​ដូច​ជា​ ក​យ​កា អង្គការ​កា​ហ្វ​ដុក​ និង​ឆាល​ហ្វា​ន​កម្ពុជា​ ដែល​បាន​និង​កំពុង​យក​ចិត្ត​ទុក​ដាក់​ និង​រួម​ចំណែក​យ៉ាង​សកម្ម​ជា​មួយ​រាជ​រដ្ឋាភិ​បាល​ និង​អាជ្ញា​ធរ​ ក្នុង​ការ​លើក​កម្ពស់​វិស័យ​អប់រំ​ ដែ​ល​ជា​វិស័យ​អាទិ​ភាព​ចម្បង​មួយ​ក្នុង​ចំណោម​អាទិ​ភាព​នានា​របស់​រាជ​រដ្ឋាភិ​បាល​នីតិ​កាល​ទី​៦​នេះ​៕​

​​