ក្រសួងសុខាភិបាល រកឃើញមនុស្សចំនួន ១២ នាក់ ពាក់ព័ន្ធកុមារីដែលបានស្លាប់ដោយសារជំងឺផ្តាសាយបក្សីប្រភេទ H5N1 និងបានប្រមូលសំណាកទាំងនោះមកធ្វើការវិភាគរកមេរោគ ហើយលទ្ធផលបានបង្ហាញថា ក្នុងចំណោម ១២ នាក់នោះ មានបុរសម្នាក់ឆ្លងមេរោគផ្តាសាយបក្សី H5N1។
សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី ២៤ ខែកុម្ភៈ បានឱ្យដឹងថា បន្ទាប់ពីមានករណីស្លាប់កុមារីម្នាក់អាយុ ១១ ឆ្នាំ ៦ ខែ កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣ ដោយសារ H5N1 ដែលរស់នៅភូមិរលាំង ឃុំរំចេក ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ក្រុមការងារអង្កេតស្រាវជ្រាវបន្ទាន់របស់ក្រសួងសុខាភិបាល ដោយមានកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីរសុខាភិបាលខេត្តព្រៃវែង រួមជាមួយដៃគូសុខាភិបាល បានចុះដល់មូលដ្ឋានជាបន្ទាន់ នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៣។
ក្រសួងបន្តថា៖«ក្រុមឆ្លើយតបបន្ទាន់នេះ បានប្រមូលយកវត្ថុសំណាកអ្នកប៉ះពាល់ជាមួយកុមារីដែលបានស្លាប់ដោយសារជំងឺផ្តាសាយបក្សី H5N1 ចំនួន១២នាក់ ដើម្បីធ្វើការវិភាគនៅវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ ដែលលទ្ធផលនៃការវិភាគ បានបញ្ជាក់ពីវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ ថាមានវិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទ ហាស់៥ អ៊ិន១ (H5N1) ១សំណាក ក្នុងចំណោមវត្ថុសំណាកទាំង១២ ដែលកើតមានលើបុរសអាយុ ៤៩ ឆ្នាំ ដែលមានទីលំនៅក្នុងភូមិរលាំង ឃុំរំចេក ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ត្រូវជាឪពុករបស់កុមារីដែលបានស្លាប់។
ប្រភពដដែលបញ្ជាក់ថា ប៉ុន្តែស្ថានភាពសុខភាពរបស់បុរសនេះ មិនទាន់មានចេញនូវរោគសញ្ញាអ្វីគួរឱ្យកត់សម្គាល់នៅឡើយ។
ក្រសួងបញ្ជាក់ថា នេះជាករណីទី២ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣នេះ បន្ទាប់ពីមិនបានរកឃើញវីរុសនេះលើខ្លួនមនុស្សអស់រយៈពេល ៩ឆ្នាំកន្លងមកហើយនៅព្រះរាជាណាចក្រកម្ពុជា ដែលការណីចុងក្រោយនេះ គឺជាករណីទី៥៨ ដែលបានរកឃើញនៅថ្ងៃទី ២៣ ខែកុម្ភៈឆ្នាំ២០២៣ នេះ ក្នុងនោះ មាន៤៥ករណីកើតលើកុមារអាយុក្រោម១៤ឆ្នាំ និង៣១ករណីក្នុងចំណោមករណី ទាំង៥៨ ជានារី។
ចាប់តាំងពីមានជំងឺផ្តាសាយបក្សីលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០០៥ មក នៅក្នុងចំណោម អ្នកដែលមានឆ្លងវីរុសផ្តាសាយបក្សី H5N1 ចំនួន៥៨ករណី មានតែ១៩ករណីទេដែលមានជីវិត។
ក្រុមឆ្លើយតបបន្ទាន់ខាងលើបាន និងកំពុងបន្តអង្កេតស្រាវជ្រាវការកើតឡើងនូវជំងឺផ្ដាសាយបក្សីប្រភេទនេះ និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រនីតិវិធីរបស់ជាតិ និងបានសហការគ្នារវាងក្រុមឆ្លើយតបបន្ទាន់ពេទ្យមនុស្ស និងពេទ្យសត្វ និងស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្ត ទៅអ្នកដទៃទៀត ទាំងក្នុងសហគមន៍ជាបន្តទៀត និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុ ខាងលើជាបន្តបន្ទាប់។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋទូទៅថា " ជំងឺជំងឺផ្ដាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋកម្ពុជា និងកើតមានច្រើនលើកុមារដែលជាក្រុមមានហានិភ័យខ្ពស់ និងមានភាពងាយរងគ្រោះច្រើន។
សារអប់រំរបស់ក្រសួងសុខាភិបាល រួមមាន ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត មុននិងក្រោយពេលបរិភោគអាហារ និងបន្ទាប់ពីប៉ះពាល់ជាមួយបសុបក្សី ត្រូវនៅឆ្ងាយពីសត្វបក្សី ដាក់សត្វបក្សីនៅឱ្យឆ្ងាយពីន្លែងរស់នៅ កុំបរិភោគ សត្វបក្សីឈឺ ឬងាប់ និងរាល់សត្វបក្សីដែលយកមកធ្វើជាម្ហូបអាហារសម្រាប់បរិភោគ ត្រូវចម្អិន ឱ្យបានឆ្អិនល្អ។ ត្រូវឆាប់រាយការណ៍ទៅអាជ្ញារធរសុខាភិបាលនៅនឹងកន្លែង ឬក្រសួងសុខាភិបាល ក្នុងករណីសង្ស័យ ហើយត្រូវស្វែងរកការព្យាបាលជាបន្ទាន់៕
វីដេអូ៖