កំ​ពតៈ​ អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរ​ជាតិ​ប្រចាំ​កម្ពុជា​សហកា​រ​ជាមួយ​ក្រសួង​បរិស្ថានបា​ន​រៀបចំ​ប្រារព្ធ​ទិវា​សត្វ​ក្រៀល​លើក​ទី​៦ ដើម្បី​ផ្សព្វ​ផ្សាយ​​ដល់​សាធា​រណជន​ និង​ជំរុញ​ឱ្យ​សហ​គមន៍​មូលដ្ឋា​នរួ​ម​នឹង​អ្នក​ពាក់​ព័ន្ធ​ឱ្យ​ចូល​រួម​អភិរក្ស​សត្វ​ក្រៀល​ដែល​កំពុង​រង​គ្រោះ​ឈានទៅ​​ផុត​ពូជ​។


​ទិវា​សត្វ​ក្រៀល​នេះនឹង​ត្រូវ​ធ្វើ​ឡើង​នៅ​តំបន់កា​រពារ​ទេសភា​ព​អន្លង់​ព្រីង ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់​ត្រាច ខេត្ត​កំពត​នា​ថ្ងៃទី​២៨ ខែកុម្ភ​: ដោយ​មាន​ការ​រៀបចំ​ព្រឹត្តិ​ការណ៍​សំខាន់​រួមមាន កម្មវិធី​ដាំ​កូន​ឈើ​ប្រមាណ​ ៤៥០​ ដើម​ នៅ​តាម​បណ្តោយ​ផ្លូវ​ដែល​ទើប​ពង្រីក​រួច​ដែល​ឆ្លង​កាត់​ក្នុង​តំបន់​ការពារ​នេះ​ មានកម្ម​វិធី​ការរត់​ប្រណាំង ជិះ​កង់ ការ​ប្រកួ​តប្រជែង​គំនូរ​ព្រម​ទាំង​មានការ​សម្ដែង​របស់​កុមារ​ដែល​មាន​ការ​ប្រឡង​សួរ​សំណួរ​-​ចម្លើយ​ទាក់​ទង​នឹង​ការ​ងារ​អភិរក្ស​សត្វ​ក្រៀល​ផង​ដែរ​។​

​លោក ប៊ូ វរ​សក្ស នាយក​កម្មវិធី​នៃ​អង្គ​ការ​ជីវិត​សត្វ​ស្លាប​អន្តរជា​តិ​ប្រចាំ​កម្ពុជា (BirdLife International Cambodia Programme)​បាន​ឱ្យ​ដឹង​ថា កម្មវិធី​ទិវា​សត្វ​ក្រៀល​នេះ គឺ​ត្រូវ​បាន​ធ្វើជា​រៀង​រាល់​ឆ្នាំ នៅ​តំបន់​អន្លង់​ព្រីង​ក្នុង​ខេត្ត​កំពត និង​តំបន់​បឹង​ព្រែក​ល្ពៅ​ក្នុង​ខេត្ត​តាកែវ ហើយ​នេះ​ជា​លើក​ទី​៦​ហើយ​ដែល​មានកា​រ​ប្រារព្ធ​ទិវា​នេះ​ឡើង​។


​លោក​បាន​បន្ត​ថា ការ​ប្រារព្ធ​ទិវា​សត្វ​ក្រៀល​ដែល​តែង​តែ​ធ្វើ​នៅ​តំបន់​ទាំង​២​គឺដោយ​សារ​ទីតាំង​ទាំង​នោះ មាន​វត្តមាន​សត្វ​ក្រៀល​មក​ចុះ​រក​ចំណី​ចាប់​ពី​ខែ​ឆ្នូ រហូត​ទៅ​ដល់​ខែ​មិថុនា​។ ដូច្នេះ​បំណង​នៃ​ធ្វើ​ទិវា​សត្វ​ក្រៀល​នេះគឺជា​ការ​ជំរុញ​ការ​ចូល​រួម​របស់​សហ​គម​ន៍​ក្នុងការ​ការពារនិ​ង​ការអ​ភិរក្ស​សត្វ​ក្រៀល​ខណៈ​ដែល​សត្វ​ប្រភេទ​នេះ​កំពុងមាន​វត្ត​មាន​ជុំវិញ​តំបន់​ដី​សើម​។

​លោក​ថា ជា​មួយ​គ្នានេះក៏​ជា​ការ​ជំរុ​ញឱ្យ​អាជ្ញាធរ​មូល​ដ្ឋាន ​ក៏ដូចជា​អ្នក​ពាក់​ព័ន្ធ​ផ្សេងៗ​ចូ​លរួម​ក្នុងការ​ការពារ ​និង​គ្រប់​គ្រង​ទីជម្រក​របស់​សត្វ​នេះ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​។


​លោក ប៊ូ វរ​សក្ស បាន​បញ្ជាក់​ថា​៖ «​ចំពោះ​កម្មវិធី​នេះ យើង​នឹង​រៀបចំ​ដោយ​មាន​ការ​សម្ដែង​រប​ស់​កុមារ​មាន​ការ​ប្រឡង​សួរ​សំណួរ​-​ចម្លើយ​ទាក់​ទង​នឹង​ការងារ​អភិរ​ក្ស​ ទាក់​ទង​នឹង​សារៈ​សំខាន់​សត្វ​ក្រៀល​នៅ​តំបន់ដី​សើម​ដែលជា​ទីជម្រក​របស់​វា ហើយក៏​មាន​ការ​ជិះ​កង់​កាត់​ភូមិ​និង​រត់​ប្រណាំង ដើម្បី​ផ្សព្វផ្សា​យ​ពី​ការ​អភិរក្ស​សត្វ​ក្រៀល ​និង​ជំ​រុញឱ្យ​ចូលរួម​សម្អាត​តំបន់​ដី​សើម​ជាដើម​ផង​ដែរ​»​។

​លោក​បាន​បន្តថា ទោះ​បីជា​កម្មវិធី​គ្រោង​រៀបចំ​ទាំង​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​កម្រិត​កុមា​រ និង​សហ​គមន៍​មូល​ដ្ឋាន ឬ​ក្នុង​តំបន់​ការពារ​ក៏ដោយ តែ​វា​ជាការ​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុងការ​ផ្សព្វ​ផ្សាយ​ទៅកាន់​សា​ធារ​ណជន​ទូទៅ​ផងដែរ​។

​លើស​ពីនេះ​ទៀត ចំពោះ​ឆ្នាំ​នេះ លោ​កថា ​មាន​ការ​ប្រកួត​គូរគំនូរ​រវាង​សា​លា​ចំនួន​២ ដែល​ស្ថិត​នៅក្នុ​ង​តំបន់ការពា​រទេស​ភាព​អន្លង់​ព្រីង​នោះគឺ​អ្នក​ដែល​បាន​ត្រៀម​គំនូរ​ដើម្បី​​ប្រកួត​ប្រជែង​ពួកគាត់​នឹងធ្វើ​បទ​បង្ហាញ​ពី​អត្ថ​ន័យ​នៃ​គំនូរ​ដែល​ទាក់​ទង​នឹង​តំបន់​ដីសើម​នៅ​សហ​គមន៍​របស់​ពួកគាត់​ថា​វា​មាន​សារៈ​សំខាន់ឬ​​អត្ថប្រ​យោជន៍​យ៉ាង​ណា ក្នុង​ការងារ​អភិរក្ស​សត្វ​ក្រៀល​។​ ក្រៅពី​នេះក៏​មាន​កម្មវិធី​ដាំ​ដើម​ឈើនៅតា​ម​ដងផ្លូវ​ដែល​បាន​ពង្រីក​ហើយ​ ពីព្រោះថា​កន្លងមក​ដើម​ឈើ​នៅ​សង​ខាង​ផ្លូវត្រូវបាន​កាប់​ដូច្នេះ​បើ​មិន​ដាំ​ដើមឈើ​ដែល​បាន​កាប់​ទាំង​នោះ​ឡើងវិ​ញ​ទេ វា​មានការ​ប៉ះពា​ល់​ដល់​សត្វ​ក្រៀល នៅ​ពេល​ដែល​មាន​អ្នក​ដំណើរ​ឆ្លងកាត់​តំបន់​អភិ​រក្ស​។

​យោង​តាម​ក្រសួង​បរិស្ថា​ន​បាន​ឱ្យដឹ​ងថា ​ចំនួន​សត្វ​ក្រៀល​មានការ​ថយ​ចុះដែល​មកទល់​ឆ្នាំ​២០២២​ មាន​សល់​ត្រឹមតែ​ជាង​១៥០​ក្បាល​ប៉ុណ្ណោះ ជា​ចំនួន​ដែល​មាន​ការ​ថយចុះ​ជា​បន្ត​បន្ទា​ប់ពី​ឆ្នាំ​២០២០​មក ។​

​យោង​តាម​ការ​ជំរឿន​សត្វ​ក្រៀល នៅ​ឆ្នាំ​២០២០ កម្ពុ​ជាមាន​សត្វ​ក្រៀល​ចំនួន​១៩៤​ក្បាល​, នៅ​ឆ្នាំ​២០២១ បាន​ធ្លាក់​ចុះមក​នៅតែ​១៦៤​ក្បាល ហើយ​ដល់​ឆ្នាំ​២០២២​ បើតា​ម​របាយកា​រណ៍​បណ្តោះ​អាសន្នចំ​នួន​សត្វ​ក្រៀល​បាន​បន្ត​ធ្លាក់​ចុះ​នៅ​សល់​ត្រឹម​ជាង​១៥០​ក្បាល​ប៉ុណ្ណោះ​។​

​លោកនេត្រ ភក្ត្រា អ្នកនាំ​ពាក្យ​ក្រសួង​បរិស្ថានធ្លាប់​បាន​ប្រាប់​ថា ចំនួន​សត្វ​ក្រៀល​នៅលើ​ពិភពលោ​ក​សព្វថ្ងៃនេះ​មាន​ចន្លោះ​ពី​១៣ ០០០​ទៅ​១៥ ​០០០​ក្បាល​ ដែល​រស់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ​អូស្ត្រាលី ​វៀតណាម​ ឡាវ ​និង​កម្ពុជា​។​

​សត្វ​ក្រៀល​តែង​តែ​បង្ហាញ​វត្ត​មាន​នៅ​ទីតាំង​៣​សំខាន់​គឺ​អាង​ត្រពាំង​ថ្ម​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ តំបន់កា​រពារទេស​ភាព​អន្លង់​ព្រីង ខេត្ត​កំពត និង​តំបន់​ការពា​រទេស​ភាព​បឹង​ព្រែក​ល្ពៅ​នៅ​ខេត្តតាកែវ​។ ការ​បង្ហាញ​ខ្លួ​ន​នេះ​គឺ​ដើម្បី​រក​ចំណី​បន្ត​កា​ររស់នៅ​ក្នុង​តំបន់​ដីសើ​ម​ដែល​សម្បូរ​ចំណី​នេះ​ពី​ខែធ្នូ​ដល់​ខែកុម្ភៈ​រៀង​រាល់​ឆ្នាំ។ រីឯ​រដូវ​ពង​កូន សត្វ​នេះ​នឹង​ផ្លាស់​ទី​ទៅ​តំបន់​ព្រៃ​របោះ​ក្នុង​ខេត្ត​ព្រះ​វិហារ រតន​គិរី និង​មណ្ឌល​គិរី​វិញ​៕