ភ្នំពេញៈ លោក Wang Wentian ឯក​អគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​កម្ពុជា បង្ហាញ​ពីភាព​រីករាយ​របស់​ចិន​ក្នុង​ការសហការ​ជាមួយ​កម្ពុជា ដោយ​យក «ឆ្នាំមិត្តភាពចិន-កម្ពុជា» នៅ​ឆ្នាំនេះ​ជាឱកាស​ជំរុញ​កិច្ចសហ​ប្រតិបត្តិការ​លើ​វិស័យ​អប់រំ​រវាង​ចិន-កម្ពុជា​ឱ្យ​ឈាន​ដល់​កម្រិត​ថ្មីមួយ​ទៀត។


លោក​លើក​ឡើង​ដូច្នេះ​ក្នុង​ពិធី​បើក​បវេសនកាល​ថ្នាក់​បរិញ្ញាបត្រ​ជំនាន់​ទី១​ នៃ​វិទ្យាស្ថាន​ខុងជឺនៃ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​និង​វិទ្យាសាស្រ្ត​កម្ពុជា នៅ​រាជ​ធានី​ភ្នំពេញ នា​ថ្ងៃ​ទី២៤ ខែកុម្ភៈ។

ស្ថានទូត​ចិន​បញ្ជាក់​ថា លោក ហង់ ជួនណារ៉ុន រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ យុវជន និងកីឡា លោក ពុង ឃាវសែ ប្រធាន​សមាគម​សម្ព័ន្ធខ្មែរ​ចិន​នៅ​កម្ពុជា បានចូលរួម​និង​ថ្លែង​សុន្ទរកថា​ក្នុងពិធីនេះ​ ខណៈលោក Lin Ruihua ទីប្រឹក្សា​វប្បធម៌​នៃ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា តំណាង​មជ្ឈមណ្ឌល​កិច្ចសហ​ប្រតិបត្តិការ​និង​ផ្លាស់ប្តូរ​ភាសា​ចិន​និង​បរទេស មន្ទីរ​អប់រំ​ខេត្ត​Jiangsuនៃ​ប្រទេស​ចិន និង​សាកលវិទ្យាល័យ​ឧស្សាហកម្ម​វិជ្ជាជីវៈ​បច្ចេក​វិទ្យា​Nanjing បាន​ចូលរួម​តាមប្រព័ន្ធ​អ៊ីនធឺណិត។


លោក Wang Wentian រំឭក​ថា ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់​ប្រទេសចិន​កាល​ពី​ដើមខែ​នេះ ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ទាំង២​បាន​ព្រមព្រៀង​គ្នា​កសាង​សហគមន៍​វាសនា​រួមរវាង​ចិន និង​កម្ពុជា​ដែល​មាន​គុណភាព​ខ្ពស់ កម្រិត​ខ្ពស់ និង​ស្តង់ដា​ខ្ពស់​ក្នុង​យុគ​សម័យ​ថ្មី និងបង្កើត​ក្របខ័ណ្ឌ​កិច្ចសហ​ប្រតិបត្តិការ «ត្បូងពេជ្រ»។

លោក​ថ្លែង​ថា៖ «ភាគី​ចិន​រីករាយ​សហការ​ជាមួយ​កម្ពុជា​តាម​គ្រប់ទម្រង់ យក​ «ឆ្នាំមិត្តភាព​ចិន-កម្ពុជា» នាឆ្នាំនេះ​ជាឱកាស ជំរុញ​កិច្ចសហ​ប្រតិបត្តិការ​លើ​វិស័យ​អប់រំ​រវាង​ចិន-កម្ពុជា​ឱ្យ​ឈាន​ដល់កម្រិត​ថ្មីមួយទៀត»។


លោក Wang Wentian បាន​លើកទឹកចិត្ត​ដល់​សិស្ស​ឱ្យ​រក្សា​ស្រឡាញ់ «ឱកាស​ដ៏ល្អនេះ» ខិតខំ​រៀនភាសា​ចិន​និង​ជំនាញ​វិជ្ជាជីវៈ រួមដំណើរ​លើ​រថភ្លើង​ល្បឿនលឿន​ក្នុងការកសាង​សហគមន៍​វាសនា​រួមរវាង​ចិន​និង​កម្ពុជា​ក្នុង​យុគសម័យថ្មី ខិតខំ​ធ្វើ​ជាស្ថាបនិក​អភិវឌ្ឍន៍​ប្រទេស​ជាតិ ជាអ្នក​បន្ត​មរតក​នៃចំណង​មិត្តភាព​ចិន-កម្ពុជា។

ស្ថានទូត​ចិន​បាន​ដក​ស្រង់​សម្ដី លោក ហង់ ជួនណារ៉ុន ផ្សព្វផ្សាយ​ក្នុង​ហ្វេសប៊ុក​នាថ្ងៃ​ទី២៥ ខែកុម្ភៈ ថា ភាគី​ចិន​តែង​ផ្តល់​ការគាំទ្រ​រយៈពេល​វែង​សម្រាប់​ការអភិវឌ្ឍ​វិស័យ​អប់រំ​ក្នុង​ប្រទេស​កម្ពុជា និង​កោត​សរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​ឥតឈប់ឈរ​របស់​សមាគម​សម្ព័ន្ធ​ខ្មែរ​ចិន​នៅ​កម្ពុជា​ក្នុងការជំរុញ​ទំនាក់ទំនង​មនុស្សសាស្រ្ត​និងកិច្ចសហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង២។

លោក​សង្ឃឹម​ថា វិទ្យាស្ថាន​ខុងជឺ​នេះ​នឹង​បណ្តុះបណ្ដាល​ធនធាន​មនុស្ស​ដែល​ចេះ​ភាសា​ចិន​ក្នុង​វិស័យ​បច្ចេកវិទ្យា ផ្តល់​ការគាំទ្រ​យ៉ាងរឹងមាំ​សម្រាប់​ការអភិវឌ្ឍ​ក្នុង​ប្រទេស​កម្ពុជា​និង​សម្រាប់​ការកសាងសហគមន៍​វាសនា​រួម​រវាង​ប្រទេស​ទាំង២។

វិទ្យាស្ថាន​ខុងជឺ​នៃ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​និង​វិទ្យាសាស្រ្ត​កម្ពុជា គឺ​ជាវិទ្យាស្ថាន​ខុងជឺ​ទី៣ដែល​បង្កើត​ឡើង​ដោយ​សហការគ្នា​រវាង​ចិន​និង​កម្ពុជា ដែល​ផ្អែក​លើ​ការបង្រៀន​ជាភាសា​ចិន​និងមាន​លក្ខណ​ពិសេស​សម្រាប់​ការអប់រំ​វិជ្ជាជីវៈ ក្នុង​គោលបំណង​ជំរុញ​ការបណ្តុះបណ្តាល​ធនធានមនុស្ស​ «ចិន+អប់រំវិជ្ជាជីវៈ» បណ្តុះបណ្តាល​កម្រិត​ខ្ពស់​នៃ​គរុកោសល្យ និង​ការកសាង​មូលដ្ឋាន​គ្រឹះបណ្តុះបណ្តាល​ជាក់ស្ដែង​ដែល​មាន​លក្ខណៈ​ផលិតកម្ម។

ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ចិន លោក Li Keqiang មកកាន់​ប្រទេស​កម្ពុជាកាល​ពី​ខែវិច្ឆិកា ឆ្នាំ២០២២ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង២​បាន​ចូលរួម​ជាសក្ខីភាព​ក្នុង​ពិធីសម្ពោធ​ស្លាក​វិទ្យាស្ថាន​ខុងជឺ​នៃ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​និង​វិទ្យាសាស្រ្ត​កម្ពុជា៕​