មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងសុខាភិបាល បានបង្ហាញ​មោទនភាព​ចំពោះ​អត្រា​នៃ​អ្នក​ជក់បារី​នៅក្នុង​ប្រទេស​កម្ពុជា មានការ​ថយចុះ ខណៈ​គិត​ត្រឹម​ដើមឆ្នាំ​ ២០២៣​ នេះ អ្នក​ជក់បារី​ទូទាំងប្រទេស​ប្រមាណ ១,៦​ លាន​នាក់ ស្មើនឹង​ ១៣% នៃ​ប្រជាជន​អាយុ​ពី​ ១៥ ​ឆ្នាំ​ឡើង​។


​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​លទ្ធផល នៃ​ការអង្កេត​ថ្នាក់ជាតិ​លើ​មនុស្សពេញវ័យ​ស្តីពី ថ្នាំជក់​នៅ​ប្រទេស​កម្ពុជា​ឆ្នាំ​ ២០២១ កាលពី​ថ្ងៃទី​ ២១ ខែកុម្ភៈ ឆ្នាំ​ ២០២៣ លោក អ៊ឹង ភីរុន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍​គណៈកម្មាធិកា​រ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់បាន​ថ្លែងថា លោក​មានការ​សប្បាយ​ចិ​ត្ដ និង​មាន​មោទនភាព​ដែល​កម្ពុជា​យើង​មានការ​ថយចុះ​នៃ​ការជក់បារី​បែបនេះ​។

​លោក​បន្តថា ការថយចុះ​នៃ​អត្រា​នៃ​អ្នក​ជក់បារី​នេះ ដោយសារ​តែមាន​ការចូល​រួម​ពី​អន្ដរក្រសួង និង​អង្គការ​ដៃគូ ដែល​ជំរុញ​ឱ្យ​ការផ្សព្វផ្សាយ​អប់រំ​របស់​ក្រសួង​បាន​ដល់ដៃ​ប្រជាពលរដ្ឋ​យើង​នៅតាម​សហគមន៍ ដែល​ធ្វើឱ្យ​ពួកគាត់​មានការ​យល់ដឹង​ពី​ផលប៉ះពាល់ និង​គ្រោះថ្នាក់​ដល់​សុខភាព​ដោយសារ​ជក់បារី​។


​ជាមួយគ្នានេះ មន្ដ្រីជាន់ខ្ពស់​រូបនេះ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​បាននិងកំពុង​ប្រើប្រាស់​ផលិតផល​ថ្នាំជក់​ទាំងអស់ គួរ​លះបង់​ទម្លាប់​ប្រើប្រាស់​ និង​ចៀសវាង​ឱ្យ​ឆ្ងាយ ដើម្បី​សុខភាព​ផ្ទាល់ខ្លួន និង​គ្រួសារ​។ លោកក៏បាន​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​បន្ដ​ចូលរួម​អនុវត្ត និង​ជំរុញ​ការអនុវត្ត​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​ឱ្យមាន​ប្រសិទ្ធភាព ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​របាយការណ៍​របស់​គ​ណៈ​ក​ម្មា​ធិ​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ បង្ហាញថា អត្រា​អ្នក​ជក់បារី​ទូទាំងប្រទេស​ក្នុងចំណោម​ប្រជាជន​អាយុ​ពី​ ១៥ ​ឆ្នាំ​ឡើង នៅ​ឆ្នាំ​ ២០១៤ មាន​ ១៧% បាន​ធ្លាក់​ចុះមក​ត្រឹម​ ១៣% ក្នុង​ឆ្នាំ​ ២០២១ នេះ ក្នុងនោះ​អត្រា​បុរស​ជក់បារី ៣៣%​ នៅ​ឆ្នាំ​ ២០១៤​ ចុះមក ២៥% ឆ្នាំ​ ២០២១ នេះ​បើតាម​ការអង្កេត​ក្នុង​រយៈពេល ​៥​ ឆ្នាំ​ម្ដង​។


​លោកស្រី ឈី វ៉ា អភិបាលរង​ខេត្តកោះកុង ដែល​បាន​ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការអង្កេត​ថ្នាក់ជាតិ​លើ​មនុស្សពេញវ័យ​ស្តីពី​ថ្នាំជក់​នៅ​ប្រទេស​កម្ពុជា ឆ្នាំ​ ២០២១ បាន​ថ្លែង​ទទួលស្គាល់ថា អ្នក​ជក់បារី​សម្រាប់​មនុស្សពេញវ័យ​នៅ​ប្រទេស​កម្ពុជា​បានការ​ថយចុះ​ដ៏​គួរឱ្យកត់សម្គាល់​។

​លោកស្រី​បន្តថា នៅក្នុង​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​នៅ​ប្រទេស​កម្ពុជា ក៏ដូចជា​ការអនុវត្ត​អនុសញ្ញា​ស្ដីពី​ការត្រួតពិនិត្យ​ថ្នាំជក់​របស់​អង្គការ​សុខភាព​ពិភពលោក ក៏មាន​វឌ្ឍនភាព​ផងដែរ​៕​

វីដេអូ៖