បន្ទាយមានជ័យៈ កម្ពុជា និងថៃ​បើក​ដំណើរការ​សាកល្បង​ស្ពាន​មិត្តភាព​កម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ដើម្បី​បង្កើន​លំហូរ​ពាណិជ្ជកម្ម​ឆ្លងដែន និង​វិនិយោគ។


ពិធី​បើក​ដំណើរការ​សាកល្បង​ស្ពាន​នេះ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព ​លោក ដន ប្រាម៉ាត់វីណៃ រដ្ឋមន្ត្រីការបរទេស​ថៃ និងលោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ក្នុង​ឱកាស​លោក​ទៅ​បំពេញទស្សនកិច្ច​នៅ​ប្រទេស​ថៃ​ ២ ថ្ងៃ ​គឺ​នៅថ្ងៃ​ទី២៣-២៤ ខែកុម្ភៈ។

សេចក្តីប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់​នាថ្ងៃទី២៤ ខែកុម្ភៈ ថា៖ «ឯកឧត្តមឧបនាយក​រដ្ឋមន្ត្រី​ទាំង២ បាន​ធ្វើ​ជាអធិបតី​ក្នុង​ពិធី​បើក​ដំណើរការ​សាកល្បងស្ពាន​មិត្តភាព​កម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ដែលនឹង​រួមចំណែក​បង្កើន​លំហូរ​ពាណិជ្ជកម្ម​ឆ្លងដែន និង​វិនិយោគ ក៏ដូចជា​ការធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការត​ភ្ជាប់ និង​សុខុមាលភាព​នៃ​ប្រជាជន​ទាំង២»។


សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​​ថា ជាមួយនឹង​ការកត់​សម្គាល់​ដោយ​ពេញ​ចិត្ត​ចំពោះ​និន្នាការ​ជាវិជ្ជមាននៃ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ភាគី​ទាំង២​បាន​បញ្ជាក់​ពីសារៈ​សំខាន់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រួមគ្នាដើម្បី​សម្រេច​ឱ្យបាន​នូវ​គោលដៅ​នៃ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ចំនួន ១៥ ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ ២០២៥។

លោក ប្រាក់ សុខុន បាន​លើក​ទឹកចិត្ត​ឱ្យ​ភាគី​ថៃ​ពង្រីក​ទីផ្សារ​ថៃ និង​លុប​របាំង​បច្ចេកទេស​ពាណិជ្ជកម្ម ដើម្បី​អនុគ្រោះ​ដល់​កសិផល​កម្ពុជា។


ភាគី​ទាំង២​ ក៏បាន​ពិភាក្សា​ផងដែរ អំពី​នីតិ​វិធី​អន្តោ​ប្រវេសន៍ រួមទាំង​កិច្ចខិតខំ​ប្រឹងប្រែង​រួម​ដើម្បី​ផ្ដល់ភាព​ស្របច្បាប់​ជូន​ពលករ​កម្ពុជា ដែល​ស្នាក់នៅ​ប្រទេស​ថៃ ដោយ​លោក ប្រាក់ សុខុន បាន​ស្នើ​ឱ្យភាគី​ថៃ​ពិចារណា​បញ្ចុះ​តម្លៃ​ទិដ្ឋាការ​ការងារ​ដល់​ពលករ​ខ្មែរ។

ប្រភព​ដដែល​បញ្ជាក់​ថា រដ្ឋមន្ត្រី​ទាំង២​បាន​ស្វាគមន៍​ចំពោះ​ការលើក​កម្រិត​ផ្លូវ​ជាតិ​លេខ៦៧ ត​ភ្ជាប់ពីខេត្ត​សៀមរាប ប្រទេស​កម្ពុជា ទៅ​ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ និង​បាន​គូស​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​លើ​វិស័យ​អាកាសចរ ដោយ​ផ្តោត​ទៅ​លើ​សុវត្ថិភាព សន្តិសុខ ការកសាង​សមត្ថភាព​ស្ថាប័ន និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស៕