ភ្នំពេញៈ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នឹងប្រារព្វទិវានារីអន្តរជាតិ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ស្ដ្រី និងអំពាវនាវឱ្យមានវិធានការក្នុងការបង្កើនសមភាពយេនឌ័រ ខណៈដែលមានបុគ្គលខ្លះនៅតែមានឥរិយាបថប្រមាថក្នុងទម្រង់ផ្សេងៗមកលើស្ដ្រី តាមរយៈកាយវិការ និងពាក្យសម្ដីជាដើម។
យោងតាមសេចក្ដីថ្លែងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលចុះថ្ងៃទី២៧ ខែកុម្ភៈ ស្ដីការការប្រារព្វទិវានារីអន្តរជាតិ ដែលទិវានេះ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី៨ ខែមីនា ជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក ដើម្បីជាការអបអរសាទរចំពោះសមិទ្ធផលនៃការចូលរួមចំណែករបស់ស្ត្រីនៅក្នុងសកម្មភាពសង្គម សេដ្ឋកិច្ច វប្បធម៌ និងនយោបាយ។
ទិវានេះក៏ប្រារព្ធឡើងដើម្បីអំពាវនាវឱ្យមានវិធានការក្នុងការបង្កើនសមភាពយេនឌ័រផងដែរ ហើយចំពោះប្រធានបទសម្រាប់ទិវានារីអន្តរជាតិនៅឆ្នាំ២០២៣នេះគឺ «នវានុវត្តន៍ និងបច្ចេកវិទ្យាឌីជីថលដើម្បីសមភាពយេនឌ័រ»។
នាយកផ្នែកតស៊ូមតិ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក សួន យុធ្យា បានឱ្យដឹងថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ប្រារព្វធ្វើទិវានារីអន្តរជាតិនេះឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិស្ដ្រី ហើយនិងតួនាទីស្ដ្រីនៅក្នុងសង្គមបច្ចុប្បន្ននេះ។
លោកថ្លែងថា ការប្រារព្វទិវានេះ គឺមិនមែនមានន័យថា សិទ្ធិស្ដ្រី គឺត្រូវបានគេគោរពតែរយៈពេល១ថ្ងៃនេះនោះទេ គឺពីព្រោះមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានធ្វើទិវានេះឡើងដើម្បីជាសារទៅកាន់រាជរដ្ឋាភិបាលថា ត្រូវធ្វើយ៉ាងណា ក្នុងការគោរពសិទ្ធិស្ដ្រីឱ្យបានស្មើៗគ្នានៅក្នុងប្រទេសកម្ពុជា។
លោក ថ្លែងថា មិនមែនមានតែស្ដ្រីនោះទេ នៅមានក្រុមផ្សេងទៀតដែរដូចជា កុមារ ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងព្រមទាំងក្រុមជនជាតិដើមភាគតិចជាដើម ដែលត្រូវមានការគោរពសិទ្ធិឱ្យបានស្មើៗគ្នា ក្នុងនាមដែលរាជរដ្ឋាភិបាលកំពុងជាអ្នកដឹកនាំ និងអនុវត្តឱ្យមានការគោរពសិទ្ធិទាំងនេះ ហេតុនេះទើបមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានប្រារព្វទិវានេះឡើង។
លោក សួន យុធ្យា បានប្រាប់ថា៖ «យើងប្រារព្វទិវាសិទ្ធិនារីអន្តរជាតិនេះឡើង ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីសិទ្ធិស្ដ្រី ហើយនិងតួនាទីរបស់ស្ដ្រីនៅក្នុងសង្គមបច្ចុប្បន្ននេះ ប៉ុន្តែមិនមែនមានន័យថា សិទ្ធិស្ដ្រី គឺត្រូវបានគេគោរពតែ១ថ្ងៃនេះនោះទេ គឺយើងធ្វើទិវានេះឡើងដើម្បីជាការផ្ញើសារជូនទៅកាន់រាជរដ្ឋាភិបាលដែលមានកាតព្វកិច្ចធ្វើយ៉ាងណាគោរពសិទ្ធិស្ដ្រីឱ្យបានស្មើៗគ្នានៅក្នុងប្រទេសកម្ពុជាយើង»។
ទាក់ទិននឹងការប្រារព្ធទិវានារីអន្តរជាតិ ៨មីនា របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នេះ អគ្គនាយករង នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម នៃក្រសួងកិច្ចការនារី លោកស្រី ស ស៊ីណែត បានប្រាប់ថា ជុំវិញសកម្មភាពនៃការរៀចំប្រារព្វទិវានារីអន្តរជាតិដែលធ្វើឡើងដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ខាងក្រសួងត្រូវការពេលវេលា ដើម្បីពិភាក្សាគ្នា ដែលមិនទាន់អាចផ្ដល់យោបល់អ្វីបាននោះទេ។
យោងតាមឯកសារទស្សនទាន១របស់ក្រសួងកិច្ចការនារី កាលពីថ្ងៃទី១៦ ខែកុម្ភៈ ក្រសួងកិច្ចការនារី បានលើកឡើងថា ក្រសួងនឹងរៀបចំយុទ្ធនាការទិវានារីអន្ដរជាតិ ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ ក្នុងយុគសម័យឌីជីថល»។
ក្រសួងកិច្ចការនារីលើកឡើងថា៖ «ឆ្លើយតបនឹងមូលបទនេះ យើងត្រូវរួមគ្នាបន្តលើកកម្ពស់ និងជំរុញការអនុវត្តគោលនយោបាយពង្រឹង សមភាពយេនឌ័ររបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុក ស្ត្រីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ និងការងារបញ្ជ្រាបយេនឌ័រ ដែលជាកិច្ចការអន្តរវិស័យ ក្នុងការធានាបាននូវចីរភាពនៃសុខសន្តិភាព និងពន្លឿនល្បឿន នៃកិច្ចអភិវឌ្ឍន៍ជាតិ ជាពិសេសក្នុងយុគសម័យឌីជីថល និងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០»។
សូមបញ្ជាក់ថា យុទ្ធនាការ ៨មីនា គឺជាព្រឹត្តិការណ៍ជាសកល ដែលមហាសន្និបាតអង្គការសហប្រជាជាតិ បានប្រកាសជា ទិវារបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិស្ត្រី និងសន្តិភាពពិភពលោក នាឆ្នាំ១៩៧៧។ ជារៀងរាល់ឆ្នាំ ប្រទេសកម្ពុជា បានរៀបចំយុទ្ធនាការទិវានារីអន្តរជាតិ ៨មីនា ដើម្បីរំឭកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំង អំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្ដេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា ក្នុងការសម្រេចបាននូវសមភាព យេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីគ្រប់រូប៕