ភ្នំពេញៈ តុលា​ការ​កំពូល​នៅ​ថ្ងៃទី ​២៣ ខែកុម្ភៈ ឆ្នាំ ២០២៣ ​បាន​ប្រកាស​តម្កល់​សាល​ដីកា​របស់​សា​លាឧ​ទ្ធរណ៍​ភ្នំពេញ​ពាក់​ព័ន្ធ​បណ្តឹង​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ដោយ​បង្គាប់​ឱ្យ​លោក ​សុន ​ឆ័យ សង​ជំងឺ​ចិត្ត​ ៣ ​ពាន់​លាន​រៀល​ និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិកា​រដ្ឋ ​៨ ​លាន​។ រីឯ​ប្រាក់​ពិន័យ ​៩​ លាន​រៀល​ទៀត​ត្រូវ​បង់​ចូល​ថវិកា​រដ្ឋ​ពាក់​ព័ន្ធ​បណ្តឹង​របស់​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោ​ត​ (គ.ជ.ប.) ដែល​បណ្តឹង​ទាំង​ ២​ នេះ​ ចោទ​ពីបទ​បរិហារ​កេរ្តិ៍​ជា​សាធា​រណៈ​ដូច​គ្នា​បន្ទាប់​ពី​តុលាការ​កំពូល​បើក​សវ​នាកា​រ​កាលពី​ថ្ងៃទី ​១៧ ​ខែកុម្ភៈ។​


នៅ​ក្នុង​បន្ទប់​សវនាកា​ដែល​មាន​វត្ត​មាន​លោក ​គី តិច មេធាវី​តំណាង​ឱ្យ​គណប​ក្ស​ប្រជា​ជន​កម្ពុជា ​ខណៈ​អវត្ត​មាន​ភាគី ​(គ.ជ.ប.) និង​កំបាំង​មុខ​លោក ​សុន ឆ័យ ​ប៉ុន្តែ​មាន​វត្តមាន​លោក​ ជូង ​ជូងី ​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​លោក​ សុន ឆ័យ ​នោះ លោក​ចៅ​ក្រម ​ជីវ កេង អនុ​ប្រធាន​តុលា​ការ​កំពូល​បាន​អាន​សាលដី​កាថា​ លោក ​សុន ឆ័យ​ ត្រូវ​បាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ប្តឹង​ពីបទ​បរិហារ​កេរ្តិ៍​ជា​សាធា​រណៈ​។ ​រីឯ​ភាគី ​(គ.ជ.ប.)​ ក៏​ប្តឹង​ក្នុង​បទ​បរិហារ​កេរ្តិ៍​ជា​សា​ធារ​ណៈ​ដូច​គ្នា​ដែរ​។​

លោក​ចៅ​ក្រម​បានលើ​កឡើង​​តាម​ពាក្យ​បណ្តឹង​របស់​លោក​មេ​ធា​វី ​គី តិច​ ថា កាល​ពី​ថ្ងៃទី ​៧ ​ខែមិថុនា ឆ្នាំ ២០២២ លោ​ក​ សុន ឆ័យ បានធ្វើ​បទ​សម្ភាស​ន៍ជា​មួយ​កាសែ​ត The Camb​odia ​Daily ក្រោម​ប្រធាន​បទ​ (​តើ​លទ្ធ​ផល​បណ្តោះ​អាស​ន្ន​នៃ​ការបោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥ ​ឆ្នាំ​​ ២០២២ ​នេះ ​មាន​ភាព​ប្រក្រតី​ឬ​មិន​ប្រក្រតី​បែប​ណា​?)​។ ​លោក​ សុន ​ឆ័យ បាន​និយាយ​ថា​៖ «​លើក​នេះ​វា​គ្រប់​គ្រង​ដោយ​គណ​បក្ស​មួយ​ទាំង​ស្រុង​ពី​លើ​ដល់​ក្រោម​គេច​ង់​ធ្វើ​អ្វី​ក៏បាន​ដែរ​[...]»​។​


លោក​ចៅ​ក្រម​ប​ន្តទៀត​ថា នៅ​ថ្ងៃ​បើក​សវ​នាការ​ជំនុំជ​ម្រះ​កាលពី​ថ្ងៃទី ​១៧ ខែកុ​ម្ភៈ ឆ្នាំ ២០២៣ ​លោក​មេធាវី ជូ​ង ជូងី ការពារ​ជនជាប់ចោទ​ឈ្មោះ​ សុន ឆ័យ បាន​លើកឡើ​ង​តាម​សេចក្តី​សន្និដ្ឋាន​ថា កាល​ពី​ធ្វើ​បទ​សម្ភាស​ន៍ជា​មួយ​ The Cambodia Daily នោះ​គឺ​កូនក្តី​របស់​ខ្លួន​មិន​បាន​និយាយ​វាយ​ប្រហារ​ចំឈ្មោះ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ឡើយ​។ រីឯ​ការ​ទាម​ទារ​សំណង​ក៏មាន​លក្ខណៈ​ធ្ងន់​ធ្ងរ​ទៀត​ផង​។​

លោក​ចៅ​ក្រម ​ជីវ កេង ​បញ្ជាក់​ថា​៖«​ប៉ុន្តែ​ខ្លឹម​សារ​ក្នុង​បទ​សម្ភាស​ន៍នោះ​បាន​សំដៅ​ដល់​គណ​បក្ស​ប្រជា​ជន​​កម្ពុជា​ដែលជា​គណ​បក្ស​មួយ​មាន​អាយុកា​ល​តាំងពី​ឆ្នាំ​ ១៩៥១ ​មកម្ល៉េះ ហើយ​ជា​គណ​បក្ស​ល្បី​ល្បាញ​លើ​សកល​លោក​ផង​។ ​ដូច្នេះ​វា​ធ្វើ​ឱ្យ​មាន​ព្យ​សនកម្ម​ធ្ងន់​ធ្ងរ​ណាស់​»​។​


លោក​ចៅ​ក្រម​បាន​​ថ្លែងថា​៖ «​ដូច្នេះ​សំណុំ​រឿងនេះ​ក្រោយ​ពី​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​បាន​ពិភាក្សា​​រួចមក ​គឺ​បាន​ឯក​ភាព​សម្រេច​តម្កល់​សាល​ដីកា​របស់​សា​លាឧ​ទ្ធរណ៍​ភ្នំពេញ​ដែល​បាន​ប្រកាស​សាល​ដីកា ​កាល​ពី​ថ្ងៃទី​ ១៧ ​ខែកុម្ភៈ​ ឆ្នាំ ២០២៣ ​ទុក​ជា​បាន​ការ​ដដែល​»​។​

ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​នេះ ​ភ្នំពេញ​ ប៉ុស្តិ៍​ មិន​អាច​ទាក់​ទង​លោក ​សុន ​ឆ័យ និង លោក ជូ​ង ជូងី ​ដើម្បី​ឆ្លើយតបនឹ​ងកា​រសម្រេ​ចរប​ស់តុលាកា​រកំ​ពូលបា​នទេ​ នៅ​ថ្ងៃទី​ ២៣ កុម្ភៈ ​ដោយសា​រទូ​រស័ព្ទ​គ្មាន​អ្នកទ​ទួល​។​

​គួរ​បញ្ជាក់ថា​ លោ​ក សុន ឆ័យ អនុប្រ​ធាន​គណ​បក្ស​ភ្លើងទៀន​បាន​រង​បណ្តឹង​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ផង និង​រង​បណ្តឹង​របស់​គណៈ​កម្មា​ធិកា​រ​ជាតិ​រៀបចំ​ការ​បោះឆ្នោ​ត​ផង​។​ក្នុង​សំណុំរឿង​ទី​១ តុលាការ​ បង្គាប់​ឱ្យ​លោក សុន​ ឆ័យ ស​ងជំងឺ​ចិត្ត ៣​ ពាន់​លាន​រៀល​ និង​ពិន័យ​ជា​ប្រាក់​ ៨ ​លាន​រៀលចូល​ថវិការដ្ឋ​។ ប៉ុន្តែ​បណ្តឹង​ទី​២ ​របស់​គណៈ​កម្មាធិ​ការ​ជាតិ​រៀប​ចំ​ការបោះ​ឆ្នោត​គ្រាន់តែ​ឱ្យ​លោក​ សុន ឆ័យ​ សុំទោស​ជា​សាធារ​ណៈ ​តែ​តុលា​ការ​បាន​ពិន័យ​លោក សុន ឆ័យ ជា​ប្រាក់ ៩ ​លាន​រៀល​ចូល​ថវិ​កា​រដ្ឋ​៕