ភ្នំពេញៈ អង្គការ​សុខភាព​ពិភពលោក (WHO) បានផ្តល់​ឱសថ​ឈ្មោះ Tamiflu (oseltamivir Capsules) សម្រាប់​ព្យាបាល​និង​បង្ការ​ជំងឺផ្តាសាយបក្សី ដល់​ក្រសួងសុខាភិបាល​កម្ពុជា ចំនួន ៣ ០០០ ដូ​ស ​តាមរយៈ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង (CDC)​។​ យោងតាម​ការផ្សព្វផ្សាយរបស់នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង (CDC) នៅ​ថ្ងៃទី​ ២៨ ខែកុម្ភៈ។


​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បាន​បញ្ជាក់ថា ៖ «​ឱសថ​នេះ​ទទួលបាន​ជំនួយ​ពី​អង្គការ​សុខភាព​ពិភពលោក (WHO) នឹង​ប្រើ​សម្រាប់​ឆ្លើយតប​ការ​រាតត្បាត​ផ្តាសាយ​បក្សី H5N1 នៅ​ខេត្តព្រៃវែង​និង​ខេត្ត​ដទៃទៀត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែក​អាច​កើតមាន​រាតត្បាត​ជាយថាហេតុ​»​។​

​ បើតាម​នាយក​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បានឱ្យដឹង​ថា រហូតដល់​ពេលនេះ នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ជំងឺ​ផ្តាសាយ​ចំនួន​២​ករណី​ប៉ុណ្ណោះ ដែល​ករណី​ទី​១ ជា​កុមារី​អាយុ​១១​ឆ្នាំ​បាន​ស្លាប់ និង​ករណី​ទី​២ ជា​ឪពុក​កុមារី ដែល​បានជា​សះស្បើយ​និង​ចេញពី​មន្ទីរពេទ្យ នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ​​។​


​ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បាន​បញ្ជាក់ថា៖ «​តាម​លទ្ធផល​អង្កេត​ស្រាវជ្រាវ​រកឃើញថា ពួកគាត់​ទាំង​២​នាក់​ឆ្លង​មកពី​សត្វ​បក្សី​ក្នុងភូមិ មិនមាន​ការរកឃើញ​ឆ្លង​ពី​ឪពុក​និង​កូន​ទេ​»​។​

​​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ថ្លែងថា បុរស​ដែលជា​ឪពុក​របស់​កុមារី​ដែល​បាន​ឆ្លងផ្ដាសាយ​បក្សី H5N1 ត្រូវបាន​ក្រុមគ្រូពេទ្យ​អនុញ្ញាត​ឱ្យ​ចាក​ចេញពី​មន្ទីរពេទ្យ បន្ទាប់ពី​លទ្ធផល​តេស្ដអវិជ្ជមាន​ជា​លើក​ទី​៣ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​គ្រូពេទ្យ​តម្រូវ​ឱ្យបន្ដ​នៅ​ដាច់ដោយឡែក​ពី​សមាជិកគ្រួសារ​រយៈពេល ២ ទៅ​៣​ថ្ងៃ​ទៀត​ដែរ​។​


​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌី​ន នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ​ បានអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺផ្តាសាយបក្សី H5N1 ដែល​អត្រា​មរណភាព​របស់​បុគ្គល​ដែល​បាន​ឆ្លង​ជំងឺ​នេះ​ពី​ប​សុ​បក្សី គឺ​ខ្ពស់ជាង​ការឆ្លង​មេរោគ​កូ​វីដ​១៩​។​

​សូម​រំ​ឭក​ផងដែរ​ថា កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ​ ក្រសួង​បាន​រកឃើញ​មាន​ករណី​ឆ្លង​ជំងឺផ្តាសាយបក្សី​H5N1 នៅក្នុង​ខេត្តព្រៃវែង ដែល​បាន​បណ្តាលឱ្យ​កុមារី​អាយុ​១១​ឆ្នាំ ៦​ខែ ម្នាក់ស្លាប់បាត់​បង់ជីវិត ហើយ​ជំងឺ​នេះ​បាន​ឆ្លង​ទៅដល់​ឪពុក​របស់​ក្មេងស្រី​នោះ​ ប៉ុន្តែ​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល និង​បានធ្វើ​តេស្ត​អវិជ្ជមាន​ផងដែរ កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ ប៉ុន្តែ​គាត់​នៅតែ​ស្ថិតក្នុង​មន្ទីរពេទ្យ​ដើម្បី​បញ្ចប់​វគ្គ​ព្យាបាល​របស់គាត់​តាម​ពិធីការ​នៃ​ការប្រើប្រាស់​ថ្នាំ​។​

​ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ បានឱ្យដឹងថា កម្ពុជា​បាន​រកឃើញ​២​ករណី​នៃ​ជំងឺផ្តាសាយបក្សី​H5N1 ក្នុង​ខែកុម្ភៈ បន្ទាប់ពី​មិនបាន​រកឃើញ​វីរុស​នេះ​លើ​ខ្លួន​មនុស្ស​អស់​រយៈពេល​៩​ឆ្នាំ​កន្លងមកហើយ ដែល​ករណី​ចុង​ក្រោយនេះ​ជា​ករណី​លើក​ទី​៥៨ ដែល​ក្នុងនោះ​មាន​៤៥​ករណី​កើត​លើ​កុមារ​អាយុ​ក្រោម​១៤​ឆ្នាំ និង​៣១​ករណី​ក្នុងចំណោម​ករណី​ទាំង​៥៨ ជានា​រី​៕