ការបញ្ជ្រាបយេនឌ័រក្នុងវិស័យអប់រំ ជាកិច្ចការដ៏សំខាន់ក្នុងការរួមចំណែកអនុវត្តយុទ្ធស្រាស្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ និងផែនការយុទ្ធសាស្ដ្រនារីរតនៈទី៥ ២០១៩-២០២៣ ដែលសំដៅពង្រឹងសមភាពយេនឌ័រនៅគ្រប់កម្រិត និងពង្រឹងតួនាទីស្ដ្រីដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ។ក្រសួងអប់រំ យុវជន និងកីឡា បានអនុវត្តផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យអប់រំ ២០១៦-២០២០ កន្លងមក ដើម្បីលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យអប់រំ តាមរយៈ ការសម្រេចសមភាពយេនឌ័រក្នុងវិស័យអប់រំ ការបង្កើនការចូលរួមរបស់បុគ្គលិកអប់រំ ជាស្ដ្រីក្នុងការគ្រប់គ្រងវិស័យអប់រំ និងកសាងឥរិយាបថវិជ្ជមានរបស់សង្គម។ ដូចនេះខ្លឹមសារអត្ថបទនេះ នឹងផ្តោតសំខាន់ទៅលើការលើកកម្ពស់ និងបញ្ជ្រាបសមភាពយេនឌ័រក្នុងវិស័យអប់រំ។
ក្រសួងអប់រំ យុវជន និង កីឡា កំណត់ច្បាស់ថា ការអប់រំ គឺជាឧបករណ៍ដ៏សំខាន់សម្រាប់ធានាសមភាព និងការផ្ដល់អំណាចស្ត្រី។ សារៈសំខាន់នៃការលុបបំបាត់គម្លាតយេនឌ័រគឺត្រូវខិតខំអនុវត្តឱ្យបានល្អនូវការចុះឈ្មោះចូលរៀនរបស់សិស្ស ការបណ្តុះបណ្តាល និងការអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀន កម្មវិធីសិក្សា និងលំនាំនៃការសិក្សាដើម្បីឱ្យសិស្សទទួលបានលទ្ធផលល្អ និងបញ្ចប់ការសិក្សាដោយជោគជ័យនៅក្នុងប្រព័ន្ធអប់រំទាំងមូល។ ប្រការនេះត្រូវបានឆ្លុះបញ្ចាំង តាមរយៈការអនុវត្តគោលការណ៍សមធម៌ក្នុងការចូលរៀន ពោលគឺការផ្ដល់អាហារូបករណ៍ដល់សិស្សក្រីក្រ ជាពិសេសសិស្សស្រី ការកសាងអន្តេវាសិកដ្ឋានសម្រាប់សិស្ស គរុសិស្ស និងនិស្សិតស្ត្រី។ ការកសាងអគារសិក្សា និងការបង្កើតអនុវិទ្យាល័យលើមូលដា្ឋនសាលាបឋមសិក្សាដែលមានស្រាប់ ដោយបន្ថែមគ្រូ និងបន្ទប់រៀន បានផ្ដល់ឱកាសឱ្យសិស្សស្រីបានរៀនបន្ត និងបញ្ចប់ការសិក្សាយ៉ាងតិច ៩ ឆ្នាំ និងខ្ពស់ជាង។ ក្នុងការលើកកម្ពស់សមត្ថភាព និងតួនាទីរបស់ស្ត្រី ក្រសួងអប់រំ យុវជន និង កីឡា បានបើកវគ្គបណ្តុះបណ្តាល និងបំប៉នលើជំនាញរដ្ឋបាល គ្រប់គ្រង ការយល់ដឹងពីយេនឌ័រ ការបញ្ជ្រាបយេនឌ័រទៅក្នុងការអភិវឌ្ឍគោលនយោបាយផែនការ និងកម្មវិធីនានា។
ដើម្បីឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤ ស្តីពីការអប់រំ និងគោលដៅទី៥ ស្តីពីសមភាពយេនឌ័រ ក្រសួងអប់រំ យុវជន និងកីឡា មានវិធានការអាទិភាពមួយចំនួន៖ (១) ធានាសម្រេចឱ្យបានសមភាពយេនឌ័រក្នុងការចូលរៀន និងរៀនប្រកបដោយគុណភាពនៅគ្រប់សេវាអប់រំទាំងក្នុង និងក្រៅប្រព័ន្ធ (២) ធានាបង្កើនការចូលរួមរបស់បុគ្គលិកអប់រំជានារីក្នុងការផ្ដល់សេវាអប់រំ (៣) ធានាកសាងបរិស្ថានអប់រំ និងឥរិយាបថវិជ្ជមានរបស់សង្គម ដើម្បីឆ្លើយតបទៅនឹងយេនឌ័រ (៤) ចុះអន្តរាគមន៍ និងចាត់វិធានការឱ្យមានប្រសិទ្ធភាព ដើម្បីបង្កើនការទទួលបានការអប់រំសម្រាប់កុមារី រាប់បញ្ចូលទាំងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធនិងបង្កើនចំនួនសាលាមធ្យមសិក្សា ជាពិសេសនៅតាមឃុំ សង្កាត់ (៥) អន្តរាគមន៍ និងចាត់វិធានការនានា សំដៅធានាឱ្យបាននូវការរក្សាសិស្សស្រីនៅក្នុងសាលារៀន ជាពិសេស ការបន្តការសិក្សាពីកម្រិតបឋមសិក្សាទៅមធ្យមសិក្សា និងឧត្តមសិក្សា (៦) អន្តរាគមន៍ និងចាត់វិធានការនានាសំដៅជំរុញនិងលើកទឹកចិត្តនិស្សិតនារីឱ្យជ្រើសរើសយកមុខវិជ្ជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងគណិតវិទ្យា ក៏ដូចជាកម្មវិធីតម្រង់ទិសសិក្សា និងប្រឹក្សាអាជីពដល់សិស្សស្រីនៅមធ្យមសិក្សាទុតិយភូមិ និងឧត្តមសិក្សា (៧) ការអប់រំអំពីសិទ្ធិផ្លូវភេទ និងសិទ្ធិបន្តពូជនៅតាមសាលារៀន ទំនាក់ទំនងយេនឌ័រ និងការប្រព្រឹត្តផ្លូវភេទ ដែលមានការទទួលខុសត្រូវ ដើម្បីទប់ស្កាត់ការមានគភ៌វ័យក្មេង (៨) ការលើកកម្ពស់គុណភាពនៃការអប់រំ តាមរយៈការបណ្តុះបណ្តាលគ្រូបង្រៀន និងធានាថា គ្រូបង្រៀន ទទួលបានប្រាក់បំណាច់គ្រប់គ្រាន់ (៩) ពិនិត្យឡើងវិញពាក់កណ្តាលអាណត្តិ ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យអប់រំ ២០១៦-២០២០ (១០) រៀបចំផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យអប់រំ ២០២១-២០២៥ (១១) បន្តបំប៉នសមត្ថភាពស្តីពី «ការបញ្ជ្រាបយេនឌ័រនៅក្នុងការបណ្តុះបណ្តាលគ្រូបង្រៀន» ដើម្បីជួយបំប៉នបន្តដល់គណ:គ្រប់គ្រង និងគ្រូឧទ្ទេសនៅតាមវិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានគរុកោសល្យ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ និងសាលាគរុកោសល្យ និងវិក្រឹតការ និង (១២) បន្តបំប៉នសមត្ថភាពស្តីពី «ការបង្កើត និងគ្រប់គ្រងទីប្រឹក្សាកុមារី» ដល់នាយកសាលា និងទីប្រឹក្សាកុមារី ដើម្បីជួយផ្ដល់ប្រឹក្សាដល់កុមារីមានបញ្ហានៅតាមសាលារៀន។
លទ្ធផលដែលក្រសួងអប់រំ យុវជន និងកីឡា សម្រេចបានតាមរយៈការអនុវត្តផែនការយុទ្ធសាស្ដ្របញ្ជ្រាបយេនឌ័រក្នុងវិស័យអប់រំ ២០១៦-២០២០ សបញ្ជាក់ឱ្យឃើញពី៖ (១) កុមារា កុមារីទទួលសេវាអប់រំកុមារតូចគ្រប់រូបភាព មានភាពប្រហាក់ប្រហែលគ្នា ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក ដោយសន្ទស្សន៍យុគភាពយេនឌ័រនៅបន្ដស្មើនឹង ១,០ (២) ការចូលរៀននៅបឋមសិក្សារបស់កុមារា និងកុមារី គឺមានសមភាពយេនឌ័រ ដោយមានសន្ទស្សន៍យុគភាពយេនឌ័រនៃអត្រារួម និងអត្រាពិតនៃការសិក្សា ស្ថិតនៅក្នុងរង្វង់ ១,០ (៣) សន្ទស្សន៍យុគភាពយេនឌ័រនៅមធ្យមសិក្សាទុតិយភូមិគឺ ១,៣ បង្ហាញពីការបន្ដការសិក្សារបស់សិស្សស្រីខ្ពស់ជាងសិស្សប្រុសនៅមធ្យមសិក្សាទុតិយភូមិ (៤) អត្រារួមនៃការសិក្សានៅឧត្តមសិក្សាគឺ ១២,០ ភាគរយ (ប្រុស ១២,២ភាគរយ ស្រី ១១,៨ ភាគរយ) នៅឆ្នាំសិក្សា ២០១៩-២០២០ (៥) អត្រាអក្ខរភាពបុរស និងស្ដ្រីខុសគ្នាច្រើនតាមក្រុមអាយុ និងទីតាំងភូមិសាស្ដ្រ ប៉ុន្ដែអត្រារបស់ស្ដ្រីខ្ពស់ជាងបុរសបន្ដិចបន្ដួចចំពោះក្រុមអាយុ ១៥-១៩ ឆ្នាំ ហើយទាបជាងខ្លាំងធៀបនឹងក្រុមអាយុ ៦០ ឆ្នាំឡើង (៦) ផ្នែកយុវជន និងអប់រំកាយ និងកីឡា ក៏មានសមភាពយេនឌ័ររវាងសិស្សប្រុស និងសិស្សស្រី ក្នុងការចូលរួមកម្មវិធីស្ម័គ្រចិត្ត ការអភិវឌ្ឍសមត្ថភាពយុវជន ការប្រកួតកីឡាថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ (៧) កំណើនចំនួនស្ដ្រីជាមន្ដ្រីរាជការគ្រប់កម្រិត និង (៨) ការពង្រឹងសមត្ថភាពស្ដ្រីក្នុងភាពជាអ្នកដឹកនាំ តាមរយៈការចូលរួមវគ្គបណ្ដុះបណ្ដាលនានា និងការបន្ដការសិក្សានៅក្រៅប្រទេសជាដើម។
ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងអនុវត្តផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យអប់រំ ២០២១-២០២៥ ដោយផ្អែកលើវឌ្ឍនភាព និងបញ្ហាប្រឈមនានានៃការអនុវត្ត ផែនការយុទ្ធសាស្ដ្របញ្ជ្រាបយេនឌ័រក្នុងវិស័យអប់រំ ២០១៦-២០២០ និងគ្របដណ្ដប់លើគ្រប់អនុវិស័យ សំដៅលុបបំបាត់អំពើហឹង្សា ការជួញដូរស្ដ្រីនិងកុមារ ការកេងប្រវ័ញ្ចរំលោភបំពានផ្លូវភេទគ្រប់រូបភាព ការផ្ដល់សេវាអប់រំប្រកបដោយគុណភាព សមធម៌ បរិយាបន្ន ការផ្ដល់ភាពអង់អាចដល់ស្ដ្រី ព្រមទាំងបន្ដលើកកម្ពស់ការចូលរួមរបស់ស្ដ្រីក្នុងការងារគ្រប់គ្រង និងដឹកនាំឱ្យកាន់តែប្រសើរ ឡើង។ ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យអប់រំ ២០២១-២០២៥ មានចក្ខុវិស័យ លុបបំបាត់គម្លាតយេនឌ័រ ដើម្បីទាំងអស់គ្នាទទួលបានឱកាសពេញលេញ និងស្មើភាពពីសេវាអប់រំ និងមានបេសកកម្ម ក្នុងការផ្ដល់លទ្ធភាពឱ្យកុមារ និងមនុស្សពេញវ័យទទួលបានអត្ថប្រយោជន៍ដូចគ្នា ទាំងការចុះឈ្មោះចូលរៀន ការបន្ដការសិក្សា និងលទ្ធផលសិក្សានៅគ្រប់កម្រិត និងគ្រប់ទិដ្ឋភាពនៅទូទាំងប្រទេស។ ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យអប់រំនេះ មានគោលបំណង «ធានាឱ្យកុមារ និងមនុស្សពេញវ័យ ទទួលបានសេវាអប់រំប្រកបដោយសមភាព សមធម៌ បរិយាបន្ន និងសម្រេចបានលទ្ធផលសិក្សា ប្រកបដោយគុណភាព និងប្រសិទ្ធភាព។
ដើម្បីសម្រេចគោលបំណងនេះ ក្រសួងបានដាក់ចេញនូវគោលដៅចំនួន ៣ ដូចជា៖ (១) ធានាសម្រេចឱ្យបានសមភាពយេនឌ័រក្នុងការចូលរៀន និងរៀនប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ននៅគ្រប់សេវាអប់រំទាំងក្នុង និងក្រៅប្រព័ន្ធ (២) ធានាបង្កើនការចូលរួមរបស់បុគ្គលិកអប់រំជានារីក្នុងការផ្ដល់សេវាអប់រំ និង (៣) ធានាកសាងបរិស្ថានអប់រំ និងបណ្ដុះឥរិយាបថវិជ្ជមានរបស់សង្គមដើម្បីឆ្លើយតបទៅនឹងយេនឌ័រ។ ដើម្បីធានាបានការសម្រេចសមភាពយេនឌ័រក្នុងវិស័យអប់រំ ក្រសួងបានដាក់នូវយុទ្ធសាស្ដ្រដូចខាងក្រោម៖ (១) ស្រាវជ្រាវ ធ្វើការវិភាគ ផ្សព្វផ្សាយព័ត៌មាន និងលើកកម្ពស់ការយល់ដឹងអំពីយេនឌ័រ ពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ (២) បញ្ចុះបញ្ចូល និងស្វែងរកការគាំទ្រ (៣) ពង្រឹងការអភិវឌ្ឍសមត្ថភាព (៤) បញ្ជ្រាបយេនឌ័រក្នុងដំណើរការរៀន និងបង្រៀន តាមរយៈកម្មវិធីសិក្សា កម្មវិធីបណ្ដុះបណ្ដាលគ្រូ ការដឹកនាំនិងការគ្រប់គ្រងអង្គភាពនិងសាលារៀន និងការរៀបចំបរិស្ថានអប់រំឆ្លើយតបនឹងយេនឌ័រ (៥) លើកកម្ពស់សកម្មភាពឆ្លើយតបនឹងយេនឌ័រ និងការពិនិត្យតាមដាន និង (៦) បង្កើនភាពជាដៃគូ។
ជារួម ក្រសួងអប់រំ យុវជន និង កីឡា បានប្ដេជ្ញាចិត្តលើកកម្ពស់សមភាពយេនឌ័រក្នុងការទទួលបានសេវាអប់រំប្រកបដោយគុណភាពសមធម៌ បរិយាបន្ន និងឱកាសសិក្សាពេញមួយជីវិត ការបង្កើនការចូលរួមរបស់បុគ្គលិកអប់រំជានារីក្នុងការផ្ដល់សេវាអប់រំ និងការកសាងបរិស្ថានអប់រំ និងឥរិយាបថវិជ្ជមានរបស់សង្គម ដើម្បីឆ្លើយតបទៅនឹងសមភាពយេនឌ័រ។
ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ ក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធនានា នឹងបន្ដខិតខំអនុវត្តផែនការយុទ្ធសាស្ដ្រនេះ ឱ្យទទួលបានលទ្ធផលល្អ ដើម្បីអនាគតកុមារ និងយុវជនជំនាន់ក្រោយ៕