ព្រៃវែងៈ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានបញ្ជាក់ នៅថ្ងៃទី ២៧ កុម្ភៈថា ស្ថានភាពជំងឺផ្តាសាយបក្សី H5N1 ដែលកើតមាននៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង នៅពេលនេះកំពុងស្ថិតក្រោមការគ្រប់គ្រងបានហើយ។
លោកស្រីមានប្រសាសន៍ថា៖ «មានតែ ២ ករណីនៃ H5N1 ត្រូវបានរកឃើញមកទល់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៣ ដែលបញ្ជាក់ដោយមន្ទីរពិសោធន៍។ ក្មេងស្រីម្នាក់អាយុ ១១ ឆ្នាំ ៦ ខែ បានទទួលមរណភាព ហើយឪពុករបស់នាង ត្រូវបានបញ្ជាក់ថា មានផ្ទុកមេរោគ H5N1 ក្រោមការមើលថែទាំ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក»។
លោកស្រី ឱ វណ្ណឌីន ថ្លែងបន្តថា មិនទាន់មានសញ្ញាណាដែលបង្ហាញថា វាមានការរាតត្បាតធំធេងនោះទេ ហើយអ្វីដែលកំពុងរង់ចាំគឺការធ្វើការសន្និដ្ឋានច្បាស់លាស់ពីក្រុមដែលគាត់បានចុះទៅអង្កេត និងស្រាវជ្រាវពីករណីនេះ។
លោកស្រីបញ្ជាក់ថា៖ «ប៉ុន្តែមកដល់ពេលនេះយើងមិនទាន់រកឃើញថា មានការឆ្លងទៅណាទៀតទេ ដែលនេះក៏ជាសញ្ញាមួយដ៏ល្អ សម្រាប់យើង ដែលយើងអាចគ្រប់គ្រងបានទាំងស្រុងហើយផងដែរនូវស្ថានភាពជំងឺនេះក្នុងតំបន់នោះ»។
បើតាមលោកស្រី ឱ វណ្ណឌីន បន្ទាប់ពីព្យាបាលឪពុកក្មេងស្រី វត្ថុសំណាកបន្ថែមរបស់គាត់ត្រូវបានយកទៅធ្វើតេស្ត និងទទួលបានលទ្ធផលអវិជ្ជមានបញ្ជាក់នាព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ប៉ុន្តែគាត់នៅតែស្ថិតក្នុងមន្ទីរពេទ្យដើម្បីបញ្ចប់វគ្គព្យាបាលរបស់គាត់តាម វិធីនៃការប្រើប្រាស់ថ្នាំ។
លោកស្រីបញ្ជាក់ថា៖ «ក្រុមគ្រូពេទ្យមិនទាន់ឱ្យគាត់ចេញទៅណានោះទេ ដូចទៅនឹងករណីជំងឺឆ្លងមួយចំនួនផងដែរ ដែលយើងត្រូវប្រុងប្រយ័ត្ន។ ដូច្នេះក្រុមគ្រូពេទ្យឱ្យគាត់ស្នាក់នៅបន្ត និងធ្វើការតាមដានទៀតដើម្បីឱ្យមានភាពច្បាស់លាស់ ហើយគាត់នៅបន្តពិសាថ្នាំ ហើយថ្នាំនេះមិនអាចឱ្យគាត់យកទៅពិសាខ្លួនគាត់កើតទេ គឺត្រូវឱ្យមានការត្រួតពិនិត្យត្រឹមត្រូវពីក្រុមគ្រូពេទ្យ ហើយគាត់ក៏ត្រូវពិសាឱ្យគ្រប់ចំនួនថ្ងៃត្រឹមត្រូវផងដែរ និងត្រូវពិនិត្យពិច័យជាបន្តទៀតដែរ»។
លោកស្រីបានឱ្យដឹងទៀតថា សរុបវត្ថុសំណាកចំនួន ២៩ ក្នុងនោះអ្នកប៉ះពាល់ផ្ទាល់ ១៦ នាក់ និងអ្នកមានជំងឺដូចជាគ្រុនផ្តាសាយ ១៣ នាក់ ដែលប្រមូលបានដោយក្រុមអង្កេតស្រាវជ្រាវត្រូវបានធ្វើតេស្តនៅមន្ទីរពិសោធន៍ទទួលបានលទ្ធផលអវិជ្ជមានទាំងអស់។
ជាមួយគ្នានេះលោកស្រី ឱ វណ្ណឌីន បានអំពាវនាវ ឱ្យប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្ន ដោយថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងអនុវត្តវិធានការការពារដោយការលាងដៃជាមួយនឹងសាប៊ូ និងទឹកស្អាតឱ្យបានទៀងទាត់ មិនត្រូវប៉ះ ឬនៅឱ្យឆ្ងាយពីសត្វបក្សីឈឺ ឬងាប់ បរិភោគអាហារឆ្អិនល្អ ជាដើម។
លោកស្រីថា ៖ «បើមានករណីសង្ស័យត្រូវរាយការណ៍មកអាជ្ញាធរសុខាភិបាលមូលដ្ឋានឬបើមានរោគសញ្ញាសង្ស័យ ត្រូវទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យក្បែរនោះ ឬទូរស័ព្ទទៅលេខ ១១៥»។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី ២៤ ខែកុម្ភៈ បានឱ្យដឹងថា ក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ មានករណីនៃជំងឺផ្តាសាយបក្សីចំនួន ២ ករណី បន្ទាប់ពីមិនបានរកឃើញវីរុសនេះលើខ្លួនមនុស្សអស់រយៈពេល ៩ ឆ្នាំកន្លងមកហើយនៅកម្ពុជា ដែលករណីចុងក្រោយនេះគឺជាករណីទី ៥៨ ដែលបានរកឃើញនៅថ្ងៃទី ២៣ ខែកុម្ភៈ ក្នុងនោះ មាន ៤៥ ករណី កើតលើកុមារអាយុក្រោម ១៤ ឆ្នាំ និង ៣១ ករណី ក្នុងចំណោមករណីទាំង ៥៨ ជានារី។
ក្រសួងបន្ថែមថា ចាប់តាំងពីមានជំងឺផ្តាសាយបក្សីលើកដំបូងនៅកម្ពុជាក្នុងឆ្នាំ ២០០៥ មកនៅក្នុងចំណោមអ្នកដែលមានឆ្លងវីរុសផ្តាសាយបក្សី H5N1 ចំនួន ៥៨ ករណីមានតែ ១៩ ករណីទេដែលមានជីវិត៕