ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃ​ទី២៣កុម្ភៈ​បាន​សម្រេច​ឱ្យ​គ្រប់​នាវា​ពាណិជ្ជកម្ម​ទាំងអស់​ដែល​ចូលមក​ដែនទឹក នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ត្រូវ​ស្នើ​សុំ​ធ្វើ​បែប​បទ​នាវា​ចូល-ចេញ​តាមរយៈ​ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ​អេឡិច​ត្រូនិក​កំពង់ផែ (Port EDI)។

ការ​សម្រេច​នេះ បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ស្តី​ពី​វឌ្ឍនភាព​ការធ្វើ​បែប​បទ​នាវា តាម​ប្រព័ន្ធ​ផ្លាស់ប្ដូរ​ទិន្នន័យ អេឡិច​ត្រូនិក​កំពង់ផែ (Port EDI) សម្រាប់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​ថ្នាក់​ដឹកនាំ​ក្រសួង ក្រុម​ការងារ​បច្ចេកទេស តំណាង​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍ អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា អគ្គ​នាយកដ្ឋាន​បច្ចេកទេស​សុខាភិបាល និង​មន្ត្រី​បច្ចេកទេស​នៃ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ជាច្រើន​រូប​ផងដែរ។


បើតាម​ក្រសួង​សាធារណការ កិច្ចប្រជុំ​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ពិនិត្យ​វឌ្ឍនភាព​ការងារ មុខងារ​ថ្មីៗ និង​ប្រតិបត្តិការ​ក្នុង​ប្រព័ន្ធ ព្រមទាំង​ពិនិត្យ​បញ្ហា​ប្រឈមមួយ​ចំនួន ទាក់ទង​នឹងការងារ​បំពេញ​បែប​បទ​នាវា តាម​ប្រព័ន្ធ​ផ្លាស់ប្ដូរ​ទិន្នន័យ​អេឡិចត្រូនិក​កំពង់ផែ។

លោក អៀង វ៉េងស៊ុន រដ្ឋ​លេខាធិការ ក្រសួង​សាធារណការ ដែល​ដឹកនាំ​កិច្ចប្រជុំ​នេះ បាន​គូស​បញ្ជាក់​ថា ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ​អេឡិច​ត្រូនិក​កំពង់ផែ (Port EDI) គឺ​ជាការធ្វើ​ទំនើប​កម្ម​ទ្រង់ទ្រាយ​ធំ លើ​ការត្រួត​ពិនិត្យ​នាវា​ចរណ៍​ចូល-ចេញ​នៅ​កម្ពុជា ដោយ​ប្តូរ​ពី​ការធ្វើ​ការដោយ​ដៃ មក​ធ្វើការ​លើ​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិ​កម្មវិញ ដើម្បី​ជួយ​សម្រួល​ដល់​នីតិវិធី​ចូល-ចេញ​កំពង់ផែ​កម្ពុជា​សម្រាប់​នាវា​ដឹកជញ្ជូន​ទំនិញ​អន្តរ​ជាតិ សំដៅ​គ្រប់គ្រង​សេវា​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព ចំណេញ​ពេលវេលា និង​កាត់បន្ថយការចំណាយផ្សេងៗ៕