ភ្នំពេញៈ ​ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រ​ធាន​សមាគម​សមាជិកសភា​កម្ពុជា​ដើម្បី​ប្រជារាស្ត្រ និង​ការអភិវឌ្ឍន៍ (CAPPD) ​លោកស្រី ម៉ែន សំអន បាន​ថ្លែងថា រាជរដ្ឋាភិបាល​បាននិងកំពុង​ខិតខំ​អភិវឌ្ឍ​វិស័យ​អប់រំ​ក្នុង​គោលបំណង​ឱ្យ​អ្នកសិក្សា​គ្រប់រូប​បានទទួល​ការអប់រំ​ប្រកបដោយ​គុណភាព សមធម៌ និង​បរិ​យា​ប័ន្ន និង​បង្កើត​កាលា​នុ​​វត្ត​ភាព​សិក្សា​ពេញ​១​ជីវិត​។​


​លោកស្រីបានលើកឡើង​ដូចនេះ​នៅ​ថ្ងៃទី​ ២៧ ខែកុម្ភៈ ក្នុង​ពិធី​បើក​​សិក្ខាសាលា​ស្តីពី «​ការផ្តល់​ភាព​អង់អាច​ដល់​យុវជន​៖​ការអប់រំ ការងារ និង​សុខភាព​»​ នៅ​មជ្ឈមណ្ឌល​ម៉ា​នី​អគារ​ដឹ​ខេ​ម​ភឹ​ស ​(The Kampus) ​រាជធានីភ្នំពេញ ដោយមាន​ការចូលរួម​ពី​ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ ក្រសួង​ស្ថាប័ន និង​អង្គការ​ដៃគូ​ជាច្រើន​ទាំង​ដោយផ្ទាល់ និង​តាមរយៈ​អន​ឡាញ​ផងដែរ​។​

​លោកស្រី ម៉ែន សំអន បាន​ថ្លែងថា​៖ «​ការកំណត់​ប្រធានបទ​នេះ គឺជា​ប្រធានបទ​សំខាន់​សម្រាប់​ក្មេង​ជំទង់ និង​យុវជន​ចាំបាច់​ត្រូវ​យល់ដឹង​បន្ថែមទៀត ពីព្រោះថា បញ្ហា​ទាំងនេះ មាន​ឥទ្ធិពល​ពេញ​១​ជីវិត​របស់​ពួកគាត់​»​។​


​ប្រធាន ​(CAPPD) ​រូបនេះ បានបញ្ជាក់​ផងដែរ​ពី​សារប្រយោជន៍​នៃ​ការអប់រំ និង​ការងារ​ដែល​ផ្តល់​ជា​ពុទ្ធិ និង​បណ្តុះ​ជា​គំនិត​សម្រាប់​ការអភិវឌ្ឍ សមត្ថភាព​របស់ខ្លួន និង​ការត្រៀមខ្លួន​សម្រាប់​ការចាប់យក​និង​ផ្គូផ្គង​អាជីព​ការងារ​សមស្រប​។

​លោកស្រី​ ម៉ែន សំអន បាន​បន្ដថា​៖ «​ស្របពេល​នេះដែរ ការយល់ដឹង​ទូលំ​​ទូលាយ​ពី​សុខភាព ជាពិសេស​សុខ​ភាព​ផ្លូវភេទ សុខភាព​បន្ត​ពូជ និង​សិទ្ធិ​ជា​កាតាលីករ​មួយ​ដ៏​សំខាន់​ដើម្បី​ជួយ​ដល់​យុវជន​ក្នុងការ​បង្ការ​ហានិភ័យ​សុខភាព​ផ្លូវភេទ ដែល​អាច​កើតមាន​ហើយ​អាច​ផ្តល់​ផលប៉ះពាល់​ទៅដល់ ការសិក្សា និង​អនាគត​របស់ខ្លួន​»​។​


​បរិបទ​នៃ​សង្គម​បច្ចុប្បន្ន ជាពិសេស​បន្ទាប់ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​ ១៩ ការកើនឡើង និង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា​ក៏ដូចជា​ឌី​ជី​ថ​លូ​ប​នីយកម្ម និង​បរិវត្ត​កម្ម​ឌីជីថល​តម្រូវឱ្យ​គ្រប់គ្នា​យកចិត្តទុកដាក់​បន្ថែម​ក្នុងការ​សម្រប និង​វិ​វ​ឌ្ឍ​ខ្លួន​ឱ្យ​សមស្រប​ទៅតាម​ការវិវឌ្ឍ​នៃ​វិស័យ​ទាំងអស់នេះ​ផងដែរ​។​

​លោកស្រី ម៉ែន សំអន បាន​លើក​ឡើង​ថា​៖ «​រាជរដ្ឋាភិបាល​បាននិងកំពុង​ខិតខំ​អភិវឌ្ឍ​វិស័យ​អប់រំ​ក្នុង​គោល​​បំណង​ឱ្យ​អ្នកសិក្សា​គ្រប់រូប​បានទទួល​ការអប់រំ​ប្រកបដោយ គុណភាព សម​ធម៌ និង​បរិ​យា​ប័ន្ន និង​បង្កើត​កាលា​នុ​​វត្ត​ភាព​សិក្សា​ពេញ​ ១ ​ជីវិត​។ ចំពោះ​វិស័យ​ការងារ​រាជរដ្ឋាភិបាល​ប្រឹង​ប្រែង​បង្កើន​មុខរបរ ធានា​លក្ខខណ្ឌ ការងារ​សមរម្យ អភិវឌ្ឍ​របប​សន្តិសុខ​សង្គម​និង​ពង្រឹង​ការផ្តល់សេវា​គាំទ្រ​»​។

​ជាមួយគ្នានេះ លោកស្រីក៏បាន​រំឭក​ផងដែរ​ថា វិស័យ​សុខាភិបាល ស្ថានភាព​សុខភាព​ប្រជាពលរដ្ឋ និង​ការផ្តល់សេវា​ថែទាំ​សុខភាព​ប្រកប​ដោយ​គុណភាព សុវត្ថិភាព ស័ក្តិសិទ្ធិ​ភាព និង​សមធម៌​ជា​អាទិភាព​ចម្បង​ដែលជា​និច្ចកាល​តែង​ផ្តោតលើ​ការ​ពង្រីក​ការ​គ្របដណ្តប់​នៃ​សេវា​សុខ​ភាព និង​អន្តរាគមន៍​សុខភាព​សា​ធា​រណៈ តាមរយៈ​កម្មវិធី​សុខភាព​បន្ត​ពូជ​សុខភាព​ផ្លូវភេទ សុខភាព​មាតា​ទារក កុមារ កម្មវិធី​អាហារូបត្ថម្ភ និង​ការប្រយុទ្ធ​នឹង​ជំងឺឆ្លង​និង​ជំងឺមិនឆ្លង​។​

​យោងតាម​គណៈកម្មការ​ទី​៧​ នៃ​រដ្ឋ​​សភា​បានឱ្យដឹង​ដែរ​ថា សិក្ខាសាលា​រយៈពេល​១​ថ្ងៃ​ពេញ​នេះ នឹង​ផ្តោត​ការ​ពិភាក្សា​លើ​ប្រធានបទ​សំខាន់ៗ​ចំនួន ​៣ ដែល​ក្នុងនោះ​រួមមាន ដំណោះ​​ស្រាយ​បញ្ហា​សិទ្ធិ និង​សុខភាព​បន្ត​ពូជ​របស់​យុវជន​ដើម្បី​សម្រេចបាន​សង្គម​មួយ​ដែលមាន​សុខភាព​ល្អ​។​

​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា​បាន​បន្ថែមថា​៖ «​ប្រធានបទ​ទី២ ​គឺ​អនាគត​ដែល​ត្រៀម​ជាស្រេច​សម្រាប់​ទាំងអស់គ្នា​៖​ការយល់ដឹង​អំពី​បរិវត្ត​កម្ម​ឌីជីថល​ប្រកបដោយ​បរិ​យា​ប័ន្ន សមធម៌ និង​គុណភាព​ក្នុង​ការអប់រំ​សម្រាប់​ទាំងអស់គ្នា និង​ទី៣ ​គឺ​អនាគត​ដែល​ត្រៀមជាស្រេច​សម្រាប់​ទាំងអស់គ្នា​៖ ការ​លើកកម្ពស់​បរិ​យា​ប័ន្ន​ឌីជីថល​សម្រាប់​សមត្ថភាព​ការងារ​យុវជន​»​។

​សូម​ជម្រាប​ផងដែរ​ថា សិក្ខាសាលា​នេះ ត្រូវបាន​រៀបចំឡើង​ដោយ​សមាគម​សភា​កម្ពុជា​ដើម្បី​ប្រជារាស្ត្រ និង​ការអភិវឌ្ឍ (CAPPD) និង​ដោយមាន​ការចូលរួម​ពី​សំណាក់​សមាជិក​រដ្ឋសភា និង​ព្រឹទ្ធសភា​កម្ពុជា​, គណៈ​​ប្រតិភូ​និង​សមាជិក​នៃ​វេទិកាសភា​អាស៊ី​ប៉ាស៊ីហ្វិក ​(AFPPD) តំណាង​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ វាគ្មិន​ជំនាញ និង​សិក្ខាកាម​សរុប​ចំនួន​ ១៥០ ​រូប​។​

​ទាក់ទង​នឹង​ការអប់រំ​នេះ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ធ្លាប់បាន​លើកឡើង​ដែរ​ថា ជានិច្ចកាលរាជ​រដ្ឋា​ភិ​បាល​កម្ពុជាតែងតែ​ផ្តល់​អាទិភាព​ទី១ ​ទៅលើ​ការអភិវឌ្ឍ​ធនធានមនុស្ស​ដើម្បី​លើកស្ទួយ និង​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា​៕