ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះនៃ​​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ ២ រសៀល​នេះ មាន​ករណី​អគ្គិភ័យ​បាន​ឆាបឆេះ​អគារ​ខុនដូ​មួយ​កន្លែង​នៅ​ជាន់ទី​១៥ ដែល​មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ ទន្លេបាសាក់ ខណ្ឌ ចំការមន។


យោងតាម​ព័ត៌មាន​បឋម​របស់​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​បាន​ឱ្យ​ដឹង​ថា នៅ​វេលាម៉ោង ១​និង​៥០នាទី រសៀល​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ ២០២៣​នេះ មាន​អគ្គិភ័យ​បាន​និង​កំពុង​ឆាបឆេះ​អគារ​ខុនដូ​មួយ​កន្លែង​នៅ​ជាន់​ទី១៥ ជាប់​មហាវិថី​ព្រះនរោត្ដម សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន ដែល​ទីតាំង​ឆាបឆេះ​នេះ​ គឺ​នៅ​ក្បែរ​មជ្ឈមណ្ឌល​ព្រីនស៍ ផ្លាសា។ ខុនដូនេះ​រួម​មាន​ទាំង​អគារពាណិជ្ជ ផ្សារ​ទំនើប និងកន្លែង​កម្សាន្ត នៅ​ជាន់​ផ្ទាល់​ដី​ផងដែរ។

របាយការណ៍​បឋម​ពី​សមត្ថកិច្ច បាន​ឱ្យ​ដឹង​ថា ក្រោយ​ពី​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​អស់​រយៈពេល​ជាង ៣០ នាទី​មក​នេះ គឺ​កម្លាំង​សមត្ថកិច្ចជំនាញ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ គ្រប់គ្រង​ស្ថានការណ៍​ពន្លត់​បាន ១០០ភាគរយ ដោយ​បាន​ប្រើប្រាស់​ឡាន​ទឹក​អស់​ជាច្រើន​គ្រឿង។


ក្នុង​ហេតុការណ៍​នេះ សមត្ថកិច្ច​ពុំទាន់​បង្ហាញ​តួលេខ​ពី​ទំហំ​ខូចខាត​នៅ​ឡើយ​ទេ ខណៈ​មូលហេតុ​នៃ​ការ​ឆាបឆេះ​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវបន្ត​ទៀត។ ទោះជា​យ៉ាងណា គិត​ត្រឹម​ម៉ោង​ជិត ៣​រសៀល​នេះ ពុំទាន់​ឃើញ​មាន​មនុស្ស​រង​របួស​នោះ​ទេ។

សម្រាប់​ប្រជាពលរដ្ឋ​ដែល​បាន​ឃើញ​ហេតុការណ៍​អគ្គិភ័យ​នៅ​រាជធានី​ភ្នំពេញ អាច​ទាក់ទង​ផ្តល់​ព័ត៌មាន​បន្ទាន់​តាម​រយៈលេខ 666 ឬ​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​តាម​រយៈ​លេខ​ទូរស័ព្ទ 097 7 3333 55៕