ភ្នំពេញៈ ជប៉ុន​នឹង​ផ្តល់ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​ ដើម្បី​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ចំនួន​​ ៣០,៦​ លាន​ដុល្លារ ដែលមាន​គោលដៅ​អភិវឌ្ឍន៍​ប្រព័ន្ធ​ទឹកស្អាត​នៅ​ខេត្តស្វាយរៀង ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុក​ជំនួយ​នេះ ជា​កាយវិការ​សប្បុរស​ដែល​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ សេដ្ឋកិច្ចសង្គម​។​


​សេចក្តីប្រកាស​ព័ត៌មាន​ពី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី ​២២ កុម្ភៈ ឱ្យដឹងថា រដ្ឋាភិបាល​ជប៉ុន នឹង​ផ្តល់ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ៣ ៩៨៦ លាន​យ៉េន ឬ​ស្មើនឹង ៣០,៦​ លាន​ដុល្លារ​អាមេរិក ដើម្បី​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ខេត្តស្វាយរៀង​។ ជំនួយ​នេះ​នឹងត្រូវ​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ ដែលមាន​តំណាង​ពី​ភាគី​ជប៉ុន គឺ​លោក តា​កេ ហ្សឹ​សឺ​កិ (TAKEI Shunsuke) រដ្ឋលេខាធិការ​ក្រសួងការបរទេស​ជប៉ុន និង​ភាគី​កម្ពុជា លោក ​ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៅ​ថ្ងៃទី​ ២៤ កុម្ភៈ​។​

​ក្រសួងការបរទេស​បាន​ចាត់ទុក​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​នេះ​ជា «​កាយវិការ​សប្បុរសរ​បស់​រដ្ឋាភិបាល​ជប៉ុន​ដែល​នឹងចូលរួម​ចំណែក​យ៉ាងសំខាន់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ជាបន្តបន្ទាប់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​»​។​


​តាមរយៈ​ជំនួយឥតសំណង​នេះ​ក្រសួងការបរទេស​លើកឡើងថា នឹងធ្វើ​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​ជប៉ុន នឹង​វិ​វត្ត​ទៅរក​ភាព​ស៊ីជម្រៅ​បន្ថែមទៀត​លើ​គ្រប់​វិស័យ​ដែល​ល្អ​ស្រាប់ នៅ​ចំពោះមុខ​ខួប ៧០​ ឆ្នាំ​នៃ​ការ បង្កើត​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំង ២​។​

​ជាមួយគ្នានេះ ជប៉ុន​ក៏​នឹង​ផ្តល់​ជំនួយឥតសំណង​ដល់​អង្គការក្រៅរដ្ឋាភិបាល​ចំនួន ៣ ដែលមាន​ទំហំ​ទឹកប្រាក់​ជាង ៨,៤ សែន​ដុល្លារ​អាមេរិក​ផងដែរ ក្រោម​គម្រោងការ​នៃ​កិច្ច សហប្រតិបត្តិការ​សេដ្ឋកិច្ច​របស់ជប៉ុន ដែល​នឹងត្រូវ​ចុះហត្ថលេខាដោយ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំកម្ពុជា លោក អ៊ូ​អិ​ណុ អាត់​ស៊ូ ស៊ី (UENO Atsushi) នៅថ្ងៃទី​ ២៧ ខែកុម្ភៈ​។


​អង្គ​ការដែល​ទទួលបាន​ជំនួយ​មាន​អង្គការ Nature Center Risen លើ​ផ្នែក​បរិស្ថាន​ប្រកបដោយ​ចីរភាព និង​លើកកម្ពស់​ចំណេះដឹង​បរិស្ថាន​ដល់​ពលរដ្ឋ​កម្ពុជា​, អង្គការ​សន្តិ​ស្ម័គ្រចិត្ត (SVA)​ សម្រាប់​លើកកម្ពស់​ការ សិក្សា​បំប៉នបន្ថែម​ដល់​សាលា បឋមសិក្សា​ក្នុង​តំបន់​ដាច់ស្រយាល និង​អង្គការ​បេះដូង​មាស​សម្រាប់​ការអភិវឌ្ឍ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សាអប់រំ​គ្រូបង្រៀន​អប់រំ​កាយ​។​

​កាលពីដើម​ខែកុម្ភៈ ក្នុងជំនួប​ទ្វេភាគី​ជាមួយនឹង​ឯកអគ្គរាជទូត​ជប៉ុន​ថ្មី​ប្រចាំ​នៅ​កម្ពុជា លោក អ៊ូ​អិ​ណុ អាត់​ស៊ូ​ស៊ី (UENO Atsushi)​​ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​លើកឡើងថា សមិទ្ធផល​ជាតិ​សំខាន់ៗ​លើ​ការអភិវឌ្ឍ​សង្គម​កម្ពុជា​ជាច្រើន រួម​នឹង​ការបោះឆ្នោត​នាពេល​កន្លងមក ដែល​កម្ពុជា​សម្រេចបាន​គឺជា​សមិទ្ធផល ដែល​កើតមានឡើង ដោយមាន​ការចូលរួម​ចំណែក​យ៉ាងសំខាន់​ពី​រាជរដ្ឋាភិបាលនិង​ប្រជាជន​ជប៉ុន​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ លោក យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យ សភា​កម្ពុជា ថ្លែងថា ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​ពង្រីក​ប្រព័ន្ធ​ទឹកស្អាត​នៅ​ស្វាយរៀង​នេះ និង​ជំនួយ​ឯទៀតៗ របស់​រដ្ឋាភិបាល​ជប៉ុន​ជា​ទង្វើ​សប្បុរសធម៌​ថ្លៃថ្លា​ណាស់​សម្រាប់​កម្ពុជា ដែល​ជប៉ុន​តែងតែ​ផ្តល់ជំនួយ​ដល់​ប្រទេស​កម្ពុជា ចាប់តាំងពី​ដំណើរការ​ស្វែងរក​សន្តិ​ភាព​រហូតមកដល់​ប​ច្ចុ​ប្បន្ន​។​

​សម្រាប់​ទំនាក់ទំនងរ​វាង​កម្ពុជា​ជប៉ុន​នេះ លោក យង់ ពៅ យល់ឃើញ​ដូច្នេះ​ថា​៖ «​មកដល់​ឆ្នាំ​ ២០២៣​ នេះ ទំនាក់ទំនង​កម្ពុជា និង​ជប៉ុន​ឈាន​មកដល់​ខួប​ ៧០ ​ឆ្នាំ​ហើយ ហើយ​បើ​កិច្ចព្រមព្រៀង​កាលពី​កិច្ចប្រជុំ​អាស៊ាន​ឆ្នាំ​ ២០២២ នោះ រដ្ឋាភិបាល​ប្រទេស​ទាំង​ ២​ បាន​ព្រមព្រៀង​ធ្វើឱ្យ​ទំនាក់ទំនង​ការទូត​ក្លាយទៅជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​»​។

​លោក​ថ្លែងថា៖ «​ទំនាក់ទំនង​នេះ​វិ​វត្ត​មកជា​ភាពល្អប្រសើរ​។ ជប៉ុន​មិនដែល​ប្រើ​ភាសា​ការទូត​អវិជ្ជមាន ទ្រគោះបោះបោក​ជាមួយ​កម្ពុជា​ឡើយ ចំពោះ​កម្ពុជា​វិញ​ក៏​ដូច្នេះ​ដែរ មិន​ដែលមាន​ភាពអវិជ្ជមាន​នឹង​គ្នា ហើយ​ប្រ ជា​ជនកម្ពុជា​តែង​ឱ្យ​តម្លៃ​ខ្ពស់​ដល់​ជប៉ុន​ផងដែរ​»​។​

​ស្រដៀង​គ្នា​នេះ លោកប៉ា ច័ន្ទ​រឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា ក៏បាន​ថ្លែង​ឱ្យដឹង​ដែរ​ថា ជប៉ុន គឺជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​របស់​កម្ពុជា ចាប់តាំងពី​ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃ ២៣ តុលា ឆ្នាំ​ ១៩៩១ មក ទាំង​លើ​ការអភិវឌ្ឍ​ផ្នែក​រូបវន្ត និង​ការអភិវឌ្ឍ​ផ្នែក​ធនធានមនុស្ស​។​

​បន្ថែម​ពីនេះ​លោកប៉ា ច័ន្ទ​រឿន បាន​និយាយថា​៖ «​តាមរយៈ​កាយវិការ និង​សកម្មភាព​ផ្តល់​ជំនួយឥតសំណងរ​បស់​រាជរដ្ឋាភិបាល​ជ​ប៉ុន​នេះ ជា​កាយវិការ​លើកកម្ពស់​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា​ថែម ​១ ​កម្រិត​ទៀតផង​ដែរ​»៕