សៀមរាបៈ អង្គការស្នាមញញឹមកម្ពុជា និងមន្ទីរសុខាភិបាលខេត្តសៀមរាប និងដៃគូពាក់ព័ន្ធប្រកាសផ្ដល់សេវាវះកាត់ព្យាបាលជូនដល់អ្នកដែលមានបញ្ហាមាត់ ឬក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗដោយមិនគិតថ្លៃ នាដើមខែមីនាខាងមុខ ក្នុងខេត្តសៀមរាប។


ការផ្ដល់សេវាវះកាត់ឥតគិតថ្លៃនេះនឹងធ្វើឡើងនៅមន្ទីរពេទ្យខេត្តសៀមរាប ចាប់ពីថ្ងៃទី ៨ រហូតដល់ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៣ ដោយមានការសហការពីសមាគម Rotary Club Likas Bay សមាគម Rotary Club Lu Chou និងមន្ទីរសុខាភិបាលខេត្តសៀមរាប។

បើតាមលោក ឈុត ចាំ ជាមន្ត្រីផ្នែករដ្ឋបាលប្រចាំអង្គការស្នាមញញឹមកម្ពុជាហៅ (Smile Cambodia) បានឱ្យដឹងថា ការរៀបចំកម្មវីធីវះកាត់ឥតគិតថ្លៃនេះ គឺខាងអង្គការនឹងធ្វើឡើងនៅមន្ទីរពេទ្យខេត្តសៀមរាប សម្រាប់អ្នកដែលមានបញ្ហាមាត់ឆែប ឬក្រអូមឆែប និងអ្នកដែលមានស្ថានភាពពិការភាពមុខមាត់ផងដែរ ដោយមិនប្រកាន់ថាជាកុមារ មនុស្សចាស់ឡើយ គឺសុទ្ធតែអាចទទួលបានការវះកាត់បញ្ហាទាំងនេះដោយមិនគិតថ្លៃ។


លោកបន្តថា៖ «ការវះកាត់បញ្ហាមុខ មាត់ ឬក្រអូមឆែបនេះ សម្រាប់មនុស្សចាស់មិនមានលក្ខខណ្ឌតម្រូវអ្វីនោះទេ ប៉ុន្តែសម្រាប់ទារក ឫកុមារ គឺមានលក្ខខណ្ឌខ្លះដែលអាចទទួលបានការវះកាត់បាន ដោយចាប់ពីអាយុ៣ខែឡើងទៅ ត្រូវតម្រូវឲ្យមានទម្ងន់គ្រប់ចំនួន ៦ គីឡូ និងចាប់ពី ៩ ខែឡើងទៅ ក៏ត្រូវតម្រូវឲ្យមានទម្ងន់ឲ្យគ្រប់ចំនួន ១០ គីឡូក្រាម»។

លោកបញ្ជាក់ថា ចំពោះកម្មវិធីវះកាត់ឥតគិតថ្លៃនេះ នឹងមានការរៀបចំរយៈពេល ៤ ថ្ងៃ ដោយចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៣។ នៅថ្ងៃទី ៨ ខែមីនា គឺជាថ្ងៃដែលរៀបចំទទួលចុះឈ្មោះអ្នកដែលមានបញ្ហាជំងឺនេះ ដែលប្រព្រឹត្តឡើងនៅមន្ទីរបង្អែកខេត្តសៀមរាប។ថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែមីនា គឺជាថ្ងៃដែលរៀបចំធ្វើការវះកាត់ទៅដល់អ្នកដែលបានមកចុះឈ្មោះ។


លោកបន្ថែមថា ក្រៅពីការវះកាត់ដោយឥតគិតថ្លៃហើយ ចំពោះការស្នាក់នៅសម្រាកព្យាបាល ក៏មិនមានការចំណាយលើសេវាចំពោះអ្នកដែលមិនមានជីវភាពធូរធារ ឫមិនមានលទ្ធភាពក្នុងការធ្វើដំណើរមកទទួលសេវាវះកាត់ឥតគិតថ្លៃទាំងនេះបាន ងអង្គការនឹងផ្ដល់នូវថវិកាជូនសម្រាប់ធ្វើដំណើរដល់អ្នកដែលមានបញ្ហាមាត់ឆែប ឫពិការភាពមុខមាត់ ដែលមានបំណងចង់ទទួលការព្យាបាល។

លោក ឈុត ចាំ ថា៖ «ដូច្នេះកម្មវីធីនេះ សម្រាប់យើង គឺអត់ប្រកាន់ថាកុមារ ឫមនុស្សចាស់នោះទេ ឲ្យតែគាត់មានបញ្ហាមាត់ឆែប ឬក្រអូមមាត់ឆែប គឺយើងទទួលការផ្ដល់សេវាវះកាត់ដោយឥតគិតថ្លៃទាំងអស់ សម្រាប់បុគ្គលណាក៏ដោយឲ្យតែមានបញ្ហាទាំងនេះ»។

លោកបន្ថែមថា ក្រោយពីការរៀបចំបញ្ចប់កម្មវិធីវះកាត់ឥតគិតថ្លៃទៅលើជំងឺពិការភាពមុខមាត់នេះនៅមន្ទីរពេទ្យខេត្តសៀមរាបហើយ ខាងអង្គការអាចនឹងត្រឡប់មកមានគម្រោងរៀបចំបន្ទាប់ទៀតនៅរាជធានីភ្នំពេញវិញម្ដង។

លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបបានប្រាប់ថា លោកសុំមិនទាន់ធ្វើការអដ្ឋាធិប្បាយជុំវិញកម្មវិធីវះកាត់ឥតគិតថ្លៃនេះ ដោយសារលោកមិនទាន់ទទួលព័ត៌មានលម្អិតពីកម្មវីធីនេះនៅឡើយ។

សូមបញ្ជាក់ថា អង្គការស្នាមញញឹមកម្ពុជា (Smile Cambodia) គឺជាអង្គការក្រៅរដ្ឋាភិបាលដែលមានអាជ្ញាប័ណ្ណដែលផ្តល់ការថែទាំវះកាត់ដោយឥតគិតថ្លៃដល់កុមារដែលកើតមកមានបបូរមាត់ឆែប ក្រអូមមាត់ឆែប និងបញ្ហាពិការភាពមុខមាត់ផ្សេងទៀតក្នុងប្រទេសកម្ពុជា។

អង្គការនេះបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រសួងសុខាភិបាលនៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៥។ អង្គការ Smile Cambodia មានមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតជាដៃគូដ៏រឹងមាំរបស់ខ្លួន ដែលធ្វើឱ្យវាអាចធ្វើទៅបានសម្រាប់អង្គការក្រៅរដ្ឋាភិបាលក្នុងការផ្តល់ការវះកាត់ប្រចាំខែនៅមជ្ឈមណ្ឌលស្នាមញញឹម។ចាប់តាំងពីឆ្នាំ ២០១៦ កន្លងមក អង្គការស្នាមញញឹមកម្ពុជា បានពិនិត្យ និងព្យាបាលជំងឺឆែបមាត់ ឆែបក្រអូមមាត់ ជូនពលរដ្ឋបានចំនួន ៥ លើក នៅទូទាំងប្រទេសកម្ពុជា៕