ភ្នំពេញៈ ​មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាលបានឱ្យដឹងថា លទ្ធផល​តេស្ត​ចំនួន​២៩ សំណាក​ដែល​ពាក់ព័ន្ធ​ជាមួយ​កុមារី​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺផ្តាសាយបក្សី H5N1 គឺ​អវិជ្ជមាន​ទាំងអស់​រួមទាំង​ឪពុក​របស់​កុមារី​នេះ​ផងដែរ ខណៈ​មន្ត្រី​សុខាភិបាល និង​អាជ្ញាធរខេត្ត​កំពុង​តាមដាន​ករណីនេះ​ដោយ​យកចិត្តទុកដាក់​។​


​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងសុខាភិបាល​លោកស្រី យក់ សម្បត្ដិ បានឱ្យដឹងថា យោងតាម​ការបញ្ជា​ក់ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ និង​វិទ្យាស្ថាន​សុខភាព​សាធារណៈ កាលពី​យប់​ថ្ងៃទី​២៦​ខែកុម្ភៈ​នេះ​សំណាក​សរុប​ចំនួន ២៩​ដែល​ត្រូវបាន​យកមក​ធ្វើតេស្ត​រក​មេរោគ​H5N1 គឺ​លទ្ធផល​បង្ហាញថា​អវិជ្ជមាន​ទាំងអស់​ដែលជា​អ្នក​ប៉ះពាល់​ជាមួយ​អ្នកស្លាប់ រួមទាំង​ឪពុក​អ្នកជំងឺ​ផងដែរ​។ លោកស្រី​ថ្លែងថា​៖« យើង​បានធ្វើ​តេស្ដ​ទៅ​អ្នកពាក់ព័ន្ធ​ផ្ទាល់ ហើយ​លទ្ធផល​គឺ​អវិជ្ជមាន រួមទាំង​ឪពុក​ដែល​ឆ្លង​ពី​កូនស្រី ដោយ​ការរាប់​មេរោគ​ក្នុង​ខ្លួន​តិច​ណាស់ ឥឡូវនេះ​គាត់​អវិជ្ជមាន​ដែរ ហើយ​អ្នកផ្សេងៗ​ទៀត​យើង​កំពុង​ស្រាវជ្រាវ​បន្ដ និង​អប់រំ​ប្រជាពលរដ្ឋ ឲ្យ​អនុវត្ត​វិធានការ​សុខាភិបាល​ឲ្យ​បាន​ខ្ជាប់ខ្ជួន​»​។​

​ លោកស្រី បញ្ជាក់ថា ទោះជា​លទ្ធផល​មក​អវិជ្ជមាន​នៃ​ជំងឺផ្ដាសាយបក្សី​ទាំងអស់​ក៏ដោយ ប៉ុន្តែ​មន្ត្រី និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ នៅតែ​បន្ដ​ធ្វើការ​យ៉ាង​ប្រុងប្រយ័ត្ន​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​នៅ​ទូទាំងប្រទេស តាមរយៈ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ឱ្យមាន​ការយល់ដឹង និង​ផ្សព្វផ្សាយ​ស្ប៉ត​អប់រំ​ផ្ដាសាយ​បក្សី​នៅតាម​ទូរទស្សន៍ សហគមន៍ និង​បណ្ដាញ​សង្គម ជាដើម​។​


​ ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តព្រៃវែង លោក ញ៉ែម សៅ​គ្រី បាន​ថ្លែងប្រាប់​នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ​ថា មន្ត្រី​សុខាភិបាល​និង​អាជ្ញាធរ​នៅ​បន្ត​តាមដាន​តំបន់​ដែលមាន​ការឆ្លង​ជំងឺផ្តាសាយបក្សី H5N1​ជាប្រចាំ ដើម្បី​ត្រៀម​ឆ្លើយតប​ផ្នែក​សុខាភិបាល​នៅពេល​មាន​ភាពមិនប្រក្រតី​ណាមួយ​កើតឡើង​។ លោក​បន្ថែមថា ដោយឡែក​បុរស​ជា​ឪពុក​ដែល​ឆ្លង​ជំងឺផ្តាសាយបក្សី H5N1 កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ហើយ​មាន​ស្ថានភាព​ល្អប្រសើរ​ឡើងវិញ​ហើយ បន្ទាប់ពី​មានការ​មើលថែទាំ​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​ក្រុមគ្រូពេទ្យ​ជំនាញ​។

​លោក ថ្លែងថា អ្នកជំងឺ​H5N1 ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យបង្អែក​ស្រុក​ស៊ីធរ​កណ្តាល នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៣ នេះ គាត់​មាន​សុខភាព​ធម្មតា​វិញ​ហើយៗ ករណី​ជំងឺផ្តាសាយបក្សី H5N1 ដែល​កើតឡើង​នៅ​ភូមិ​រលាំង ឃុំរំចេក ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង ដោយ​គិត​ត្រឹម​ថ្ងៃទី​២៦ ខែកុម្ភៈ ពុំទាន់​ឆ្លង​រាលដាល​ដល់​ភូមិ​ផ្សេងទៀត​នោះទេ​។


​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​លោកស្រី ឱ វណ្ឌ​ឌី​ន ថ្លែងថា ពាក់ព័ន្ធ​បញ្ហា​នេះ ក្រុមការងារ​ក្រសួងសុខាភិបាល កំពុងធ្វើការ​រួមគ្នា​យ៉ាង​យកចិត្តទុកដាក់​ជាមួយ​អាជ្ញាធរ​ខេត្តព្រៃវែង ក៏ដូចជា​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង ព្រមទាំង​មន្ត្រី​ជំនាញ​ខាង​ពេទ្យសត្វ ក្នុងការ​ធ្វើការ​អង្កេត ស្រាវជ្រាវ ស្វែងរក​អ្នក​ប៉ះពាល់​ជា​បន្តបន្ទាប់​។

​លោកស្រី​បន្តថា​៖«​ជាបឋម​យើង​ស្វែងរក​អ្នក​ប៉ះពាល់​កុមារី​ដែល​បាន​បាត់បង់​ជីវិត ហើយ​រកឃើញ​ឪពុក​របស់​កុមារី​មាន​ផ្ទុក​វីរុស H5N1 អ៊ីចឹ​ង​យើង​ត្រូវ​បន្ត​ស្វែងរក​អ្នក​ប៉ះពាល់​ជាមួយ​បុរស​អាយុ ៤៩​ឆ្នាំនេះ​»​។​

​លោកស្រី ឱ វណ្ឌ​ឌី​ន ថ្លែងថា ក្នុងនោះ​មន្ត្រី​សុខាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក៏បាន​ធ្វើការ​អប់រំ​សុខភាព ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីកន្លែង​កើតហេតុ​ឱ្យមាន​ការប្រុងប្រយ័ត្ន និង​ត្រូវ​រាយការណ៍​ទៅកាន់​អាជ្ញាធរ​ក្នុងករណី​មានការ​សង្ស័យ​អ្វីមួយ​។

លោកស្រី ក៏បាន​រំឭក​សា​ថ្មី ដោយ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​មានការ​ប្រយ័ត្នប្រយែង​ជាពិសេស​ត្រូវ​ចៀសវាង​ការប៉ះពាល់​ជាមួយនឹង​ប​សុ​បក្សី ដោយ​ត្រូវ​ចេះ​ការពារ​ខ្លួន​ដោយមាន​ស្រោមដៃ សម្អាត​ដៃ ព្រោះ​ការលាង​សម្អាត​ដៃ​ឱ្យបាន​ញឹកញាប់​នៅតែ​ជា​ចំណុច​សំខាន់​សម្រាប់​ការជួយ​ការពារ​ខ្លួន​ពី​ការឆ្លង​ជំងឺ​នេះ​។​

​ កុមារី​អាយុ​១១​ឆ្នាំ ៦​ខែ​ម្នា​ក់ស្លាប់​ដោយសារ​ជំងឺផ្តាសាយបក្សី H5N1 កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ភូមិ​រលាំង ឃុំ​រំចេក ស្រុក​ស៊ីធរ​កណ្ដាល ខេត្តព្រៃវែង​៕

វីដេអូ៖